
រាជធានីភ្នំពេញ៖ មុនចាកចេញពីរាជធានីភ្នំពេញ នារីជនជាតិដាណឺម៉ាកម្នាក់ ឈ្មោះ ស្ពេក កា សុខចិត្តមកឈរក្រោមដំណក់ទឹកភ្លៀង ដើម្បីមើល «គំនូរសន្តិភាពទី២» ក្នុងបរិវេណសួនវត្តបទុមវតី រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ «គំនូរសន្តិភាព» មានបង្ហាញពីការឈឺចាប់ និងទុក្ខសោករបស់ពលរដ្ឋខ្មែរដែលត្រូវបានយោធាថៃចូលមកទម្លាក់គ្រាប់ ដាក់ទូកុងតឺន័រព័ទ្ធយកផ្ទះ រួមទាំងការបំផ្លិចបំផ្លាញប្រាសាទ និងរូបសំណាកព្រះវិស្ណុ ជាដើម។

នារីបរទេសវ័យក្មេងរូបនេះ បង្ហាញអារម្មណ៍សោកស្តាយជាពន់ពេក ព្រោះសង្រ្គាមរវាងកម្ពុជា និងថៃ បានធ្វើឱ្យពលរដ្ឋនៅតាមព្រំដែនរងទុក្ខ និងបាត់បង់ជីវិត។ នាងយល់ឃើញថា ពលរដ្ឋទាំងអស់ត្រូវរស់នៅដោយសុខសន្តិភាព មិនគួរមានការព្យាយាមសម្លាប់គ្នានោះទេ។ ជាមួយគ្នានោះផងដែរ ក្នុងចំណោមរូបនៅក្នុងផ្ទាំងគំនូរ នាងបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបដែលព្រះសង្ឃអៀវស្ត្រីចំណាស់ម្នាក់។

នាងនិយាយថា៖«នៅក្នុងប្រទេសកម្ពុជា និងជាទូទៅ ព្រះសង្ឃមិនអនុញ្ញាតឱ្យប៉ះពាល់ស្ត្រីនោះទេ ហើយខ្ញុំឃើញថា វាពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះស្ថានភាពគឺកំពុងតែធ្ងន់ធ្ងរ ព្រះសង្ឃសុខចិត្តអៀវស្ត្រី...»។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧កុម្ភៈ «គំនូរសន្តិភាពទី២» ត្រូវបានក្រុមវិចិត្រករគូរបានប្រមាណ៧០ភាគរយ បន្ទាប់ពីចាប់ផ្តើមកាលពីថ្ងៃទី២០កុម្ភៈ។ គំនូរទី២នេះ គ្រោងបើកម្ពោធការតាំងបង្ហាញជាផ្លូវការនៅថ្ងៃទី៣មីនា៕




