ប្រធានអង្គការអន្តរជាតិដ៏ធំមួយ «លើកដៃសំពះពីដើមដល់ចប់» ពេលព្រះមហាក្សត្រខ្មែរយាងថ្លែងសុន្ទរកថា
Mao Sopha
07 តុលា 2024 08:30 AM

រាជធានីភ្នំពេញ៖ អ្នកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានលើកដៃប្រណមចាប់តាំងពីព្រះមហាក្សត្រកម្ពុជា យាងអានសេចក្តីផ្តើមនៃព្រះរាជសុន្ទរកថារហូតដល់បញ្ចប់។ ពេលអ្នកស្រីលើកដៃប្រណម កែងដៃទាំងពីររបស់អ្នកស្រីផ្អឹបនៅលើតុ។ អ្នកស្រី និងលោក អេម៉ានុយអេល ម៉ាក្រុង ប្រធានាធិបតីបារាំង អង្គុយនៅលើតុវេទិកាគណៈអធិបតី។ វេទិកាសម្រាប់ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលពីប្រទេសនានាឡើងថ្លែងសុន្ទរកថា ស្ថិតនៅប៉ែកខាងឆ្វេង (ដៃ) នៃតុគណៈអធិបតីនោះ។ គណៈអធិបតី បានថ្វាយសិទ្ធិដល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី យាងឡើងថ្លែងព្រះរាជសុន្ទរកថា ដើម្បីបិទបញ្ចប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង។

អ្នកស្រី ល្វីស មូស៊ីគីវ៉ាបូ ដែលកំពុងអង្គុយនៅតុគណៈអធិបតីជាមួយលោក ម៉ាក្រុង លើកដៃប្រណម ពេលព្រះមហាក្សត្រកម្ពុជា យាងថ្លែងព្រះរាជសុន្ទរកថា។ 
អ្នកស្រី ល្វីស មូស៊ីគីវ៉ាបូ ដែលកំពុងអង្គុយនៅតុគណៈអធិបតីជាមួយលោក ម៉ាក្រុង លើកដៃប្រណម ពេលព្រះមហាក្សត្រកម្ពុជា យាងថ្លែងព្រះរាជសុន្ទរកថា។ 

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់ប្រើពេល៧នាទីកន្លះ ក្នុងការយាងថ្លែងព្រះរាជសុន្ទរកថា ជាភាសាបារាំង។ តាមការសង្កេតមើលវីដេអូដែលថតពិធីបិទអង្គប្រជុំកំពូលហ្រ្វង់កូហ្វូនីនេះ ឃើញមានតែអ្នកស្រី ល្វីស មូស៊ីគីវ៉ាបូ ម្នាក់ប៉ុណ្ណោះ ដែលលើកដៃសំពះពីដើមរហូតដល់ចប់ ពេលព្រះមហាក្សត្រកម្ពុជា យាងថ្លែងព្រះរាជសុន្ទរកថា។ អ្នកស្រី គឺជាជនជាតិរ្វាន់ដា (Rwanda) ដែលធ្លាប់កាន់តំណែងធំៗមួយចំនួនក្នុងជួររដ្ឋាភិបាលរបស់អ្នកស្រី ដូចជា ធ្លាប់ធ្វើជារដ្ឋមន្រ្តីព័ត៌មាន និងធ្លាប់ធ្វើជារដ្ឋមន្ត្រីការបរទេស។ អ្នកស្រីបានជាប់ឆ្នោតធ្វើជាអគ្គលេខាធិការ ឬជាប្រធានអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (Organisation internationale de la Francophonie) តាំងពីឆ្នាំ២០១៨មក។ 

ព្រះមហាក្សត្រកម្ពុជា យាងថ្លែងព្រះរាជសុន្ទរកថាបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅប៉ារីស។ 
ព្រះមហាក្សត្រកម្ពុជា យាងថ្លែងព្រះរាជសុន្ទរកថាបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅប៉ារីស។ 

គេអាចនឹងចាត់ទុកការលើកដៃសំពះរបស់អ្នកស្រី ល្វីស មូស៊ីគីវ៉ាបូ ទៅកាន់ព្រះមហាក្សកម្ពុជា ដែលកំពុងយាងថ្លែងព្រះរាជសុន្ទរកថា ពីដើមដល់ចប់បែបនេះ ថាគ្មានអ្វីប្លែក និងជាកាយវិការធម្មតា ដែលអ្នកការទូត ឬអ្នកដឹកនាំ តែងធ្វើដើម្បីបង្ហាញភាពគួរសម ឬការគោរពគ្នាទៅវិញទៅមក ប៉ុន្តែបើគិតឱ្យមែនទែនទៅ អ្វីដែលអ្នកស្រីកំពុងធ្វើ ហាក់មានអត្ថន័យលើសពីនេះលើសពីរបៀបការទូត ឬការគោរពគ្នាតាមបែបធម្មតា កាយវិការរបស់អ្នកស្រី ធ្វើឱ្យប្រជាជនខ្មែរដែលបានឃើញ អាចសន្និដ្ឋានបានថា អ្នកស្រី ហាក់បានដឹង និងបានឈ្វេងយល់ជាមុនពីទំនៀបទម្លាប់ខ្មែរក្នុងការសំពះ ហើយក៏ហាក់យល់ច្បាស់ពីការគោរព និងការថ្វាយតម្លៃរបស់ប្រជាជនខ្មែរចំពោះព្រះមហាក្សត្រដែរ។ ជាការពិត បើថាអ្នកស្រី មិនយល់អ្វីសោះពីខ្មែរនោះ ក៏មិនត្រូវដែរ ដ្បិតថា អ្នកស្រី ធ្លាប់មកបំពេញទស្សនកិច្ចនៅកម្ពុជាម្ដងជាពីរដងរួមកហើយ។ ជាធម្មតា ថ្នាក់ដឹកនាំ អ្នកនយោបាយ អ្នកការទូត ឬអ្នកមុខអ្នកការ តែងតែសិក្សាឈ្វេងយល់ជាមុនពីវប្បធម៌ ទំនៀមទម្លាប់របស់ប្រទេសណាមួយ មុននឹងទៅបំពេញទស្សនកិច្ចនៅប្រទេសនោះ ដើម្បីចៀសវាងមានកំហុសដោយកាយវិការ ឬពាក្យសម្តី។ កាលពីអំឡុងឆ្នាំ២០១៩ អ្នកស្រីបានមកបំពេញទស្សនកិច្ចនៅកម្ពុជាម្ដង និងបានចូលគាល់ព្រះមហាក្សត្រ ហើយនៅឆ្នាំ២០២២ អ្នកស្រីបានមកកម្ពុជាម្ដងទៀត ដោយបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំមួយចំនួន។

ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជទានសវនាការជាមួយអ្នកស្រី ល្វីស មូស៊ីគីវ៉ាបូ ពេលអ្នកស្រីធ្វើទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០១៩។ 
ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជទានសវនាការជាមួយអ្នកស្រី ល្វីស មូស៊ីគីវ៉ាបូ ពេលអ្នកស្រីធ្វើទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០១៩។ 

