ភ្នំពេញ-កំពង់សោម រលាស់ខ្លួនក្លាយជាបេះដូងសេដ្ឋកិច្ចថ្មីនៅអាស៊ីអាគ្នេយ៍
ហៀប ស៊ីថេត
14 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងសមរភូមិសេដ្ឋកិច្ចនៃទីក្រុងធំៗនៅអាស៊ីអាគ្នេយ៍ដីគោក កម្ពុជាបានបង្ហាញវត្តមានយ៉ាងលេចធ្លោជាមួយនឹងទីក្រុងយុទ្ធសាស្ត្រចំនួន២គឺ រាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ឬកំពង់សោម។ យោងតាមទិន្នន័យប៉ាន់ស្មានចុងក្រោយសម្រាប់ឆ្នាំ២០២៥ រាជធានីភ្នំពេញ មិនត្រឹមតែជាបេះដូងសម្រាប់ឆាកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែគឺជាម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់បំផុត ដែលបាននិងកំពុងរុញច្រានកម្ពុជាឱ្យឈរស្មើមុខស្មើមាត់លើឆាកតំបន់ និងអន្តរជាតិ។ នេះបើយោងតាមការដកស្រង់ទិន្នន័យពី IMF, World Bank និងBrookings Institution ដែលកែសម្រួលសម្រាប់ឆ្នាំ២០២៥-២០២៦។

ជាមួយនឹងទំហំ GDP ប្រមាណ២០ពាន់លានដុល្លារ រាជធានីភ្នំពេញ បានក្លាយជាចំណុចស្នូលនៃសេដ្ឋកិច្ចកម្ពុជា។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺជិតពាក់កណ្តាលនៃសេដ្ឋកិច្ចជាតិទាំងមូល ត្រូវបានប្រមូលផ្តុំនៅក្នុងរាជធានីមួយនេះ។ បើទោះបីជាត្រូវប្រកួតប្រជែងជាមួយទីក្រុងឧស្សាហកម្មយក្សៗរបស់ថៃ និងវៀតណាមក៏ដោយ ក៏រាជធានីភ្នំពេញនៅតែអាចរក្សាតំណែងក្នុងលំដាប់កំពូល និងបង្ហាញពីសក្តានុពលនៃការទាក់ទាញវិនិយោគ និងវិស័យសេវាកម្មដ៏រឹងមាំ។

ចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុតមួយទៀត គឺវត្តមានរបស់ទីក្រុងព្រះសីហនុ ឬកំពង់សោម ដែលមាន GDP ប្រមាណ៩ពាន់លានដុល្លារ។ តួលេខនេះ បានធ្វើឱ្យកំពង់សោមឈរនៅលំដាប់ស្មើនឹងទីក្រុងខនកេនរបស់ថៃ និងទីក្រុងកឹងធើ របស់វៀតណាមផងដែរ ដោយទឹកដីនេះ ជាអតីតខេត្តព្រែកឫស្សីរបស់ប្រទេសកម្ពុជា ដែលបងបញអូនខ្មែរស្គាល់ថា ជា«ដែនដីកម្ពុជាក្រោម»។ នេះគឺជាសញ្ញាណច្បាស់ក្រឡែតថា កំពង់សោម លែងគ្រាន់តែជាក្រុងទេសចរណ៍ទៀតហើយ ប៉ុន្តែគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងកំពង់ផែសមុទ្ទដ៏មានឥទ្ធិពលបំផុតមមួយក្នុងតំបន់។

ទិន្នន័យនេះ បង្ហាញថា កម្ពុជាកំពុងដើរលើផ្លូវសេដ្ឋកិច្ចមួយផ្អែកលើ«ប៉ូលសេដ្ឋកិច្ចភ្លោះ» គឺ ភ្នំពេញ-កំពង់សោម ខណៈរាជធានីភ្នំពេញដែលជាបេះដូងនៃប្រទេសកម្ពុជា បានក្តោបក្តាប់ដង្ហើមសេដ្ឋកិច្ចជាតិ ខណៈក្រុងកំពង់សោម កំពុងរៀបចំខ្លួនធ្វើជាច្រកទ្វារសេដ្ឋកិច្ចថ្មី ដណ្ដើមយកចំណែកទីផ្សារសកល នេះមិនទាន់គិតដល់ពេលដែលព្រែកជីកហ្វូណនតេជោ ដំណើរការផង នោះសក្តានុពលសេដ្ឋកិច្ចខេត្តព្រះសីហនុអាចនឹងហក់ឡើងទ្វេ ឬពហុដងនៃចំនួនបច្ចុប្បន្ននេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត