ស្ថានភាពកាន់តែយ៉ាបយ៉ឺន! ថៃ ត្រៀមបញ្ជូនទូតខ្មែរចេញពីប្រទេសខ្លួន
Mao Sopha
23 កក្កដា 2025 02:06 PM

រាជធានីភ្នំពេញ៖ លោក ភូមិថាំ វិជ្យៈឆ័យ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ហើយក៏កំពុងកាន់តំណែងនាយករដ្ឋមន្រ្តីថៃជាបណ្តោះអាសន្នផងនោះ បានប្រកាសនៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះថា រាជរដ្ឋាភិបាលថៃ នឹងកោះហៅឯកអគ្គរាជទូតខ្លួនចេញពីកម្ពុជា ត្រឡប់ទៅប្រទេសថៃវិញ ហើយទន្ទឹមគ្នានេះ ក៏នឹងបញ្ចូនឯកអគ្គរាជទូតកម្ពុជាចេញពីប្រទេសខ្លួន ឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញដែរ។ ការប្រកាសដោយគ្មានការព្រៀងទុករបស់នាយករដ្ឋមន្រ្តីបណ្តោះអាសន្នរូបនេះ ត្រូវបានសារព័ត៌មាននានារបស់ថៃ ដូចជា TV BPS, Khaosod, និង Voice TV ជាដើម ស្រង់យកទៅចុះផ្សាយយ៉ាងព្រោងព្រាត។ 

លោក ភូមិថាំ
លោក ភូមិថាំ

ជាការកត់សម្គាល់ ការប្រកាសរបស់លោក ភូមិថាំ ធ្វើឡើងភ្លាមៗ បន្ទាប់ពីមានទាហានថៃ១ក្រុមទៀត បានជាន់មីននៅតាមព្រំដែន នារសៀលថ្ងៃទី២៣កក្កដានេះ ដោយក្នុងនោះ ម្នាក់ដាច់ជើងម្ខាង និង៤នាក់រងរបួស។ ទាហានថៃ៣នាក់ បានជាន់មីនរងរបួសតាមព្រំដែនម្តងរួចមកហើយ កាលពីថ្ងៃទី១៦កក្កដាកន្លងទៅថ្មីៗនេះ។ លោក ភូមិថាំ អះអាងថា ការកោះហៅទូតខ្លួនចេញពីកម្ពុជា និងការបញ្ចូនទូតកម្ពុជាចេញពីថៃ គឺដើម្បីកាត់បន្ថយទំនាក់ទំនងការទូតជាមួយគ្នា ដោយសារមិនសប្បាយចិត្តនឹងរឿងកងទ័ពខ្លួនរងរបួសលើកទី២ក្នុងឧបទ្ទវហេតុជាន់មីន។ យ៉ាងណា លោក ពុំបានបញ្ជាក់ឡើយថា នឹងកោះហៅទូតខ្លួន និងបញ្ជូនទូតកម្ពុជាចេញនៅពេលណា។ 

លោក ទុល ត្រៃសូរ៉ាត់ ទូតថៃប្រចាំនៅកម្ពុជា និងលោក ហ៊ុន សារឿន ទូតខ្មែរប្រចាំនៅថៃ
លោក ទុល ត្រៃសូរ៉ាត់ ទូតថៃប្រចាំនៅកម្ពុជា និងលោក ហ៊ុន សារឿន ទូតខ្មែរប្រចាំនៅថៃ

បើថៃ ពិតជាសម្រេចធ្វើដូច្នេះមែន ប្រទេសជាប់របងជាមួយគ្នាទាំង២ នឹងធ្លាក់ទៅក្នុងស្ថានភាពមួយកាន់តែធ្ងន់ធ្ងរ ពីព្រោះថា លើពិភពលោក គេកម្រនឹងដកទូតខ្លួន ហើយបញ្ចូនទូតប្រទេសដទៃ ចេញពីប្រទេសខ្លួនបែបនេះណាស់។ រឿងធ្ងន់ធ្ងរ មិនមែនត្រឹមតែផ្នែកការទូតប៉ុណ្ណឹងទេ! ក្រោយកងទ័ពខ្លួនជាន់មីនជាលើកទី២នេះ លោក ប៊ុនស៊ីន ផាដក្លាង មេបញ្ជាការប្រចាំភូមិភាគ២របស់ថៃ ក៏ចេញបញ្ជាឱ្យបិទប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ចាប់ពីថ្ងៃទី២៤កក្កដាតទៅ។ កាសែត Khaosod សរសេរថា រាជរដ្ឋាភិបាលថៃ ត្រៀមកាត់បន្ថយការទូតជាមួយកម្ពុជា ហើយស្របពេលជាមួយគ្នានេះ កងទ័ពថៃឯណោះ ក៏ចាប់ផ្តើមរៀបចំផែនការធ្វើសង្គ្រាមទុកជាមុនឱ្យហើយផងដែរ

លោក ប៊ុនស៊ីន
លោក ប៊ុនស៊ីន

តើថៃបិទប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីនៅកន្លែងណា ឬច្រកណា? គេមិនទាន់ដឹងច្បាស់ត្រង់កន្លែងនេះឡើយ។ ប៉ុន្តែ បើថៃ ហ៊ានបិទប្រាសាទទាំង២នេះនៅប៉ែកខាងទឹកដីកម្ពុជាកាន់កាប់នោះ ភាគីកម្ពុជា ច្បាស់ជាមិននៅស្ងៀមឡើយ។ កម្ពុជា ធ្លាប់ប្រកាសរួចហើយថា មិនចង់ធ្វើសង្គ្រាមនោះទេ តែកម្ពុជាត្រៀមខ្លួន ត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីឆ្លើយតបត្រឡប់ទៅវិញ ក្នុងករណីថៃ បង្កសង្គ្រាមមុន ឬធ្វើអំពើអ្វីធ្ងន់ធ្ងរមុន៕  

ទាហានខ្មែរ និងទាហានថៃ នៅប្រាសាទតាមាន់ធំ
ទាហានខ្មែរ និងទាហានថៃ នៅប្រាសាទតាមាន់ធំ

អត្ថបទទាក់ទង៖

ច្បាស់ការណ៍! មេទ័ពថៃភូមិភាគ២ បញ្ជាឱ្យបិទប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងច្រកព្រំដែនចំនួន៤ជាមួយកម្ពុជា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត