
រាជធានីបាងកក៖ ស្ថានភាពទឹកជំនន់នៅទូទាំងប្រទេសថៃ បានចាប់ផ្តើមស្រកចុះជាបណ្តើរៗ ដោយបន្សល់ទុកការលិចលង់នៅក្នុង១៦ខេត្ត និងរាជធានីបាងកក ខណៈនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ បានបញ្ជាក់ចំនួនអ្នកស្លាប់សរុប ៦៤នាក់ នៅក្នុងតំបន់ដែលកំពុងបន្តលិចទឹកនៅឡើយ គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។

អាជ្ញាធរបានឱ្យដឹងថា ទឹកជំនន់បច្ចុប្បន្នកំពុងគ្របដណ្ដប់លើ៦០ស្រុក, ៤៣២ឃុំ និង២៩៨៨ភូមិ ដោយបានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង៤សែនគ្រួសារ ឬស្មើនឹងប្រមាណជាង១លាននាក់។ ខេត្ត Prachin Buri មានចំនួនអ្នកស្លាប់ច្រើនជាងគេរហូតដល់២៦នាក់ បន្ទាប់មកគឺខេត្ត Samut Prakan ៩នាក់ និង Chachoengsao ៨នាក់។ ដោយឡែក នៅក្នុងរាជធានីបាងកក មានមនុស្សស្លាប់៤នាក់ ខណៈខណ្ឌចំនួនពីរនៅតែបន្តលិចទឹកនៅឡើយ។ ខណ្ឌទាំងពីរនេះមានប្រជាពលរដ្ឋរងផលប៉ះពាល់រហូតដល់១៦៨ ២០៣គ្រួសារ ដែលជាចំនួនច្រើនជាងគេបំផុត និងស្ទើរតែស្មើនឹងពាក់កណ្តាលនៃតួលេខរងគ្រោះសរុបទូទាំងប្រទេស។

អគ្គនាយកនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បានពន្យល់ថា វិបត្តិទឹកជំនន់នេះកើតឡើងដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកហូរធ្លាក់ពីភាគខាងជើងមកជួបជាមួយនឹងទឹកដែលកកស្ទះស្រាប់នៅតំបន់វាលរាបភាគកណ្តាល។ បច្ចុប្បន្ន នាយកដ្ឋានបានបញ្ជាឱ្យអាជ្ញាធរខេត្ត និងមជ្ឈមណ្ឌលប្រចាំតំបន់ ចុះវាយតម្លៃទំហំខូចខាតជាបន្ទាន់ និងរៀបចំបញ្ជីឈ្មោះជនរងគ្រោះ ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភ និងសំណងស្តារឡើងវិញតាមបទប្បញ្ញត្តិជាធរមាន ខណៈអាជ្ញាធរនៅតែបន្តតាមដានស្ថានភាពអាកាសធាតុយ៉ាងយកចិត្តទុកដាក់៕





