
រាជធានីបាងកក៖ ប្រជាជនថៃច្រើនជាង១លាន២សែន២ម៉ឺននាក់ បន្តរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នៅក្នុងខេត្តចំនួន៩ និងខណ្ឌចំនួន២ ក្នុងរាជធានីបាងកក បើទោះបីជាកម្រិតទឹក កំពុងចាប់ផ្តើមស្រកចុះបន្តិចម្ដងៗក៏ដោយ...។

គិតត្រឹមថ្ងៃពុធទី២១ ខែតុលានេះ ទឹកជំនន់បានបន្តគ្របដណ្ដប់លើខេត្តចំនួន១៩ និងខណ្ឌ២នៃរាជធានីបាងកក ដោយបានប៉ះពាល់ប្រជាជនជាង១លាននាក់ ខណៈភ្លៀងធ្លាក់ខ្លាំងនៅបន្តបង្អុរចុះ និងរំហូរទឹកពីភាគខាងជើងនៃប្រទេសថៃ បានបន្តបង្កសម្ពាធលើតំបន់រងគ្រោះ។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ (DDPM) រាយការណ៍ពីស្ថានភាពទឹកជំនន់នៅក្នុងខេត្តវិស្ណុលោក, នគរសុវណ្ណ, ឧទ័យធានី, នគរនាយក, ព្រះជិនបុរី, ស្ទឹងជ្រៅ, ជលបុរី, លពបុរី, សិង្ហបុរី, សុភណ្ឌបុរី, កញ្ចនបុរី, អង្គថង, ព្រះនគរស្រីអយុធ្យា, សមុទ្ទប្រាការ, នគរបទុម, រជ្ជបុរី, សមុទ្ទសង្គ្រាម, ពេជ្របុរី និងត្រាំង ព្រមទាំងរាជធានីបាងកកផងដែរ ខណៈបណ្តាខេត្តទាំងនេះសុទ្ធតែជា(អតីតដែនដីកម្ពុជាលើ)ដែលបាត់បង់ទៅនគរសៀមពីអតីកាល។

គ្រោះទឹកជំនន់នេះ បានគ្របដណ្ដប់លើ៧១ស្រុក-ខណ្ឌ, ៥៥២ឃុំ-សង្កាត់ និង ៣៨៨៧ភូមិ ប៉ះពាល់ដល់ពលរដ្ឋ៤០២៦៣៧គ្រួសារ និងប្រជាជនសរុប ១ ២២៣ ២២៩នាក់។ នាយកដ្ឋានបានឱ្យដឹងថា ស្ថានភាពនៅតែបន្តកើតមាន គឺបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងទៅៗនៅតំបន់ជាច្រើន រួមផ្សំជាមួយទឹកហូរស្រកពីភាគខាងជើង មកបន្ថែមលើបរិមាណទឹកដែលមានស្រាប់ នៅក្នុងតំបន់កណ្តាល។ ទោះជាយ៉ាងណា កម្រិតទឹកកំពុងស្រកចុះនៅគ្រប់តំបន់ដែលរងផលប៉ះពាល់ទាំងអស់ ដែលបានចុះបញ្ជីក្នុងរបាយការណ៍ចុងក្រោយនេះ៕





