
ខេត្តសៀមរាប៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏អស្ចារ្យ ដែលហៅថា «សមរាត្រី» គឺពន្លឺព្រះអាទិត្យរះចំកណ្តាលនៃកំពូលប្រាសាទអង្គរវត្ត នឹងចាប់ផ្តើមកើតមានឡើង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ខាងមុខ។ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងទេសចរណ៍..។

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ក្រសួងទេសចរណ៍បញ្ជាក់ថា សមរាត្រីរដូវប្រាំង (Vernal Equinox) នឹងកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ខែមីនា ចាប់ពីវេលាម៉ោង៥ដល់ម៉ោង៦:៣០ព្រឹក។ ក្រសួង អំពាវនាវដល់សាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកុំបីខកខាន និងចូលរួមផ្សព្វផ្សាយអំពីទេសចរណ៍កម្ពុជា ស្របតាមពាក្យស្លោក «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» និង «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់!»។ ក្រសួងចាត់ទុក សមរាត្រី គឺជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយដែលទាក់ទាញ ភ្ញៀវទេសចរជាតិ-អន្តរជាតិពីគ្រប់ទិសទីមកប្រជុំគ្នានៅមុខច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត ដើម្បីទស្សនា និងផ្តិតយករូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

គួរជ្រាបថា ព្រឹត្តិការណ៍សមរាត្រី តែងកើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ ដោយលើកទី១ គឺសមរាត្រីរដូវប្រាំង (Vernal Equinox) អាចនឹងកើតឡើងនៅខែមីនា និងលើកទី២ គឺសមរាត្រីរដូវវស្សា (Autumnal Equinox) ដែលអាចនឹងកើតឡើងនៅខែកញ្ញា។ ព្រឹត្តិការណ៍សមរាត្រីនេះ បង្ហាញឱ្យឃើញពីលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ក្នុងការគិតគូរពីប្លង់ស្ថាបត្យកម្ម ប្លង់សាងសង់ប្រាសាទ ការរៀបចំដីធ្លី ការគន់គូរតាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្ត្រ រួមផ្សំជាមួយជំនឿ ដែលបង្កើតបានជាបាតុភូតរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនេះឡើង៕






