
រាជធានីព្រុចសែល៖ កិច្ចព្រមព្រៀងជាបន្តបន្ទាប់ ដែលមានគោលបំណងបញ្ចប់អរិភាព និង ដោះស្រាយវិវាទដោយសន្តិវិធី រវាងកម្ពុជា-ថៃ នៅមិនទាន់ត្រូវបានអនុវត្តយ៉ាងពេញលេញទេ ព្រោះកងកម្លាំងថៃ នៅបន្តធ្វើសកម្មភាពលើទីតាំងជាក់ស្តែង ក្នុងដែនអធិបតេយ្យកម្ពុជា។ រំលោភបំពានហើយ ថៃនៅចង់ខ្ទប់មាត់កម្ពុជា មិនឱ្យលើកយកទង្វើពាលរបស់ខ្លួនទៅនិយាយលើឆាកអន្តរជាតិ ក្រោមហេតុផលថា នេះជាបញ្ហាទ្វេភាគីសុទ្ធសាធ ហើយការលើកយកបញ្ហានេះ ទៅនិយាយជាមួយអន្តរជាតិ អាចធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងកសាងទំនុកចិត្តរវាងប្រទេសទាំងពីរទៅវិញ..។(Sic)

ថ្លែងក្នុងបទអន្តរាគមន៍ នាឱកាសមហាសន្និបាតតំបន់អឺរ៉ុប លើកទី៣៨ នៃសភាប្រើភាសាបារាំង នៅរាជធានីព្រុចសែល ប្រទេសប៊ែលហ្ស៊ិក ដែលមានមេដឹកនាំមកពីប្រទេសជាច្រើនចូលរួម នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភាកម្ពុជា ប្រតិភូតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃសភាប្រើភាសាបារាំង (APF) មានប្រសាសន៍ថា ប្រសិនបើមានឆន្ទៈស្មោះត្រង់ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងសម្រេចឱ្យបាននូវសន្តិភាពពិតប្រាកដនោះ ផ្លូវដែលត្រូវដើរ គឺមានភាពសាមញ្ញបំផុត។ នោះគឺ ភាគីម្ខាងទៀត[ថៃ]គ្រាន់តែគោរពតាមអនុសញ្ញា សន្ធិសញ្ញា ផែនទីឧបសម្ព័ន្ធ និងសេចក្ដីសម្រេចពាក់ព័ន្ធនានារបស់តុលាការយុត្តិធម៌អន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀងផ្សេងៗទៀត ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ដកកងកម្លាំងយោធារបស់ខ្លួនចេញពីទឹកដីកម្ពុជា ដែលថៃបានកាន់កាប់ដោយខុសច្បាប់ អនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរដែលត្រូវបានជម្លៀសវិលត្រឡប់ទៅលំនៅឋានរបស់ពួកគាត់វិញ និងត្រូវចាប់ផ្ដើមកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) ឡើងវិញ។

លោក អ៊ុច បូររិទ្ធ ថ្លែងបន្តថា សកម្មភាពយោធាថៃ ដែលបន្តកើតមាននៅលើទីតាំងជាក់ស្តែង លើផ្នែកខ្លះនៃទឹកដីអធិបតេយ្យរបស់កម្ពុជា ត្រូវបានរាយការណ៍ និងចងក្រងជាឯកសារដោយប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសង្កេតការណ៍អន្តរជាតិ ដែលស្នេហាសន្តិភាព និងយុត្តិធម៌ផងដែរ។ លោកសង្កត់ធ្ងន់ថា ការលើកយកបញ្ហាដែលថៃឈ្លានពានកម្ពុជា មកនិយាយលើឆាកអន្តរជាតិ ជាការអនុវត្តសិទ្ធិអធិបតេយ្យរបស់កម្ពុជា ក្នុងការជម្រាបជូនដល់សមាជិកសហគមន៍អន្តរជាតិ អំពីការវិវត្តនៃស្ថានភាពមួយ ដែលមានផលប៉ះពាល់ដោយផ្ទាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ការគោរពគ្នាទៅវិញទៅមក រវាងប្រជាជាតិ និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ។ ជំហាននេះ មិនមានន័យទាល់តែសោះថា កម្ពុជាកំពុងបង្កភាពតានតឹង ឬធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ មានប្រក្រតីភាពឡើងវិញនោះទេ។

លោកបន្ថែមថា ការកសាងទំនុកចិត្តត្រូវតែផ្អែកលើតម្លាភាព ការគោរពគ្នាទៅវិញទៅមក និងឆន្ទៈដ៏ស្មោះត្រង់របស់ភាគីទាំងពីរ ក្នុងការអនុវត្តឱ្យបានពេញលេញ និងដោយសុទ្ធចិត្ត នូវកិច្ចព្រមព្រៀងនានាដែលបានឯកភាពគ្នា។ ទំនុកចិត្ត គឺជាការទទួលខុសត្រូវរួម ដែលទាមទារឱ្យមានការគោរពចំពោះជំហរស្របច្បាប់ ក្ដីកង្វល់ និងសិទ្ធិអធិបតេយ្យរបស់ភាគីនីមួយៗ។ ប្រធានក្រុមសភាជាតិកម្ពុជា គូសបញ្ជាក់ទៀតថា ទំនុកចិត្ត មិនអាចពង្រឹងបានឡើយ តាមរយៈការប្រើប្រាស់វិធានការគំរាមកំហែង គៀបសង្កត់ សំដៅរឹតត្បិតសេរីភាពនៃការបញ្ចេញមតិក្នុងវិស័យការទូត ឬតាមរយៈការចោទជាសំណួរចំពោះសិទ្ធិរបស់ភាគីនីមួយៗ ក្នុងការបង្ហាញទស្សនៈ និងជំហររបស់ខ្លួន ជូនដល់សហគមន៍អន្តរជាតិ៕




