ដូចមិនចេះអស់ល្បិច! យោធាឈ្លានពានថៃ ចោទកម្ពុជាប្រើប្រាស់ប្រាសាទព្រះវិហារ ជាមូលដ្ឋានសឹក
ហៀប ស៊ីថេត
•
មួយម៉ោងមុន

រាជធានីបាងកក៖ ស្របពេលសហគមន៍អន្តរជាតិ និងអង្គការ UNESCO កំពុងកត់សម្គាល់ និងវាយតម្លៃយ៉ាងច្បាស់ អំពីការខូចខាតទ្រង់ទ្រាយធំលើប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់ខ្មែរ រងការវាយប្រហារគ្មានត្រាប្រណីពីសំណាក់យោធាឈ្លានពានថៃ ពេលនេះ កងទ័ពជើងគោកភូមិន្ទថៃ បានប្រើប្រាស់យុទ្ធសាស្ត្រចោទប្រកាន់ និងបង្វែរដាន ដោយទម្លាក់កំហុសទាំងស្រុងមកលើកម្ពុជា ថា បានប្រើប្រាស់ទីតាំងប្រាសាទព្រះវិហារ ជាមូលដ្ឋានយោធា និងបានដំឡើងកាំភ្លើងត្បាល់ កាំភ្លើងធំ និងទីតាំងស្តុកអាវុធនៅទីនោះ...។

នៅក្នុងសេចក្តីថ្លែងការណ៍ ធ្វើឡើងនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោកភូមិន្ទថៃ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ យោធាឈ្លានពានថៃ បានព្យាយាមបង្កើតលេសផ្លូវច្បាប់ ចោទប្រកាន់មកលើកម្ពុជា ថា បានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។ យ៉ាងណា កន្លងមក ប្រមុខការពារជាតិកម្ពុជា បានបញ្ជាក់រួចមកហើយថា ប្រតិបត្តិការយោធាឈ្លានពានរបស់ថៃ វាយប្រហារលើសំណង់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ គឺជាការរំលោភលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ យោធាថៃ បានចេញសេចក្តីថ្លែងការណ៍ ក្នុងចេតនាលាងខ្លួនពីអំពើដ៏ថោកទាបដែលយផធាថៃបានប្រព្រឹត្ត ដោយព្យាយាមចោទប្រកាន់ និងទម្លាក់កំហុសមកលើកម្ពុជា ៣ចំណុច។ ចំណុចទី១៖ យោធាថៃឈ្លានពាន បានចោទប្រកាន់ថា កម្ពុជាបានដាក់ពង្រាយអាវុធ និងប្រព័ន្ធប្រឆាំងដ្រូន នៅបរិវេណប្រាសាទព្រះវិហារ។

ការចោទប្រកាន់នេះ ត្រូវបានយោធាថៃ យកមកប្រើជាលេស ថាប្រាសាទព្រះវិហារបានបាត់បង់ការការពារផ្លូវច្បាប់ ជាបណ្តោះអាសន្ន ក្រោមអនុសញ្ញាក្រុងឡាអេ ឆ្នាំ១៩៥៤ ក្នុងចេតនាការពារខ្លួន ក្រោមមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ចំណុចទី២៖ យោធាថៃឈ្លានពាន បានបដិសេធ និងចោទប្រកាន់កម្ពុជា ថា បានបកស្រាយបំភ្លៃការវាយតម្លៃរបស់អង្គការ UNESCO និងក្រុមប្រឹក្សា WHC–ICOMOS ដែលបានបង្ហាញពីការខូចខាតនៃសំណង់ប្រាសាទ។ ត្រង់ចំណុចនេះ មានន័យថា ភាគីថៃ បានព្យាយាមទម្លាក់កំហុសលើការខូចខាតទាំងឡាយនៃសំណង់ប្រាសាទ គឺបណ្ដាលមកពីសកម្មភាពយោធារបស់កម្ពុជាទៅវិញ ដើម្បីគេចវេះពីការទទួលខុសត្រូវជាអន្តរជាតិ។ ចំណុចទី៣៖ យោធាថៃឈ្លានពាន ចោទទៀតថា ការបោះទីតាំងយោធា និងអាវុធ នៅប្រាសាទព្រះវិហារ បង្ហាញពីការមិនយកចិត្តទុកដាក់ចំពោះបេតិកភណ្ឌវប្បធម៌។ ការថែរក្សាប្រាសាទឱ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ ទាមទារឱ្យមានការរក្សាមូលដ្ឋានយោធា គ្រឿងបរិក្ខារសឹក និងឃ្លាំងគ្រាប់ ឱ្យផុតពីបរិវេណប្រាសាទ និងតំបន់ជុំវិញ។

គួរបញ្ជាក់ផងដែរថា ការចេញមុខបដិសេធយ៉ាងប្រញាប់ប្រញាល់ និងការទម្លាក់កំហុសមកលើប្រទេសកម្ពុជា នៅពេលនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងបិទបាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធធុនធ្ងន់ វាយប្រហារ និងរំលោភលើអធិបតេយ្យភាពកម្ពុជា ដែលបានបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។ ទោះជាយ៉ាងណា កម្ពុជា បន្តបង្ហាញភស្តុតាង និងការវាយតម្លៃជាក់ស្តែង ពីអង្គការ UNESCO ទៅកាន់សហគមន៍អន្តរជាតិ ដើម្បីឆ្លុះបញ្ចាំងពីការពិត នៃអំពើឈ្លានពានដ៏ព្រៃផ្សៃរបស់យោធាថៃ ដែលបើកការឈ្លានពានទឹកដីខ្មែរទាំងកម្រោល កាលពីចុងឆ្នាំ២០២៥៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត