
រដ្ឋធានីម៉ានីល៖ ប្រធានប្រតិភូសភាកម្ពុជា និងជាប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា លោក សួស យ៉ារ៉ា បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅនឹងការលើកឡើងរបស់ភាគីថៃ ដោយសង្កត់ធ្ងន់ថា ការអនុវត្តច្បាប់ និងកិច្ចព្រមព្រៀងនានា មិនត្រូវឈប់ត្រឹមតែលើក្រដាសនោះទេ ប៉ុន្តែត្រូវតែអនុវត្តជាក់ស្តែង ដើម្បីដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាពិសេស ជនភៀសសឹក និងកុមារកម្ពុជា ដែលកំពុងបាត់បង់ទីជម្រក និងការសិក្សា...។

ប្រធានប្រតិភូសភាកម្ពុជា ថ្លែងដូច្នេះ ក្នុងកិច្ចប្រជុំសវនាការអាយប៉ា-អាស៊ាន លើកទី៥ កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន ឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រតិភូសភាថៃ ថា កម្ពុជាមិនគួរយកបញ្ហាជម្លោះរវាងកម្ពុជា-ថៃ មកពិភាក្សានៅក្នុងវេទិកាពហុភាគីឡើយ។ លោក សួស យ៉ារ៉ា បានពន្យល់យ៉ាងច្បាស់ថា៖«ការអនុវត្តច្បាប់ មិនមែនមានតែនៅក្នុងកិច្ចព្រមព្រៀងតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវការអនុវត្តទៅលើស្ថានភាពជាក់ស្តែង»។ លោកសង្កត់ធ្ងន់ថា ដោយសារបច្ចុប្បន្ន ជនភៀសសឹក និងកុមាររបស់កម្ពុជា មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋាន និងចូលរៀនវិញបាននៅឡើយ ដូច្នេះ ការជួយដល់ជនភៀសសឹកទាំងនោះ គឺជាសក្ខីភាពបង្ហាញថា អាយប៉ា(AIPA) និងអាស៊ាន(ASEAN) ពិតជាយកប្រជាជនជាស្នូល ស្របតាមគោលការណ៍របស់ខ្លួន។

លោក សន សារ៉ាណា គណៈប្រតិភូសភាកម្ពុជា មួយរូបទៀត ក៏បានថ្លែងបទអន្តរាគមន៍បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះអាស៊ាន ដែលយកប្រជាជនជាស្នូល និងគាំទ្រភាពជាដៃគូអាស៊ាន-អាយប៉ា ដើម្បីឈានទៅសម្រេចចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥។ ក្នុងឱកាសនោះ ប្រតិភូសភាកម្ពុជា ក៏បានអំពាវនាវឱ្យសភាអាយប៉ា ជំរុញបន្ថែមទៀតដល់ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលកម្ពុជា ប្រមាណជាង២ម៉ឺននាក់ អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញ ដោយសុវត្ថិភាព ស្ម័គ្រចិត្ត និងមានសេចក្តីថ្លៃថ្នូរ។ សូមជម្រាបថា ប្រធានសភាថៃ លោក សុភ័ណ សារ៉ាម (โสภณ ซารัมย์) កាលពីពេលថ្មីៗនេះ បានសម្ដែងការជំទាស់ ចំពោះការលើកឡើងរបស់កម្ពុជា ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ និងជោគវាសនាជនភៀសសឹកជាង២ម៉ឺនាក់ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ និងនៅក្នុងសារផ្លូវការរបស់អាយប៉ា ក្នុងកំលុងកិច្ចប្រជុំអាស៊ាន នៅប្រទេសហ្វីលីពីន។

ប្រធានសភាថៃ លើកឡើងដោយមិនចេះខ្មាសអៀនថា ជម្លោះព្រំដែន រវាងកម្ពុជា និងថៃ ដែលមិនទាន់ដោះស្រាយរួចរាល់ គួរត្រូវបានដោះស្រាយតាមរយៈការចរចាទ្វេភាគី ជាជាងការលើកយកមកពិភាក្សានៅក្នុងវេទិកាសភាអាស៊ាន ទាំងដែលថៃខ្លួនឯងសោះ ជាអ្នកបំផ្លាញទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។ យ៉ាងណា ការតវ៉ារបស់ប្រធានសភាថៃ មិនទទួលបានជោគជ័យទេ នឹងធ្វើឱ្យចំណុចរសើបនៃអំពើឈ្លានពានរបស់យោធាថៃ ដែលត្រូវមេដឹកនាំកម្ពុជា បកស្បែកមុខកាន់តែទទួលបានការចាប់អារម្មណ៍កាន់ខ្លាំងពីមេដឹកនាំពិភពលោក៕




