
ក្រុងព្រះវិហារ៖ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងលោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានអញ្ជើញដឹកនាំមន្រ្តីរាជការធ្វើពិធីបួងសួងនៅប្រាសាទព្រះវិហារ និងផ្នូរស្តេចដំរី-ស ដើម្បីបួងសួងសុំសេចក្ដីសុខជូនប្រទេសកម្ពុជា…។

ក្រៅពីប្រាសាទព្រះវិហារ និងផ្នូរស្តេចដំរី-ស ថ្នាក់ដឹកនាំខេត្តក៏បានរៀបចំពិធីបួងសួងនៅរមណីយដ្ឋានប្រាសាទកោះកេរ ផងដែរ ដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនដល់ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា និងប្រជារាស្ត្រខ្មែរទាំងអស់ កដូចជាឧទ្ទិសដល់បារមីវត្ថុស័ក្តិសិទ្ធិ ព្រះវិញ្ញាណក្ខន្តព្រះមហាវីរក្សត្រគ្រប់ជំនាន់ ដួងព្រលឹងបុព្វបុរសខ្មែរ សូមជួយឃុំគ្រងថែរក្សាដែនដីសុវណ្ណភូមិកម្ពុជាឱ្យស្ថិតស្ថេររុងរឿងជាអមតៈ។ ប្រសាទព្រះវិហារ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត។

ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជា ត្រូវបានពិភពលោកទទួលស្គាល់ថាស្ថិតក្នុងបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងពិតប្រាកដ ក្រោយតុលាការយុត្តិធម៌អន្ដរជាតិ បានប្រកាសសាលក្រមជាផ្លូវការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។ ប៉ុន្តែដោយសារការឈ្លានពានចង់បានទឹកដីទាំងកំរោលរបស់យោធាថៃ បានវាយប្រហារកម្ពុជា ជាលើកទី២ រយៈពេលជាង២០ថ្ងៃ ចាប់ពីថ្ងៃទី៧ធ្នូ ដល់ថ្ងៃ២៧ធ្នូ ឆ្នាំ២០២៥ ប្រាសាទព្រះវិហារ បានរងនូវការខូចខាតស្ទើរទាំងស្រុងប្រមាណ៥៦២ទីតាំង ដែលធ្វើឱ្យកម្ពុជាត្រូវចំណាយពេលអាចដល់៣០ឆ្នាំ និងថវិការាប់សិបលានដុល្លារ ស្រោចស្រង់សម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះឱ្យជាសះស្បើយពីរបួសនៃការឈ្លានពាននេះឡើងវិញ៕







