ថៃចល័តទ័ពកាន់តែច្រើនទៅព្រំដែន ខណៈកម្ពុជាត្រៀមប្តឹងទៅតុលាការអន្តរជាតិ
ម៉េងហុង
10 ខែមុន

រាជធានីបាងកក៖ កងទ័ព​ថៃ​បាន​បញ្ជាក់​ថា ខ្លួន​បាន​ត្រៀម​ខ្លួន​រួចជាស្រេចសម្រាប់​ការប៉ះទង្គិចគ្នាតាម​ព្រំដែន ​ដែល​អាច​កើត​មាន​ជាមួយ​កម្ពុជា ខណៈ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​បាន​សង្កត់​ធ្ងន់​ថា ដំណោះស្រាយ​ដោយ​សន្តិវិធី​ គឺ​អាច​ទៅ​រួច។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍ កាលពីថ្ងៃអាទិត្យទី១ ខែមិថុនា។ ទន្ទឹមនឹងកម្ពុជា ត្រៀមប្តឹងទៅតុលាការអន្តរជាតិតតាំងជាមួយថៃ ក្នុងសំណុំរឿងប្រាសាទចំនួន៣ គឺប្រាសាទតាមាន់តូច, តាមាន់ធំ, និងប្រាសាទតាក្របី ក៏ដូចជាតំបន់ទើបផ្ទុះអាវុធថ្មី«ច្រកមុំបី»...។

អ្នកនាំពាក្យកងទ័ពថៃ លោក វីនថៃ ស៊ូវ៉ារី (ភាសាថៃ៖ วินธัย สุวารี) បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា៖«ចលនាណាមួយរបស់យោធាថៃ គឺសំដៅការពារផលប្រយោជន៍ជាតិ ស្របតាមគោលការណ៍អន្តរជាតិ ហើយពួកគេត្រូវបានរៀបចំសម្រាប់ស្ថានភាពណាមួយដែលអាចកើតឡើងទាក់ទងនឹងជម្លោះទឹកដី ក្នុងខេត្តឧប្បលរាជធានីជាមួយកម្ពុជា»។ លោក វីនថៃ បន្តថា ការទាមទារទឹកដីឯកតោភាគីណាមួយដោយកម្ពុជា មិនមានសុពលភាពជាអន្តរជាតិនោះទេ ព្រោះប្រទេសទាំងពីរបានព្រមព្រៀងគ្នារួចហើយក្នុងការដោះស្រាយបញ្ហាទឹកដី តាមរយៈគណៈកម្មាធិការព្រំដែនរួម (JBC)។

រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ម៉ារីស ស្ងៀមពង្ស (ភាសាថៃ៖ มาริษ เสงี่ยมพงษ์) បានប្រាប់សន្និសីទសារព័ត៌មាននៅរសៀលថ្ងៃអាទិត្យថា លោកបានបញ្ជាឱ្យសមាជិកថៃនៃគណៈកម្មាធិការព្រំដែនរួមកម្ពុជា-ថៃ ជួបពិភាក្សាគ្នានៅក្រសួងការបរទេសនៅថ្ងៃអាទិត្យ ដើម្បីរៀបចំសម្រាប់ការចរចារបស់ពួកគេជាមួយសមភាគីកម្ពុជា។ រដ្ឋមន្ត្រី​រូបនេះ បានឱ្យដឹង​ថា ជំនួប​នេះ​ទាក់ទង​នឹង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ទាហាន​ថៃ និង​ខ្មែរ​ នៅ​តំបន់ឆងបកកាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភាកន្លងទៅ។

លោក ម៉ារីស ស្ងៀមពង្ស (ឈ្មោះជាភាសាថៃ៖ มาริษ เสงี่ยมพงษ์) 
លោក ម៉ារីស ស្ងៀមពង្ស (ឈ្មោះជាភាសាថៃ៖ มาริษ เสงี่ยมพงษ์) 

បន្ថែមពីនោះ លោក ម៉ារីស បានពិភាក្សាបញ្ហានេះជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងនាយករដ្ឋមន្ត្រីកម្ពុជា តាមទូរសព្ទ ឬដោយផ្ទាល់នៅក្នុងវេទិកាអន្តរជាតិនាពេលថ្មីៗនេះ ហើយភាគីទាំងពីរបានឯកភាពសហការគ្នាកាត់បន្ថយភាពតានតឹង និងប្រើប្រាស់យន្តការព្រំដែនរួមដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។ លោកបន្តថា៖«ថៃ និងកម្ពុជា មានភាពជិតស្និទ្ធខ្លាំងទាំងក្នុងកម្រិតរាជរដ្ឋាភិបាល និងស៊ីវិល។ ដូច្នេះ ចាំបាច់ត្រូវការពារស្ថានការណ៍កុំឱ្យតានតឹងខ្លាំង… ជម្លោះធ្ងន់ធ្ងរណាមួយនឹងមិនផ្តល់ផលប្រយោជន៍ដល់ភាគីណាមួយឡើយ»។ ទាក់ទិននឹងឧបទ្ទវហេតុកាលពីថ្ងៃទី២៨ ឧសភា រដ្ឋមន្ត្រីរូបនេះមានប្រសាសន៍ថា៖«ទោះជាយ៉ាងនេះក្ដី ខ្ញុំទទូចថា ចំណាត់ការរបស់ប្រទេសថៃ គោរពតាមគោលការណ៍ច្បាប់អន្តរជាតិ និងសមាមាត្រទៅនឹងស្ថានការណ៍»។

កងទ័ពភូមិន្ទថៃ កាលពីចុងសប្តាហ៍កន្លងទៅ បានបង្ហោះរបាយការណ៍ និងរូបភាពនៅលើទំព័រហ្វេសប៊ុក អំពីមេបញ្ជាការកងទ័ពប្រចាំតំបន់ លើកកម្ពស់ស្មារតី និងត្រួតពិនិត្យការត្រៀមលក្ខណៈរបស់កងកម្លាំងរបស់ពួកគេនៅជិតព្រំដែនកម្ពុជា-ថៃ។ មេបញ្ជាការកងទ័ពភូមិភាគទី២ លោកឧត្តមសេនីយ៍ទោ ប៊ុនស៊ីន ផាដខ្លាំង (ភាសាថៃ៖ บุญสิน ปัดกลาง) បានជួបជាមួយទាហាននៅជិតប្រាសាទតាមាន់ធំ ខណៈលោកឧត្តមសេនីយ៍ បេនចៈពល តេជះទិពង្ស ណ អយុធ្យា (ភាសាថៃ៖ เบญจพล เดชาติวงศ์ ณ อยุธยา) មេបញ្ជាការនៃក្រុមបូរ៉ាផា (บูรพา) បានជួបជាមួយអង្គភាពរថពាសដែកពិសេសនៅស្រុកអារញ្ញប្រទេស ខេត្តស្រះកែវ។

គួរបញ្ជាក់ថា មេដឹកនាំកម្ពុជា សម្រេចជ្រើសរើសយកយន្តការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) មកដោះស្រាយជាមួយថៃ ក្នុងសំណុំរឿងប្រាសាទចំនួន៣ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដែលប្រទេសទាំង២ ប្រទាញប្រទង់គ្នាដ៏យូរលង់មកហើយ បូករួមទាំងតំបន់មុំ៣ទើបនឹងផ្ទុះអាវុធជាមួយគ្នាផងដែរ។ តាមរយៈ គណនីហ្វេសប៊ុក នៅយប់ម៉ោង៩ៈ៣៦នាទីថ្ងៃទី១មិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសប្រាប់ប្រជាជនអំពីគម្រោងនៃការយកប្រាសាទទាំង៣នេះ និងតំបន់មុំ៣ ទៅប្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិ ក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីតតាំងជាមួយថៃ៕

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត