
រាជធានីបាងកក៖ ឥរិយាបថយោធាឈ្លានពានថៃកាន់តែគឃ្លើនទៅៗ ដោយពួកគេបានបើកមាត់រលាស់អណ្តាតបង្ហើរសារគំរាមកំហែងយ៉ាងកម្រោលថា នឹងវាយកម្ទេចចូលជ្រៅក្នុងទឹកដីខ្មែរ ប្រសិនបើរាជធានីភ្នំពេញហ៊ានប្រើមីស៊ីល PHL-03 ទាំងដែលកម្ពុជាមិនដែលបង្ហាញបំណងឬសញ្ញាចង់ប្រើអាវុធប្រភេទនេះទាល់តែសោះ។ តើថៃកំពុងចង់ដុតបញ្ឆេះកម្តៅសង្គ្រាមដោយចេតនាឬយ៉ាងណា...?

យោងតាមកាសែតថៃចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ លោក វីនថៃ ស៊ូវ៉ារី បានថ្លែងថា ខ្លួនមិនទាន់ឃើញមានចលនានៃការចល័តប្រព័ន្ធមីស៊ីល PHL-03 របស់កម្ពុជានៅតាមបណ្តោយព្រំដែននៅឡើយទេ ប៉ុន្តែរាល់ការប្រើប្រាស់អាវុធនេះប្រឆាំងនឹងថៃ នឹងក្លាយជាហេតុផលសក្តិសមសម្រាប់ការវាយបកដោយភាពជាក់លាក់របស់យោធាថៃ ចូលទៅក្នុងជម្រៅទឹកដីកម្ពុជាកាន់តែជ្រៅ។ លោកបន្ថែមថា កងទ័ពថៃនៅតែបន្តតាមដានយ៉ាងដិតដល់ ព្រោះអាវុធរយៈចម្ងាយឆ្ងាយប្រភេទនេះ មានសមត្ថភាពអាចបាញ់ហួសពីតំបន់ព្រំដែន ចូលជ្រៅក្នុងទឹកថៃបានយ៉ាងងាយ។

ការអះអាងរបស់អ្នកនាំពាក្យយោធាថៃ កើតឡើងចំពេលថៃចាប់ដៃអាម៉េរិក កូរ៉េខាងត្បូង និងសិង្ហបុរី សម្ញែងសាច់ដុំយោធាក្នុងប្រតិបត្តិការហ្វឹកហ្វឺនវាយលុកយោធាកម្រិតទ្រង់ទ្រាយធំ ក្នុងសមយុទ្ធខ្នាតយក្ស «ពស់វែកមាស ឬ Cobra Gold ឆ្នាំ២០២៦» នៅឯមូលដ្ឋានទ័ពជើងទឹកសត្តហ៊ីប(สัตหีบ) ក្នុងខេត្តជលបុរី (ชลบุรี) ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីដែនសមុទ្ទកម្ពុជា។

អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ ទទួលស្គាល់ថា កម្ពុជាហាក់មិនមានចេតនាក្នុងការប្រើប្រាស់អាវុធប្រភេទនេះទេ ព្រោះថា ប្រសិនបើធ្វើដូច្នោះ ថៃមានសិទ្ធិវាយបកដោយភាពជាក់លាក់ខ្ពស់ទៅលើគោលដៅសំខាន់ៗ នៅក្នុងជម្រៅជ្រៅនៃទឹកដីកម្ពុជា ដែលអាចបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។ លោក វីនថៃ បាននិយាយដូច្នេះថា៖ «កងទ័ពត្រៀមខ្លួនគ្រប់ពេលវេលា ទាំងកងកម្លាំងជើងគោក និងជើងអាកាស ដើម្បីការពារប្រទេស។ ថៃនៅតែបន្តប្រកាន់ខ្ជាប់កិច្ចព្រមព្រៀងឈប់បាញ់ និងគោរពវិធានការដែលបានព្រមព្រៀងគ្នាទៅវិញទៅមក រួមទាំងការធានានូវសុវត្ថិភាពដល់យោធារបស់យើង និងសាធារណជននៅតាមតំបន់ព្រំដែន»។

អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ ចេញមកប្រើភាសាគំរាម ក្នុងពេលដែលកម្ពុជានៅរក្សាភាពស្ងៀមស្អាត។ ចំណុចនេះ គេអាចវាយតម្លៃបានថា ភាគីណាចង់បានសន្តិភាព ភាគីណាចង់បង្ករឿង។ ម្យ៉ាងទៀត ថៃចូលចិត្តទន្ទេញពាក្យគោរពកិច្ចព្រមព្រៀង ឬបទឈប់បាញ់ តែជាក់ស្តែង យោធាខ្លួននៅតែរំលោភបំពានមកលើកម្ពុជា ដោយដាក់ទូកុងតឺន័រ ស្រាស់បន្លាលួស និងបន្តឈរជើងកាន់កាប់តំបន់មួយចំនួនក្នុងដែនអធិបតេយ្យកម្ពុជា៕