គួរដឹងថា វប្បធម៌សំពះ និងគោរពឱនលំទោនក្នុងសង្គមខ្មែរ អាចនិយាយថាជារឿងធម្មតា តែការលើកដៃសំពះពីដើមដល់ចប់ទៅកាន់បុគ្គលណាម្នាក់ ពុំមែនចេះតែកើតឡើងនោះទេ គឺអាចកើតឡើងក្នុងកាលៈទេសៈតិចតួចប៉ុណ្ណោះ។ ការលើកដៃសំពះជាប់រហូតបែបនេះ អាចកើតឡើងនៅពេលពុទ្ធបរិស័ទស្ថិតនៅចំពោះព្រះភក្ត្រព្រះសង្ឃ ឬកំពុងស្តាប់ព្រះសង្ឃសូត្រធម៌ ឬសម្ដែងធម៌ទេសនា។ ពុទ្ធបរិស័ទនោះទៀតសោធ លុះត្រាជាពុទ្ធបរិស័ទដែលមានចិត្តជ្រះថ្លា និងមានចិត្តគោរពខ្លាំងចំពោះព្រះសង្ឃ ទើបលើកដៃសំពះពីដើមដល់ចប់។ ការគោរពប្រតិបត្តិបែបនេះ ក៏កើតឡើងពេលប្រជានុរាស្ដ្រ ឬមន្រ្តីស្ថិតនៅចំពោះព្រះភក្ត្រព្រះមហាក្សត្រ និងពេលព្រះមហាក្សត្រ មានព្រះបន្ទូលទៅកាន់ពួកគេ។ ប៉ុន្តែ ចំពោះព្រះរាជពិធីដែលត្រូវបានរៀបចំជាសាធារណៈ គេកម្រឃើញមានមន្រ្តីណាម្នាក់លើកដៃប្រណមពីដើមដល់ចប់ណាស់ ក្នុងអំឡុងព្រះមហាក្សត្រ ស្តេចយាងថ្លែងព្រះរាជសុន្ទរកថា។

ក្រុមការងារអង្គភាព SBM News យកចង្ហាន់ និងទេយ្យទានទៅប្រគេនព្រះសង្ឃនៅវត្តភ្នំប្រសិទ្ធត្រ័យត្រឹង្ស (ខេត្តកណ្តាល) ក្នុងពិធីបុណ្យភ្ជុំបណ្ឌិត កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។ 
ក្រុមការងារអង្គភាព SBM News យកចង្ហាន់ និងទេយ្យទានទៅប្រគេនព្រះសង្ឃនៅវត្តភ្នំប្រសិទ្ធត្រ័យត្រឹង្ស (ខេត្តកណ្តាល) ក្នុងពិធីបុណ្យភ្ជុំបណ្ឌិត កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។ 

ក្នុងព្រះរាជពិធីដែលត្រូវបានរៀបចំជាសាធារណៈរបៀបនេះ ជាទូទៅសព្វមុខមន្រ្តី និងអ្នកចូលរួម លើកដៃប្រណមតែពេលព្រះមហាក្សត្រ ស្តេចយាងទៅកាន់វេទិកា និងចាប់ផ្តើមយាងថ្លែងព្រះរាជសុន្ទរកថា ដំបូង ហើយបន្ទាប់មក ពួកគេក៏ដាក់ដៃចុះវិញ។ គេក៏អាចឃើញរូបភាពសំពះពីដើមដល់ចប់នេះដែរ នៅពេលបុគ្គលណាម្នាក់ ឬមនុស្សមួយក្រុម ស្ថិតនៅចំពោះមុខអ្នកដែលគេគោរពខ្លាំង និងឱ្យតម្លៃខ្ពស់។ តាមការបកស្រាយពីវប្បធម៌ និងតម្លៃនៃការសំពះខាងលើ អាចសបញ្ជាក់ថា កាយវិការរបស់អ្នកស្រី ល្វីស មូស៊ីគីវ៉ាបូ មិនមែនគ្រាន់តែជាកាយវិការបែបការទូត ឬជាកាយវិការដែលកើតឡើងដោយចៃដន្យឡើយ តែបានបង្ហាញឱ្យឃើញថា អ្នកស្រី មានការយល់ដឹងពីតម្លៃវប្បធម៌ក្នុងការសំពះរបស់ខ្មែរ ហើយក៏អាចបង្ហាញឱ្យឃើញពីការគោរពដ៏ខ្ពស់របស់អ្នកស្រីចំពោះព្រះមហាក្សត្រកម្ពុជា ដូចប្រជាជនខ្មែរដែលគោរពទ្រង់ដែរ។

ក្រោយបញ្ចប់ការយាងថ្លែងព្រះរាជសុន្ទរកថា ព្រះមហាក្សត្រកម្ពុជា យាងទៅកាន់លោក ម៉ាក្រុង និងអ្នកស្រី ល្វីស មូស៊ីគីវ៉ាបូ ដែលជាគណៈអធិបតីនៃកិច្ចប្រជុំ។  
ក្រោយបញ្ចប់ការយាងថ្លែងព្រះរាជសុន្ទរកថា ព្រះមហាក្សត្រកម្ពុជា យាងទៅកាន់លោក ម៉ាក្រុង និងអ្នកស្រី ល្វីស មូស៊ីគីវ៉ាបូ ដែលជាគណៈអធិបតីនៃកិច្ចប្រជុំ។  

ក្នុងពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីខាងលើ ពេលព្រះមហាក្សត្រស្តេចយាងថ្លែងព្រះរាជសុន្ទរកថា ចប់ ព្រះករុណាក៏យាងទៅកាន់តុគណៈអធិបតី ដើម្បីបង្ហាញគារវកិច្ចចំពោះអ្នកស្រី ល្វីស មូស៊ីគីវ៉ាបូ និងលោក ម៉ាក្រុង ដែលជាគណៈអធិបតី ហើយអ្នកទាំងពីរ ក៏បានក្រោកឈរភ្លាមៗ ដើម្បីធ្វើគារវកិច្ចចំពោះទ្រង់វិញដែរ។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ បានសម្រេចជាផ្លូវការឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះ សម្រាប់រៀបចំកិច្ចប្រជុំកំពូលលើកទី២០ នៅឆ្នាំ២០២៦។ តាមរយៈកិច្ចប្រជុំដ៏ធំមួយនេះ មេដឹកនាំនៃបណ្តាប្រទេសប្រមាណពី៨០ទៅ៩០ឯណោះ នឹងមកកម្ពុជា។ ប្រទេសជាសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី សុទ្ធសឹងតែជាប្រទេសធ្លាប់ប្រើប្រាស់ និងបន្តប្រើប្រាស់ភាសាបារាំង។ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំ១៩៧០ ដោយមាន ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រកម្ពុជា ក៏ជាស្ថាបនិកមួយព្រះអង្គដែរ។

ព្រះមហាក្សត្រ ស្តេចយាងចុះយន្តហោះ នៅព្រលានយន្តហោះភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីទ្រង់បញ្ចប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅប៉ារីស។ 
ព្រះមហាក្សត្រ ស្តេចយាងចុះយន្តហោះ នៅព្រលានយន្តហោះភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីទ្រង់បញ្ចប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅប៉ារីស។ 

ព្រះរាជា ស្តេចយាងចាកចេញពីកម្ពុជា តាំងពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឆ្ពោះទៅប្រទេសបារាំង គឺទ្រង់យាងទៅមុនបួនប្រាំថ្ងៃនៃការចាប់ផ្តើមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។ កិច្ចប្រជុំនេះ មានរយៈពេល២ថ្ងៃ គឺពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែតុលា ដោយមានប្រមុខរដ្ឋ-ប្រមុខរាជរដ្ឋាភិបាលជិត៩០ប្រទេស បានចូលរួម។ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និង លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី-ជារដ្ឋមន្ត្រីការបរទេស រួមទាំងឥស្សរជនផ្សេងទៀត បានអញ្ជើញចូលរួមជាមួយព្រះរាជដំណើររបស់ព្រះអង្គក្នុងកិច្ចប្រជុំកំពូលនិយាយភាសាបារាំងនេះ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅជារៀងរាល់ពីរឆ្នាំម្ដង។ ព្រះប្រមុខរដ្ឋ ស្តេចយាងដល់មាតុភូមិវិញ នាព្រឹកថ្ងៃទី៧ ខែតុលានេះ៕  

សម្តេច ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់ដទៃទៀត អញ្ជើញទៅទទួលព្រះរាជដំណើរព្រះមហាក្សត្រ ពេលស្តេចយាងមកកម្ពុជាវិញ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។ 
សម្តេច ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់ដទៃទៀត អញ្ជើញទៅទទួលព្រះរាជដំណើរព្រះមហាក្សត្រ ពេលស្តេចយាងមកកម្ពុជាវិញ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត