
បទបរិយាយ៖ នៅក្នុងទីក្រុងសិនជិន ប្រទេសចិន កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីថៃ អនុទីន ឆានវីរគុល (อนุทิน ชาญวีรกุล) បានឆ្លើយឆ្លងសំណួរជាមួយអ្នកសារព័ត៌មានចិន ដោយបានបង្កឱ្យមានការចាប់អារម្មណ៍ និងវែកញែកយ៉ាងផុលផុសជុំវិញរឿងរ៉ាងចម្លងប្រវត្តិសាស្ត្រ ជាតិពន្ធុ និងអត្តសញ្ញាណវប្បធម៌ខ្មែរ។ នៅក្នុងកិច្ចសម្ភាស លោក អនុទីន បានលើកឡើងច្បាស់ៗ និងជឿជាក់ថា ចិន និងថៃ គឺជាបងប្អូននឹងគ្នា ហើយ៩០ភាគរយនៃប្រជាជនថៃ គឺមានប្រភពមកពីប្រទេសចិន។ ជុំវិញការលើកឡើងនេះ មានការវែកញ៉ែក និងចោទជាសំណួរជាច្រើន ថា ជនជាតិថៃ ៩០ភាគរយជាប់ខ្សែស្រឡាយចិន ប៉ុន្តែទឹកដីថៃសព្វថ្ងៃជន់ជោរសម្បូរដោយវប្បធម៌ខ្មែរ ដូច្នេះ វាបានបញ្ជាក់យ៉ាងច្បាស់ហើយថា ថៃ ឬតៃ ជាជនជាតិភាគតិចដែលបានមករស់នៅលើដីខ្មែរ ក្នុងសម័យចក្រភពខ្មែរដ៏រុងរឿង ហើយបានច្បាំងដណ្តើមទឹកដីខ្មែរយកធ្វើជារបស់ខ្លួន រហូតមកដល់បច្ចុប្បន្ន...។

នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានចិន លោក អនុទីន បានរលាស់អណ្តាតដោយមិនបានគិតគូរ គ្រប់ជ្រុងជ្រោយថា៖«ចិន និងថៃ..លើសពីភាពជាដៃគូទៅទៀត ពួកយើង គឺជាបងប្អូននឹងគ្នា។ ខ្ញុំគិតថា ៩០ភាគរយនៃប្រជាជនថៃ គឺមានឫសគល់ (ឬខ្សែស្រឡាយ)មកពីប្រទេសចិន។ យើងមិនអាចរស់នៅដោយខ្វះគ្នាបានទេ ហើយប្រទេសថៃ នឹងតែងតែគាំទ្រ និងលើកទឹកចិត្តដល់ការបណ្តាក់ទុនរបស់ចិន ចូលមកក្នុងប្រទេសរបស់យើង ព្រមទាំងត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្របសម្រួលរាល់បទប្បញ្ញត្តិ និងសកម្មភាពទាំងអស់ សម្រាប់អ្នកវិនិយោគចិន ក៏ដូចជាភ្ញៀវទេសចរចិន ដែលមើលឃើញប្រទេសថៃ គឺជាគោលដៅសម្រាកលំហែកាយរបស់ពួកគេ»។ យ៉ាងណា ការលើកឡើងអំពីខ្សែស្រឡាយចិន៩០ភាគរយនេះ បានធ្វើឱ្យមហាជន និងអ្នកតាមដានប្រវត្តិសាស្ត្រ វិភាគ និងវែកញែកយ៉ាងផុលផុស អំពីឫសគល់នៃទឹកដី និងអរិយធម៌ដែលកំពុងមានវត្តមាននៅលើទឹកដីប្រទេសថៃ នាពេលបច្ចុប្បន្ន។ តាមប្រវត្តិសាស្ត្រ ជនជាតិចិន ពិតជាបានធ្វើអន្តោប្រវេសន៍ចូលមករស់នៅ និងរកស៊ីនៅលើទឹកដីសៀម (បច្ចុប្បន្ន ថៃ) ជាច្រើនជំនាន់មែន ជាពិសេស នៅក្នុងសម័យរតនកោសិន្ទ្រ៍ ដែលនាំឱ្យមានការរៀបអាពាហ៍ពិពាហ៍ចម្រុះជាតិសាសន៍ និងបង្កើតបានជាពលរដ្ឋថៃ ជាប់ខ្សែស្រឡាយចិន យ៉ាងច្រើនសន្ធឹកសន្ធាប់ រួមទាំងថ្នាក់ដឹកនាំនយោបាយ និងអ្នកជំនួញធំៗនៅក្នុងប្រទេសថៃសព្វថ្ងៃ។

