
រាជធានីបាងកក៖ ថៃនឹងប្ដឹងកម្ពុជាទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ជុំវិញករណីទាហានខ្លួនដើរជាន់មីនពេលល្បាត ដោយចោទប្រកាន់កម្ពុជាពីបទឧក្រិដ្ឋកម្មសង្គ្រាម បន្ទាប់ពីមានឧប្បត្តិហេតុតាមព្រំដែនម្ដងហើយម្ដងទៀត។ នេះបើយោងតាមការអះអាងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោក ជីរ៉ាយុ ហួងសព្ទ កាលពីថ្ងៃចន្ទទី១១ ខែសីហា បានប្រកាសថា ប្រទេសថៃគ្រោងនឹងប្តឹងកម្ពុជាជុំវិញការប្រើប្រាស់គ្រាប់មីនទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) មិនមែនតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នោះទេ។ លោក ជីរ៉ាយុ បាននិយាយសំដៅទៅលើឧបទ្ទវហេតុកាលពីថ្ងៃទី៩ ខែសីហា នៅពេលទាហានថៃ៣នាក់ បានរងរបួសដោយគ្រាប់មីននៅច្រក Chong Don Ao-Krissana ក្នុងស្រុក កាន់ថាឡាក់ ខេត្តស៊ីសាកេត។ ទាហានម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ បាត់បង់កជើងឆ្វេងក្នុងការផ្ទុះនោះ។ លោកបានកត់សម្គាល់ថា ប្រទេសថៃមិនបានទទួលយកយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិតាំងពីឆ្នាំ ១៩៦០មក។ អ្នកនាំពាក្យរូបនេះដដែលបាននិយាយទៀតថា៖«ប្រទេសថៃនឹងដាក់ពាក្យបណ្ដឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដោយចោទកម្ពុជាពីបទឧក្រិដ្ឋកម្មសង្គ្រាមដោយចេតនាធ្វើបាបជនស៊ីវិល»។

ឧបទ្ទវហេតុថ្ងៃទី៩ ខែសីហា គឺជាលើកទី៣ ក្នុងរយៈពេលតិចជាងមួយខែ ដែលទាហានថៃបានរងរបួសដោយសារគ្រាប់មីន។ លោក ជីរ៉ាយុ បានអះអាងថា កងកម្លាំងថៃបានបោសសម្អាតមីនតាំងពីយូរយារណាស់មកហើយពីច្រក Chong Don Ao-Krissana ដូច្នេះមីនដែលទាហានថៃជាន់គឺជាមីនថ្មីដែលទើបត្រូវបានដាក់នាពេលថ្មីៗនេះ។ លោកបានបន្ថែមថា ឧបទ្ទវហេតុនេះគឺជាការរំលោភយ៉ាងច្បាស់លើអនុសញ្ញាអូតាវ៉ាស្តីពីគ្រាប់មីន។ ហេតុការណ៍នេះបានកើតឡើងតែពីរថ្ងៃបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៅរាជធានីគូឡាឡាំពួ ក្នុងអំឡុងពេលដែលកម្ពុជាបានច្រានចោលសំណើរបស់ប្រទេសថៃសម្រាប់ប្រទេសទាំងពីរក្នុងការរួមគ្នាបោសសម្អាតមីននៅតាមព្រំដែន។

លោក ជីរ៉ាយុ បានឱ្យដឹងផងដែរថា ឯកអគ្គរដ្ឋទូតថៃប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធាននៃអនុសញ្ញាអូតាវ៉ា ដើម្បីតវ៉ាប្រឆាំងនឹងឧប្បត្តិហេតុនេះ។ លោកបានបន្ថែមថា លើសពីនេះឯកអគ្គរដ្ឋទូតរបស់ប្រទេសថៃប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កបានជួបជាមួយប្រធានអនុសញ្ញាអូតាវ៉ា និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីស្នើសុំចាត់វិធានការប្រឆាំងនឹងកម្ពុជាចំពោះការរំលោភលើសន្ធិសញ្ញា។
យ៉ាងណា កម្ពុជាបានច្រានចោលចំពោះការចោទប្រកាន់យ៉ាងងងឹតងងុលរបស់ថៃ។ នាព្រឹកថ្ងៃទី១២ ខែសីហានេះ លោក ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងក្នុងសន្និសិទព័ត៌មានមួយថា៖«កម្ពុជា សូមច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ដដែលៗ ដោយគ្មានមូនដ្ឋាន គ្មានភស្តុតាង និងគ្មានការស៊ើបអង្កេតអ្វីទាំងអស់ របស់ភាគីថៃ ដែលថាកម្ពុជាដាក់មីនថ្មី ក្នុងគោលបំណងវាយប្រហារកេរ្តិ៍ឈ្មោះរបស់កម្ពុជា»។

សូមជម្រាបជូនថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬហៅកាត់ជាភាសាអង់គ្លេសថា ICC គឺជាតុលាការកម្រិតអន្តរជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដើម្បីកាត់ទោសឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មនៃការឈ្លានពាន នៅពេលដែលរដ្ឋជាសមាជិកមិនអាចកាត់ក្ដីដោយខ្លួនឯងបាន។ ICC អាចកាត់ទោសឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយជនជាតិនៃរដ្ឋជាសមាជិក ឬនៅលើទឹកដីនៃរដ្ឋសមាជិកផ្សេងទៀត។ ICC មានរដ្ឋជាសមាជិកចំនួន ១២៤ប្រទេស។

តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឬហៅកាត់ថា តុលាការពិភពលោក គឺជាស្ថាប័នតុលាការដ៏សំខាន់របស់អង្គការសហប្រជាជាតិ (UN)។ តុលាការនេះដោះស្រាយវិវាទផ្លូវច្បាប់ដែលបានដាក់ជូនដោយរដ្ឋ។ ICJ គឺជាតុលាការអន្តរជាតិតែមួយគត់ដែលវិនិច្ឆ័យវិវាទទូទៅរវាងប្រទេសនានា ជាមួយនឹងសេចក្តីសម្រេច និងមតិរបស់ខ្លួនជាប្រភពចម្បងនៃច្បាប់អន្តរជាតិ។

គួររំឭកថា នៅឆ្នាំ១៩៦២ កម្ពុជានិងថៃមានជម្លោះព្រំដែននៅចំណុចប្រាសាទព្រះវិហារ។ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចគាំទ្រកម្ពុជា ដោយអះអាងថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីកម្ពុជា។ ICJ ក៏បានបញ្ជាឱ្យប្រទេសថៃដកកងកម្លាំងយោធា និងប៉ូលិសរបស់ខ្លួនចេញពីតំបន់ប្រាសាទ និងតំបន់ជុំវិញ។ នៅឆ្នាំ២០២៥នេះ កម្ពុជា ប្រកាសឈប់យកប្រាសាទចំនួន៣ គឺប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបីតាមព្រំដែន ទៅដាក់លើតុចរចាជាមួយថៃទៀត ពោលគឺសម្រេចបញ្ជូនឯកសារប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡេអេ ប្រទេសហូឡង់ ឱ្យជួយកាត់សេចក្តីរកឈ្នះចាញ់តែម្ដង៕


