
រាជធានីភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការនៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (Organisation internationale de la Francophonie-OIF) នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។

ក្រសួងការបរទេសកម្ពុជា ប្រកាសនៅថ្ងៃទី២៨កុម្ភៈនេះថា ក្នុងឱកាសបំពេញទស្សនកិច្ច លោកស្រីអគ្គលេខាធិការ នឹងជួបសម្ដែងការគួរសមជាមួយសម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា។ ក្រៅពីនេះ លោកស្រីក៏នឹងមានជំនួបទ្វេភាគីជាមួយ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦វិច្ឆិកា ឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍ដមានសារសំខាន់សម្រាប់កម្ពុជា ក៏ដូចជាសម្រាប់សហគមន៍ហ្វ្រង់កូហ្វូនទាំងមូល។

ក្រសួងការបរទេស ចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រី Louise MUSHIKIWABO ថាបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់អង្គការ OIF និងកម្ពុជា ក្នុងការពង្រឹងភាពជាដៃគូ ឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែច្រើន ដើម្បីជាប្រយោជន៍ដល់បណ្តាញអ្នកប្រើប្រាស់ភាសាបារាំងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់ផ្សេងៗទៀត៕
អត្ថបទទាក់ទង៖
ប្រធានអង្គការអន្តរជាតិដ៏ធំមួយ «លើកដៃសំពះពីដើមដល់ចប់» ពេលព្រះមហាក្សត្រខ្មែរយាងថ្លែងសុន្ទរកថា




