
រាជធានីបាងកក៖ ដោយសារភ័យខ្លាចចំពោះរលកនៃកំហឹងមហាជន និងខ្លាចបាត់បង់អំណាច នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរគុល បានប្រញាប់ប្រញាល់ចេញបញ្ជាទៅកាន់អគ្គស្នងការនគរបាលជាតិរបស់ខ្លួន ឱ្យតាមដានការតវ៉ាយ៉ាងក្ដៅគគុកនៅប្រទេសបារាំង និងបានរៀបចំផែនការបង្រ្កាបជាមុន ដើម្បីកុំឱ្យហេតុការណ៍ស្រដៀងគ្នានេះ កើតឡើងនៅក្នុងប្រទេសថៃ។ នេះបើតាមការចុះផ្សាយដោយកាសែតថៃ ខាវសដ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។

ទង្វើឆ្លេឆ្លារបស់មេដឹកនាំថៃរូបនេះ ត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីកិច្ចប្រជុំសន្តិសុខមួយ មានការចូលរួមពីមេបញ្ជាការយោធា មន្ត្រីចារកិច្ច និងអាជ្ញាធរគ្រប់គ្រង រៀបចំឡើងដោយអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ ដែលទើបតែងតាំងថ្មី គឺ លោក ជ័យព្រឹក្ស ឌួងប្រៈផាន់ (ชัยพฤกษ์ ด้วงประพัฒน์) ក្នុងគោលបំណងរៀបចំយុទ្ធសាស្ត្រសន្តិសុខ ដើម្បីបង្ក្រាបភាពចលាចលផ្ទៃក្នុង។ នៅពេលត្រូវបានសួរអំពីស្ថានការណ៍នៅប្រទេសបារាំង អនុទីន អះអាងថា លោកបានទាក់ទងភ្លាមៗទៅកាន់អគ្គស្នងការនគរបាលជាតិ លោក សំរាន នួលម៉ា (สำราญ นวลมา) ដើម្បីតាមដានការវិវត្តនៃស្ថានការណ៍ និងទប់ស្កាត់ការរីករាលដាល ឬហេតុការណ៍ពាក់ព័ន្ធនានា នៅក្នុងប្រទេសថៃ។

លើសពីនេះ អនុទីន បានបញ្ជាក់ដើម្បីបិទបាំងភាពភ័យខ្លាចរបស់ខ្លួនថា ប្រទេសថៃមានលក្ខណៈខុសប្លែកពីប្រទេសបារាំង លើសមាសភាពសង្គម ព្រោះប្រទេសថៃរស់នៅក្នុងសុខសន្តិភាព និងការឯកភាព ទោះបីជាមានបរិបទខុសគ្នាក៏ដោយ។ ជាចុងក្រោយ នាយករដ្ឋមន្រ្តីថៃរូបនេះ សង្កត់ធ្ងន់ថា ប៉ូលិសគួរតែសិក្សាអំពីស្ថានការណ៍នេះ និងរៀបចំផែនការបម្រុងទុក ដើម្បីថែរក្សាសន្តិសុខក្នុងស្រុក និងសណ្តាប់ធ្នាប់សាធារណៈ៕





