
រាជធានីភ្នំពេញ៖ មិនភ្លេចវប្បធម៌ប្រពៃណីដូនតា ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសជប៉ុន សរុបប្រមាណ៥ពាន់នាក់ បានមូលមតិគ្នា រៀបចំ «សង្រ្កាន្តខ្មែរនៅជប៉ុន» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាបង្ហាញបរទេសឱ្យបានស្គាល់។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា(ទទក)។

«សង្រ្កាន្តខ្មែរនៅជប៉ុន» ត្រូវបានរៀបចំឡើងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅឯទីក្រុងយូគិ ខេត្តអ៊ីបារ៉ាគិ ប្រទេសជប៉ុន ដែលមានការចូលរួមពី លោក ហាំង តុលា រដ្ឋលេខាធិការក្រសួង, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ, សហគមន៍ខ្មែរ, និស្សិត, កម្មសិក្សាការី, និងពលករ សរុបប្រមាណជិត៥ពាន់នាក់។ សង្ត្រាន្ត ត្រូវបានរៀបចំឡើងនូវកម្មវិធីជាច្រើនទាំងសាសនា និងកម្សាន្ត រួមមាន៖ ពិធីបង្សុកូល, រាប់បាត្រ, ស្រង់ព្រះ, ពូនភ្នំខ្សាច់ ការលេងល្បែងប្រជាប្រិយ ដូចជា៖ បោះអង្គញ់, ចោលឈូង, ទាញព្រ័ត្រ, លាក់កន្សែងជាដើម។ បន្ថែមលើនេះ ក៏មានការឧទ្ទិសកុសលដល់វីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងពិធីបួងសួងសុំសន្តិភាពសម្រាប់កម្ពុជាផងដែរ។

ក្រៅតែពីកម្មវិធីកម្សាន្ត ក៏មានរៀបចំស្តង់មូលនិធិជូនដល់វីរកងទ័ព និងប្រជាជនភៀសសឹក ដោយអ្នកចូលរួមអាចសរសេរជាសារលើកទឹកចិត្ត នឹករលឹក និងជូនពរដល់វីរកងទ័ព ដែលកំពុងឈរជើងការពារទឹកដី។ លើសពីនេះ កម្មវិធីក៏បានដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ ផលិតផលខ្មែរ និងការបង្ហាញនូវផ្ទាំងទស្សនីយភាពរបាំជូនពរ របាំត្រុដិ ព្រមទាំងរាំលេងកម្សាន្តនូវចង្វាក់ប្រពៃណី ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន សមាគមមិត្តយើង សមាគមកម្ពុជា-ជប៉ុន គិបូ និងសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន។ ថ្លែងក្នុងកម្មវិធី លោក ហាំង តុលា បានពាំនាំនូវសេចក្ដីនឹករលឹក ការផ្ដាំផ្ញើសួរសុខទុក្ខ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជូនចំពោះ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅធ្វើការ និងសិក្សានៅក្នុងប្រទេសជប៉ុនទាំងអស់ផងដែរ។

គួរបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តែងតែរៀបចំកម្មវិធីសង្ក្រាន្តឆ្លងឆ្នាំថ្មី ដែលជាប្រពៃណីជាតិខ្មែរ នៅតាមបណ្តាប្រទេសដែលមានបងប្អូនពលករខ្មែរធ្វើការ។ ក្នុងឆ្នាំ២០២៦នេះ មានពិធីបុណ្យចូលឆ្នាំចំនួន១៣ទីតាំង នៅទូទាំងប្រទេសជប៉ុន ដែលកម្មវិធីសង្ក្រាន្ដខ្មែរនៅជប៉ុន នៅខេត្តអ៊ីបារ៉ាគិនេះ គឺជាកម្មវិធីធំជាងគេ៕




