
រាជធានីបាងកក៖ នៅថ្ងៃអង្គារទី២៤ ខែមីនា ឆ្នាំ២០២៦នេះ មេបញ្ជាការស៊ើបការណ៍សម្ងាត់នៃកងទ័ពជើងគោកភូមិន្ទថៃ បានបញ្ចេញចរិតពិតជាថ្មី ដោយព្រមានថា ការផ្ទុះអាវុធជាលើកទី៣ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ អាចនឹងកើតមានគ្រប់ពេលវេលា...។

លោក ធីរៈណាន់ ណាន់ថៈខ្វាំង (Theeranan Nanthakwang) អគ្គនាយកនៃនាយកដ្ឋានស៊ើបការណ៍សម្ងាត់នៃកងទ័ពជើងគោកភូមិន្ទថៃ បានសរសេរតាមរយៈបណ្ដាញសង្គមនៅថ្ងៃទី២៤ ខែមីនា ថា ស្ថានភាពនៅតាមព្រំដែនថៃ-កម្ពុជា ហាក់កំពុងផ្លាស់ប្ដូរចេញពីការប្រឈមមុខដាក់គ្នាដោយយោធាផ្ទាល់ជាបណ្ដោះអាសន្ន ដោយកម្ពុជាបានងាកទៅផ្ដោតខ្លាំងលើការប្រើប្រាស់យុទ្ធសាស្ត្រច្បាប់ និងការទូតនៅលើឆាកអន្តរជាតិវិញ។ មន្ត្រីយោធាជាន់ខ្ពស់ថៃរូបនេះ បានលើកឡើងនូវកត្តា២យ៉ាង ក្នុងបំណងមួលបង្កាច់កម្ពុជាដោយឥតកេរ្តិ៍ខ្មាស។ កត្តាទី១ ការពង្រឹងសមត្ថភាពការពារជាតិរបស់កម្ពុជា៖ ក្នុងចំណុចនេះ ថៃចោទកម្ពុជាទាំងបំពានថាបានទិញអាវុធយ៉ាងសន្ធឹកសន្ធាប់ពីបណ្ដាប្រទេសនៅអឺរ៉ុបខាងកើត។ កត្តាទី២ បញ្ហានយោបាយផ្ទៃក្នុង៖ ត្រង់ចំណុចនេះ ថៃបានភ្ជាប់បញ្ហាព្រំដែនទៅនឹងការបោះឆ្នោតអាណត្តិក្រោយរបស់កម្ពុជានាឆ្នាំ២០២៧ ដើម្បីបង្កើតជារូបភាពនៃការគំរាមកំហែង។ ការចោទប្រកាន់ទាំងនេះ បង្ហាញថា កងទ័ពភូមិន្ទថៃនៅតែបន្តមហិច្ឆតាគឃ្លើន និងចង់ឈ្លានពានទឹកដីកម្ពុជាកាន់តែខ្លាំងថែមទៀត ដោយមិនខ្វល់ពីច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

អ្វីដែលគួរឱ្យកត់សម្គាល់ លោក ធីរៈណាន់ បានបញ្ជាឱ្យកងទ័ពថៃត្រៀមលក្ខណៈសម្រាប់ធ្វើសង្គ្រាមលើកម្ពុជាសាជាថ្មី ឬជាលើកទី៣ ក្នុងរយៈពេល៤ទៅ៥ខែខាងមុខ ពោលគឺបន្ទាប់ពីផុតរដូវវស្សា។ បន្ថែមពីនេះ លោកក៏បានជំរុញឱ្យយោធាថៃបង្កើនការហ្វឹកហាត់ បំពេញឃ្លាំងអាវុធ និងគ្រឿងយុទ្ធោបករណ៍ឱ្យបានសព្វគ្រប់ ដើម្បីត្រៀមខ្លួនសម្រាប់ការប៉ះទង្គិចគ្នាជាលើកទី៣។ ការលើកឡើងរបស់មេដឹកនាំស៊ើបការណ៍សម្ងាត់យោធាថៃរូបនេះ បង្ហាញយ៉ាងច្បាស់ពីចេតនាមិនចង់បានសន្តិភាព និងការព្យាយាមជំរុញឱ្យមានអរិភាពបន្ថែមទៀត ខណៈពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ច និងថាមពលយ៉ាងធ្ងន់ធ្ងរទៅហើយនោះ។ ចំពោះភាគីកម្ពុជាវិញ អន្តរជាតិមើលឃើញថា គោរពបទឈប់បាញ់ និងប្រឹងរក្សាភាពស្ងៀមស្ងាត់ ហើយពឹងផ្អែកលើច្បាប់អន្តរជាតិ សម្រាប់ដោះស្រាយជម្លោះ៕




