មិនចេះអស់លេសបង្ករឿង! កម្ពុជាបដិសេធការចោទប្រកាន់របស់ថៃ យកកិច្ចប្រជុំហ្វ្រង់កូហ្វូនីបង្ខូចកេរ្តិ៍ឈ្មោះខ្លួន
S
Soriya Sou
•
2 ថ្ងៃមុន

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញមកបដិសេធយ៉ាងដាច់អហង្កា ចំពោះការចោទប្រកាន់របស់ក្រសួងការបរទេសថៃ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា កម្ពុជាបានប្រើប្រាស់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះថៃ ឬផ្សព្វផ្សាយរឿងនិទានតែម្ខាង។ ភាគីថៃ ថែមទាំងបានចោទកម្ពុជាជាប្រធានអង្គប្រជុំ ថា មានចេតនាមិនផ្តល់ឱកាសឱ្យថៃ បានថ្លែងសេចក្តីក្នុងអំឡុងពេលសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី ទៀតផង។

តាមរយៈសេចក្ដីថ្លែងការណ៍ កាលពីយប់ថ្ងៃទី១៩វិច្ឆិកា កម្ពុជាតាមរយៈក្រសួងការបរទេស បានបដិសេធយ៉ាងដាច់ខាត ចំពោះការចោទប្រកាន់ទាំងងងើលពីសំណាក់ភាគីថៃ និងបានអះអាងថា កម្ពុជាលើកឡើងពីស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ គឺមានបំណងទាញចំណាប់អារម្មណ៍ លើការវិវត្តនៅលើដី និងផលវិបាកមនុស្សធម៌ ព្រមទាំងសង្កត់ធ្ងន់លើសារសំខាន់នៃការសន្ទនា ការបន្ធូរបន្ធយភាពតានតឹង និងការដោះស្រាយវិវាទដោយសន្តិវិធី។ គោលបំណងទាំងនេះ គឺស្របតាមគោលការណ៍របស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងមូលបទនៃកិច្ចប្រជុំកំពូលលើកទី២០ គឺ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ អ្នកនាំពាក្យក្រសួងការបរទេស សង្កត់ធ្ងន់ថា ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ កម្ពុជា បានបំពេញការទទួលខុសត្រូវរបស់ខ្លួនដោយគ្មានលំអៀង តម្លាភាព និងការគោរពច្បាប់ និងនីតិវិធីរបស់អង្គការ OIF។

ក្នុងនាមជាសមាជិកពេញសិទ្ធិរបស់ OIF កម្ពុជា មានសិទ្ធិស្របច្បាប់ក្នុងការសម្ដែងនូវកង្វល់របស់ខ្លួន លើបញ្ហាដែលប៉ះពាល់ដល់អធិបតេយ្យ បូរណភាពទឹកដី និងសុខុមាលភាពរបស់ប្រជាជន។ ការចូលរួមបែបនេះ មិនគួរត្រូវបានយល់ខុស ថា ជាការប៉ុនប៉ងធ្វើឱ្យខូចទំនាក់ទំនងទ្វេភាគី ឬកិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្តដើម្បីដោះស្រាយការវិវាទដោយសន្តិវិធីឡើយ។ ចំពោះការចោទប្រកាន់របស់ថៃ ថា កម្ពុជាជាប្រធានអង្គប្រជុំ មានចេតនាមិនផ្តល់ឱកាសឱ្យថៃ បានថ្លែងសេចក្តីក្នុងអំឡុងពេលសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨ ក៏មិនមែនជាការពិតដែរ។ កម្ពុជាបំភ្លឺថា ដោយសារកិច្ចប្រជុំនេះ ប្រព្រឹត្តទៅយឺតពេលជាងកាលវិភាគកំណត់ជាងពីរម៉ោង ដូច្នេះ កម្ពុជា ជាប្រធានអង្គប្រជុំ ក្រោយបានពិគ្រោះយោបល់ជាមួយលេខាធិការដ្ឋានអង្គការ OIF ក៏បានឯកភាពផ្តល់អាទិភាពថ្លែងសេចក្តីដល់អ្នកសង្កេតការណ៍ ដែលមានតំណាងក្នុងកម្រិតរដ្ឋមន្ត្រី ខណៈអ្នកផ្សេងទៀត ត្រូវបានអញ្ជើញឱ្យដាក់សេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ ដើម្បីបញ្ចូលក្នុងកំណត់ត្រាផ្លូវការនៃកិច្ចប្រជុំ។

<br />

ការរៀបចំនេះ បានអនុវត្តដូចៗគ្នា ចំពោះគណៈប្រតិភូពាក់ព័ន្ធទាំងអស់ មិនមែនផ្តោតទៅលើគណៈប្រតិភូថៃនោះឡើយ។ អ្នកនាំពាក្យក្រសួងការបរទេស បញ្ជាក់បន្ថែមថា កង្វល់របស់កម្ពុជា ទាក់ទងនឹងស្ថានការណ៍ព្រំដែន គឺផ្អែកលើការវិវត្តដែលប៉ះពាល់ដល់ទឹកដី និងប្រជាជនរបស់ខ្លួន រួមមាន៖ ការប៉ះទង្គិចប្រដាប់អាវុធរវាងប្រទេសទាំងពីរ វត្តមានរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងដែនអធិបតេយ្យកម្ពុជា បន្ទាប់ពីបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការខូចខាតដល់បេតិកភណ្ឌវប្បធម៌កម្ពុជា ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋភៀសសឹកកម្ពុជា ប្រមាណ២ម៉ឺននាក់ ដែលនៅតែមិនអាចវិលត្រឡប់ទៅផ្ទះសម្បែង។ ដូច្នេះ កង្វល់មនុស្សធម៌ និងសន្តិសុខដ៏ធ្ងន់ធ្ងរទាំងនេះ មិនអាចត្រូវបានបដិសេធ ថា ជាការចោទប្រកាន់គ្មានមូលដ្ឋានឡើយចំពោះការលើកឡើងរបស់ថៃ អំពីកាលៈទេសៈប្រវត្តិសាស្ត្រនៃសហគមន៍កម្ពុជា នៅតំបន់ព្រំដែន កម្ពុជារក្សាជំហរថា ការទាមទារទឹកដីដែលខុសគ្នា ត្រូវតែដោះស្រាយតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ និងស្របតាមច្បាប់អន្តរជាតិ។

លោក សីហស័ក្តិ ភួងកែវកែវ រដ្ឋមន្រ្តីការបរទេសថៃ
លោក សីហស័ក្តិ ភួងកែវកែវ រដ្ឋមន្រ្តីការបរទេសថៃ

កម្ពុជាអំពាវនាវជាថ្មី ឱ្យបន្តឡើងវិញ ដោយមិនពន្យារពេលនៃការងារគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីពិនិត្យស្ថានការណ៍ជាក់ស្តែង និងជំរុញការកំណត់ព្រំដែនស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ កម្ពុជានៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការដោះស្រាយវិវាទរបស់ខ្លួនជាមួយថៃ តាមរយៈការសន្ទនា ការទូត និងមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ កម្ពុជាជឿជាក់យ៉ាងមុតមាំថា ភាពជាអ្នកជិតខាងល្អពិតប្រាកដ ត្រូវតែមានមូលដ្ឋានលើការគោរពគ្នាទៅវិញទៅមក ការអនុវត្តដោយស្មោះត្រង់នូវការប្តេជ្ញាដែលបានព្រមព្រៀងគ្នា និងការការពារសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជននៅសងខាងព្រំដែន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត