បើមិនចង់រងពន្ធធ្ងន់-ក ថៃត្រូវតែដាក់លិខិតបំភ្លឺទៅអាម៉េរិកឱ្យបានទាន់ពេល ជុំវិញរឿងស៊ើបអង្កេតពាណិជ្ជកម្ម
ហៀប ស៊ីថេត
4 ម៉ោងមុន

រាជធានីបាងកក៖ ប្រទេសថៃ ត្រូវតែដាក់លិខិតបំភ្លឺ និងមតិយោបល់ទៅកាន់សហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងការស៊ើបអង្កេតពាណិជ្ជកម្មតាមមាត្រា៣០១ ឱ្យបានត្រឹមថ្ងៃទី១៥ ខែមេសាខាងមុខ។ នេះបើតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មថៃ កាលពីថ្ងៃចន្ទទី២៣ ខែមីនា។

លោកស្រី ជុទីម៉ា អៀមសាវ៉ាសឌីគុល (Chotima Iemsawasdikul) អគ្គនាយិកានៃនាយកដ្ឋានចរចាពាណិជ្ជកម្ម បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ប្រទេសថៃប្រឈមនឹងការដំឡើងពន្ធគយ ប្រសិនបើមិនអាចការពារករណីរបស់ខ្លួនបានជោគជ័យនោះទេ។ សូមជម្រាបថា ថៃស្ថិតក្នុងចំណោមប្រទេសចំនួន១៦ ដែលសហរដ្ឋអាម៉េរិកបានប្រកាសថា នឹងត្រូវរងការស៊ើបអង្កេតក្រោមមាត្រា៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤។ ការស៊ើបអង្កេតលើប្រទេសថៃ គ្របដណ្ដប់លើបញ្ហាលើសសមត្ថភាពផលិតក្នុងវិស័យសំខាន់ៗមួយចំនួន រួមមាន៖ យានយន្ត និងគ្រឿងបន្លាស់ម៉ាស៊ីន, ត្រី, ចំណីសត្វ និងសម្លៀកបំពាក់, និងករណីដាច់ដោយឡែកមួយទៀតពាក់ព័ន្ធនឹងការនាំចូលទំនិញដែលផលិតដោយកម្លាំងពលកម្មបង្ខំផងដែរ។  

លោកស្រី ជុទីម៉ា អៀមសាវ៉ាសឌីគុល 
លោកស្រី ជុទីម៉ា អៀមសាវ៉ាសឌីគុល 

កន្លងមក ទំនិញរបស់ថៃធ្លាប់ត្រូវរងគំនាបពន្ធគយពីសហរដ្ឋអាម៉េរិកក្នុងអត្រា ១៩ភាគរយ ប៉ុន្តែបច្ចុប្បន្នត្រូវបានជំនួសមកវិញដោយពន្ធគយសកលថ្មីរបស់រដ្ឋធានីវ៉ាស៊ីនតោន។ ទន្ទឹមនឹងនេះ លោកស្រី ជុទីម៉ា បានបន្ថែមថា កិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងថៃ និងសហភាពអឺរ៉ុប បានដើរមកដល់ពាក់កណ្តាលផ្លូវហើយ ខណៈរាជធានីបាងកកកំពុងជំរុញឱ្យបញ្ចប់ការចរចានេះឱ្យបាននៅក្នុងឆ្នាំ២០២៦នេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត