
រាជធានីភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើពលរដ្ឋដែលកំពុងរស់នៅក្នុងអតីតសាលាខេមរបុត្រ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឱ្យប្រញាប់រុះរើចេញជាបន្ទាន់ ព្រោះអគារមានសភាពទ្រុឌទ្រោមខ្លាំង អាចប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលា...។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងដែនដី ចុះកាលបរិច្ឆេទថ្ងៃ២៦កុម្ភៈ បានឱ្យដឹងថា ក្រុមការងារជំនាញ បានធ្វើការវិភាគគ្រឿងផ្គុំ នៃអតីតសាលាខេមរបុត្រ រកឃើញគុណភាពសំណង់អគារមានការធ្លាក់ចុះខ្សោយយ៉ាងខ្លាំង ដោយស្រទាប់បេតុង និងសរសៃដែកភាគច្រើនបំផុតនៃធ្នឹម កម្រាលខណ្ឌ និងសសរ បានផ្ទាត់ចេញ និងមានស្នាមច្រេះធ្ងន់ធ្ងរ ដែលធ្វើឱ្យបាត់បង់គុណភាព និងលទ្ធភាពទ្រទ្រង់អគារទាំងមូល។ ក្រុមការងារវាយតម្លៃថា អគារអាចប្រឈមនឹងហានិភ័យបាក់រលំ ដែលអាចកើតមានឡើងជាយថាហេតុ និងចាត់ថ្នាក់អគារនេះថាជា«សំណង់ដែលមានសភាពគ្រោះថ្នាក់ដែលអាចកើតមានឡើងភ្លាមៗ»។

ក្រសួងអំពាវនាវឱ្យពលរដ្ឋដែលកំពុងរស់នៅ ប្រើប្រាស់ អាស្រ័យផលក្នុងអគារ និងដីកម្មសិទ្ធិរបស់អគារខាងលើ ស្វែងរកទីកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់ ក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០២៦តទៅ ដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិត ឬរាងកាយ។ ទន្ទឹមនោះ ក្រុមការងារជំនាញក៏នឹងចាប់ផ្តើមអនុវត្តការងារដំឡើង «ផ្ទាំងសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាត់វិធានការបញ្ចៀសគ្រោះថ្នាក់ចំពោះអតីតសាលាខេមរបុត្រ» នៅថ្ងៃទី៣មីនា ឆ្នាំ២០២៦នេះ ផងដែរ។ ផុតរយៈពេល៣០ថ្ងៃ ក្រសួងនឹងបញ្ឈប់ឱ្យមានការស្នាក់នៅ ហើយហ៊ុំព័ទ្ធ និងហាមចេញចូល៕




