វិស័យនេសាទថៃប្រឈមនឹងការជាប់គាំង ក្រោយតម្លៃប្រេងម៉ាស៊ូតបន្តហក់ឡើងខ្ពស់
N
Nary Vann
12 ម៉ោងមុន

រាជធានីបាងកក៖ វិស័យនេសាទ ដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ប្រទេសថៃ កំពុងប្រឈមនឹងការគាំងដំណើរស្ទើរតែទាំងស្រុង ដោយសារតែការហក់ឡើងនៃតម្លៃប្រេងម៉ាស៊ូត បង្កឡើងដោយសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។

ក្រុមអ្នកនេសាទបានព្រមានថា ទូកនេសាទរបស់ពួកគេអាចនឹងត្រូវបញ្ឈប់សកម្មភាពក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ប្រសិនបើរាជរដ្ឋាភិបាលមិនមានវិធានការជួយជ្រោមជ្រែងឱ្យទាន់ពេលវេលាទេនោះ។ នៅកំពង់ផែនេសាទធំបំផុតរបស់ថៃ នៅខេត្តសមុទ្ទសាគរ( สมุทรสาคร) ក្នុងឈូងសមុទ្ទថៃ ទូកនេសាទជាងពាក់កណ្តាលបានចូលចតនៅកំពុងផែរួចរាល់ហើយ។ លោក ចមពល ធនវារី (นายจุมพล ฆนวารี) ប្រធានសមាគមអ្នកលក់ត្រីខេត្តសមុទ្ទសាគរ បានលើកឡើងថា៖«ក្រោយថ្ងៃទី១ ខែមេសា អ្នកអាចនឹងលែងឃើញមានត្រីលក់នៅលើទីផ្សារទៀតហើយ ព្រោះទូកនេសាទមិនអាចទ្រាំទ្រនឹងចំណាយលើកម្មករ និងគ្រួសាររបស់ពួកគេបានទៀតទេ»

តម្លៃប្រេងម៉ាស៊ូតនៅថៃបានឡើងដល់៣៨,៩៤បាត (១,១៩ដុល្លារ) ក្នុងមួយលីត្រ នាថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការឧបត្ថម្ភធនរបស់រាជរដ្ឋាភិបាលបានបញ្ចប់ ដែលកាលពីខែកុម្ភៈមានតម្លៃត្រឹមតែ២៩,៩៤បាតប៉ុណ្ណោះ។ ប្រសិនបើតម្លៃប្រេងឡើងដល់៤០បាតក្នុងមួយលីត្រ ការចេញទៅនេសាទនឹងលែងទទួលបានផលចំណេញ ហើយម្ចាស់ទូកនឹងត្រូវបង្ខំចិត្តផ្អាកដំណើរការតែម្ដង។ ក្នុងឆ្នាំ២០២៤ ថៃបាននាំចេញផលិតផលជលផលក្នុងតម្លៃ៧ពាន់លានដុល្លារ ទៅកាន់ទីផ្សារធំៗដូចជា អាម៉េរិក ជប៉ុន និងចិន។ 

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ឯកនិតិ និតិថាន់ប្រៈផាស เอกนิติ นิติทัณฑ์ประภาศ) បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងរៀបចំកញ្ចប់ជំនួយ រួមមាន៖ ការផ្គត់ផ្គង់ប្រេងជីវម៉ាស៊ូត B20 និងប្រេងដូង ដើម្បីទប់ស្កាត់ការឡើងថ្លៃបន្ថែមទៀត។ យោងតាមមន្ត្រីរបស់ប្រទេសថៃ រាជធានីបាងកក មានប្រេងបម្រុងទុកប្រហែល១០០ថ្ងៃ។ អ្នកនេសាទបានត្អូញត្អែរថា វិបត្តិថាមពលលើកនេះ មានសភាពធ្ងន់ធ្ងរជាងសម័យកាលកូវីដ-១៩ ទៅទៀត។ ដើម្បីសន្សំសំចៃប្រេង ពួកគេត្រូវបង្ខំចិត្តបើកទូកឱ្យយឺតជាងមុន ជាហេតុធ្វើឱ្យបរិមាណត្រីដែលចាប់បាន មានការធ្លាក់ចុះយ៉ាងខ្លាំង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត