
សៀមរាប៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមៗ ខណៈមនុស្ស៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល។ ឧបទ្ទវហេតុនេះបានកើតឡើងនៅចំណុចខ្លោងទ្វារខាងត្បូងនៃប្រាសាទបាយ័ន បង្កការភ្ញាក់ផ្អើលកាលពីល្ងាចម៉ោង៥:៥០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
យោងតាមការបញ្ជាក់ពីពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុមានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់បក់បោកយ៉ាងខ្លាំង ស្រាប់តែភ្លាមៗនោះដើមឈើដ៏ធំក្បែរទន្លេអុំបានរលំមកសង្កត់បង្កាន់ដៃស្ពាន ព្រមទាំងរ៉ឺម៉កម៉ូតូដឹកភ្ញៀវដែលកំពុងធ្វើដំណើរឆ្លងកាត់ បណ្តាលឱ្យភ្ញៀវទេសចរជនជាតិខ្មែរម្នាក់ ឈ្មោះ អុន ខូយ អាយុ៦៥ឆ្នាំ ភេទប្រុស បានបាត់បងជីវិត ខណៈមនុស្ស៣នាក់ទៀតរងរបួសធ្ងន់ និងស្រាល។ បន្ទាប់ពីកើតហេតុរួច អាជ្ញាធរនិងកម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីកន្លែងកើតហេតុ ធ្វើការសង្រ្គោះដល់អ្នករងរបួសយកមកកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងអន្តរាគមន៍សម្រួលដល់ការធ្វើចរាចរណ៍ផងដែរ។

ក្រោយមានការយល់ច្រលំថាអ្នកស្លាប់ជាអ្នករត់រ៉ឺម៉ក ចៅរបស់ជនរងគ្រោះឈ្មោះ ទូច ស្រីនុច បានអះអាងប្រាប់ SBM News តាមទូរសព្ទនារសៀលថ្ងៃទី២៤កក្កដានេះថា លោកតារបស់នាងមានតួនាទីជាមេភូមិរលួស ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ។ លោកបានធ្វើដំណើរទៅខេត្តសៀមរាបដើម្បីចូលរួមសិក្ខាសាលា ស្របពេលនោះលោកក៏ឆ្លៀតទៅទស្សនាប្រាសាទនានាក្នុងតំបន់អង្គរ រួចជាអកុសលក៏បានជួបឧបទ្ទវហេតុនេះ។
ស្រីនុចបាននិយាយថា៖ «ជនរងគ្រោះដែលស្លាប់ហ្នឹងមិនមែនជាអ្នករត់កង់បីទេ គាត់គឺជាភ្ញៀវទស្សកិច្ចនៅសៀមរាប ដូច្នេះគាត់ជាអ្នកដំណើរទេ ឯអ្នករត់កង់បីនោះគាត់រងរបួស»។ សាច់ញាតិជនរងគ្រោះរូបនេះបានបញ្ជាក់ឱ្យដឹងថា សពលោកតានាងបានមកដល់ស្រុកកោះអណ្តែតវិញនាម៉ោង៣ទាបភ្លឺ ហើយពេលនេះកំពុងរៀបចំបុណ្យតាមប្រពៃណី។

ជាមួយគ្នានេះ ស្រីនុចក៏សរសេរសំណេរក្នុងចិត្តមួយលើបណ្ដាញសង្គមហ្វេសប៊ុក ដោយមានខ្លឹមសារថា៖ «លោកតារបស់ខ្ញុំគាត់ស្រឡាញ់ប្រាសាទគាត់ចូលចិត្តទៅលេងសៀមរាបណាស់ គាត់តែងតែនិយាយប្រាប់កូនចៅថាថ្ងៃណាគាត់មានលុយគាត់ចង់ជិះយន្តហោះទៅសៀមរាបឱ្យបានម្ដងព្រោះរាល់ដងគាត់ទៅជិះតែឡាន និងចង់នាំកូនចៅគាត់ទៅលេងឱ្យបានគ្រប់គ្នា តែអកុសលគាត់បានបាត់បង់ជីវិតនៅ លើទឹកដីដែលគាត់ស្រឡាញ់ទៅវិញ ( រឺនេះជាគោលបំណងចុងក្រោយនៃជីវិតរបស់គាត់»។
គួររំលឹកដែរថា នៅដើមខែកក្កដា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើដែលមានហានិភ័យខ្ពស់នៅតាមបរិវេណប្រាសាទ និងទីតាំងសំខាន់ៗ ក្នុងរមណីយដ្ឋានអង្គរចំនួន៧៧ដើម ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ ព្រមទាំងសាធារណជន។ ប៉ុន្តែសកម្មភាពទាំងអស់នេះត្រូវបានទទួលរងការរិះគន់ពីសំណាក់ពលរដ្ឋយ៉ាងចាស់ដៃ ពោលគឺពួកគេបារម្ភថា អាជ្ញាធរអាចនឹងប្រើលេសខ្លាចដើមឈើបាក់រលំនិងប៉ះពាល់អ្នកទេសចរ ដើម្បីកាប់ឈើមានតម្លៃលក់ទៅវិញ៕