ប្រសិនបើថៃជាជនជាតិភាគតិច មានប្រភពចេញពីអម្បូរឈាមជ័រចិនមែន ហេតុអ្វីបានជាអរិយធម៌ និងមរតកវប្បធម៌ខ្មែរ រីកដុះដាលស្គុះស្គាយនៅលើទឹកដីថៃ..? បើគេក្រឡេកទៅមើលភស្តុតាងប្រវត្តិសាស្ត្រ បុរាណវិទ្យា និងវប្បធម៌ ដែលកំពុងចាក់ឫសនៅលើទឹកដីនៃប្រទេសថៃសព្វថ្ងៃ គេនឹងឃើញយ៉ាងច្បាស់នូវឥទ្ធិពលដ៏ធំធេងនៃអរិយធម៌ខ្មែរសម័យអង្គរ និងមុនអង្គរ រួមទាំងសំណង់ប្រាសាទ សិល្បៈ របាំ តន្ត្រី ប្រពៃណី ភាសា និងជំនឿសាសនា ដែលសូម្បីតែភាសាថៃបច្ចុប្បន្ន ក៏បានខ្ចីពាក្យពេចន៍ពីភាសាខ្មែរទៅប្រើប្រាស់រហូតមកដល់សព្វថ្ងៃដែរ។ តាមរយៈដំណើរវិវត្តន៍នៃប្រវត្តិសាស្ត្រ និងសន្ធិសញ្ញាបារាំង-សៀម នាឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ទឹកដី និងអតីតខេត្តខ្មែរជាច្រើន ត្រូវបានកាត់ផ្តាច់ចេញពីមាតុភូមិកម្ពុជា ទៅស្ថិតក្រោមការគ្រប់គ្រងរបស់សៀម ក្នុងនោះរួមមាន៖ ខេត្តនគររាជសីមា, ខេត្តបុរីរម្យ, ខេត្តសុរិន្ទ្រ, ខេត្តសិរីសាកេត, ខេត្តឧប្បលរាជធានី, ខេត្តសង្គឹត ឬសិង្គារ, ខេត្តមហាសារខាម, ខេត្តរយឯត, ខេត្តយសោធរ, ខេត្តអំណាចចម្រើន, ខេត្តចន្ទបុរី, ខេត្តស្រះកែវ, ខេត្តព្រះជិនបុរី, ខេត្តបស្ចិមបុរី, ខេត្តរយ៉ង, ខេត្តជលបុរី, និងខេត្តត្រាច។

ទោះបីជាខេត្តទាំងនេះ បានស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាលនៃរាជធានីបាងកកអស់រយៈពេលជាងមួយសតវត្សរ៍មកហើយក្ដី ក៏ឈ្មោះដើម ភាសា ប្រពៃណី ទំនៀមទម្លាប់ និងប្រាង្គប្រាសាទបុរាណរាប់រយកន្លែងនៅលើទឹកដីទាំងនោះ នៅតែបន្សល់ទុកស្លាកស្នាម និងសក្ខីភាពប្រវត្តិសាស្ត្រយ៉ាងច្បាស់ក្រឡែត អំពីអរិយធម៌ដ៏រុងរឿងរបស់បុព្វបុរសខ្មែរនាសម័យអតីតកាល។ តើថៃជាជនជាតិភាគតិចរស់នៅលើដីខ្មែរ ឬយ៉ាងណា..? បើតាមការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ ជនជាតិថៃ គឺក្រុមអម្បូរភាសា តៃ-កាដៃ ដែលមានដើមកំណើតនៅតំបន់ភាគខាងត្បូងនៃប្រទេសចិន។ ពួកគេបានចាប់ផ្តើមធ្វើដំណើរផ្លាស់ទីលំនៅចុះមកភាគខាងត្បូង ជាបន្តបន្ទាប់ ចូលមកកាន់តំបន់ជ្រលងទន្លេចៅពញា (ថៃហៅ ចៅព្រះយ៉ា) ដែលកាលណោះ គឺជាទឹកដីមួយដុំធំ ស្ថិតក្រោមការគ្រប់គ្រង និងឥទ្ធិពលរបស់ចក្រភពខ្មែរ និងអាណាចក្រមន ឬនគរហ្សាវតី (បច្ចុប្បន្ន ភូមា)។ នៅពេលដែលអំណាចរបស់ចក្រភពខ្មែរ ចាប់ផ្តើមចុះខ្សោយ នាសតវត្សរ៍ទី១៣ ក្រុមមេដឹកនាំជនជាតិសៀម បានរួបរួមគ្នាបង្កើតរដ្ឋឯករាជ្យដំបូងៗ ដូចជា៖ អាណាចក្រសុខោទ័យ និងបន្តដណ្តើមយកអយុធ្យា។ ក្នុងដំណើរការកសាងរដ្ឋទាំងនេះ ជនជាតិសៀមមិនត្រឹមតែបានគ្រប់គ្រងលើទឹកដីដែលធ្លាប់ជាចំណុះរបស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទទួលយកប្រព័ន្ធរដ្ឋបាល វប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ទៅធ្វើជាមូលដ្ឋានគ្រឹះនៃវប្បធម៌របស់ខ្លួនទៀតផង។

ក្នុងរយៈពេលរាប់រយឆ្នាំកន្លងមក ប្រជាជនដើមនៅលើទឹកដីនោះ រួមមាន៖ ជនជាតិខ្មែរ មន និងជនជាតិដើមភាគតិចផ្សេងទៀត រួមជាមួយនឹងជនជាតិតៃ និងជនអន្តោប្រវេសន៍ចិន ដែលហូរចូលមករស់នៅពេលក្រោយៗ បានរស់នៅលាយឡំគ្នា រៀបអាពាហ៍ពិពាហ៍ជាមួយគ្នា និងធ្វើសមាហរណកម្មជាតិសាសន៍របស់រាជរដ្ឋាភិបាលថៃ រហូតក្លាយជា «ប្រជាជាតិថៃ» តែមួយមកដល់សព្វថ្ងៃនេះ។ សរុបជារួមមក ការលើកឡើងរបស់លោក អនុទីន អំពីខ្សែស្រឡាយចិន៩០ភាគរយ ឆ្លុះបញ្ចាំងពីការពិតនៃការធ្វើអន្តោប្រវេសន៍នៃអម្បូរជនជាតិតៃ ដែលមានឈាមជ័រជាជនជាតិចិន។ ទន្ទឹមនេះ វត្តមាន ដ៏ចាក់ស្រែះនៃអរិយធម៌ វប្បធម៌ និងប្រាង្គប្រាសាទខ្មែរនៅលើទឹកដីថៃ គឺជាសក្ខីភាពប្រវត្តិសាស្ត្រ ដែលមិនអាចប្រកែកបាន ថា ទឹកដីមួយភាគធំនៃប្រទេសថៃសព្វថ្ងៃ គឺជាអតីតដែនដី និងជាមជ្ឈមណ្ឌលអរិយធម៌ដ៏រុងរឿងរបស់បុព្វបុរសខ្មែរ ដែលក្រុមជនជាតិភាគតិចអម្បូរតៃ ធ្លាប់បានមកសុំជ្រកកោនផ្ញើខ្លួនផ្ញើប្រាណ មុននឹងប្រើប្រាស់កលល្បិចដណ្តើមកាន់កាប់ទឹកដី បង្កើតជារដ្ឋឯករាជ្យ ហើយបានលួចចម្លងវប្បធម៌ និងអរិយធម៌ខ្មែរ រួចការឡៃច្នៃប្រឌិតទៅជារបស់ខ្លួនទាំងបំពាន៕





