
រាជធានីភ្នំពេញ៖ មិនឱ្យយប់យូរសុបិនច្រើនទៀតនោះទេ! កម្ពុជា ប្រកាសឈប់យកប្រាសាទចំនួន៣ គឺប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបីតាមព្រំដែន ទៅដាក់លើតុចរចាជាមួយថៃទៀតហើយ គឺសម្រេចថា នឹងរៀបចំឯកសារប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ ឱ្យជួយកាត់សេចក្តីរកឈ្នះចាញ់តែម្តង។

យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា មិនមែនផ្តាច់ការចរចាទាំងស្រុង ឬឈប់និយាយជាមួយថៃគ្រប់គ្រឿងនោះទេ។ នៅមានរឿងសំខាន់ៗជាច្រើនផ្សេងទៀត ពិសេសរឿងព្រំដែន ដែលរាជរដ្ឋាភិបាលកម្ពុជា នៅតែចរចាជាមួយថៃជាប្រទេសជាប់របង។ ជាក់ស្តែង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចពិភាក្សាគណៈកម្មាធិការចម្រុះកម្ពុជា-ថៃ (JBC)។ តាមរយៈសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស នៅថ្ងៃទី៤ ខែមិថុនា រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់យ៉ាងច្បាស់ដូច្នេះថា៖«រឿងប្រាសាទទាំង៣ និងតំបន់មុំបី នឹងមិនត្រូវបានបញ្ចូលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ថៃ នាពេលខាងមុខឡើយ»។

រាជរដ្ឋាភិបាលថៃ ក៏បានចេញសេចក្តីថ្លែងការណ៍ដែរ នៅថ្ងៃទី៤ ខែមិថុនា ដោយបង្ហាញជំហរចង់ចរចាត្រឹមតែជាមួយកម្ពុជាផ្ទាល់ដូចរាល់ដង ក្នុងនាមជាប្រទេសជិតខាង ជាជាងឡើងទៅដល់តុលាការយុត្តិធម៌អន្តរជាតិ។ បន្ថែមពីនេះ ក្រោយចេញពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី៤ ខែមិថុនាដដែល លោកឧបនាយករដ្ឋមន្រ្តី ភូមិថាំ វេជ្យៈឆ័យ (ភាសាថៃ៖ ภูมิธรรม เวชยชัย) រដ្ឋមន្រ្តីការពារជាតិថៃ បានចេញមកប្រកាសយ៉ាងដូច្នេះថា៖«រាជរដ្ឋាភិបាលថៃ សង្ឃឹមថា នឹងអាចរារាំងកម្ពុជាបាន មិនឱ្យយកបញ្ហាទឹកដី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ»។

ផ្អែកតាមសេចក្តីថ្លែងការណ៍រៀងខ្លួន កម្ពុជា-ថៃ នៅតែរក្សាគោលជំហរចរចាជាមួយគ្នាដដែល ដោយពឹងលើច្បាប់អន្តរជាតិ និងយន្តការនានា ដែលប្រទេសទាំង២មានស្រាប់ ដូចជា អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនប្រទេសទាំង២ ជាដើម។ លើកលែងតែប្រាសាទ៣ និងតំបន់មុំបី ដែលកម្ពុជាឈប់លើកមកចរចាជាមួយថៃ ដោយរង់ចាំតតាំងគ្នានៅតុលាការយុត្តិធម៌អន្តរជាតិតែម្តង។

សូមរម្លឹកប្រវត្តិសាស្រ្តថា ថៃធ្លាប់ចាញ់កម្ពុជា នៅតុលាការយុត្តិធម៌អន្តរជាតិម្ដងរួចមកហើយ តាំងពីអំឡុងឆ្នាំ១៩៦២ ដោយកាលនោះ តុលាការយុត្តិធម៌អន្តរជាតិ សម្រេចថា ប្រាសាទព្រះវិហារជារបស់កម្ពុជា។ ក៏សូមជម្រាបសាវតារដែរថា កម្ពុជាសម្រេចចិត្តរៀបចំបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនាពេលនេះ ដើម្បីតតាំងជាមួយថៃម្តងទៀត ក្នុងសំណុំរឿងប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី គឺបន្ទាប់ពីមានការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់មុំបី កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់ គឺលោកព្រឹន្ទបាលឯក សួន រ៉ោន បានបាត់បង់ជីវិត។

រាជរដ្ឋាភិបាលកម្ពុជា លើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា ប្រាសាទទាំង៣ និងតំបន់មុំបីនេះ គឺជាទីតាំងរសើប និងដោះស្រាយមិនចេញជាយូរលង់មកហើយ ហើយអាចឥទ្ធិពលធ្វើឱ្យមានភាពតានតឹងកើតឡើងរវាងកម្ពុជា-ថៃ បើបន្តទុកចោលមិនព្រមដោះស្រាយ៕


