
រាជធានីបាងកក៖ សមាជិកសភាថៃម្នាក់មកពីគណបក្សប្រជាជាតិ ឬប្រៈឆាឆាត (ประชาชาติ) លោក ក្លមស័ក្តិ លីវ៉ាមោះ (กมลศักดิ์ ลีวาเมาะ) បានរួចផុតពីសេចក្តីស្លាប់ទាំងភ័យស្លន់ស្លោ ក្រោយខ្មាន់កាំភ្លើងមួយក្រុមបើកការវាយប្រហារបាញ់ស្រោចលើរថយន្តរបស់លោក នៅខាងមុខគេហដ្ឋានក្នុងស្រុកបាចោះ (บาเจาะ) កាលពីវេលាម៉ោង១:០៩ រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រទី២០ ខែមីនានេះ...។

ហេតុការណ៍ដ៏រន្ធត់នេះកើតឡើង ខណៈលោក ក្លមស័ក្តិ ដែលមានវ័យ៥៩ឆ្នាំ កំពុងធ្វើដំណើរត្រឡប់មកពីក្រុងហាត់យ៉ៃវិញតាមរថយន្ត Toyota Alphard ពណ៌ខ្មៅ។ យោងតាមខ្សែអាត់វីដេអូសុវត្ថិភាព (CCTV) ក្រុមខ្មាន់កាំភ្លើងបានជិះរថយន្តភីកអាប់ពណ៌-ស បានបើកដេញតាមពីក្រោយ រួចក៏បើកវ៉ាជែងពីមុខ ហើយថយក្រោយមកវិញ បាញ់ស្រោចជាង១០គ្រាប់ ដោយប្រើអាវុធទំនើបប្រភេទយោធា សំដៅទៅលើរថយន្តរបស់លោក ដែលជាសមាជិកសភារូបនោះ។

លោក ក្លមស័ក្តិ បានរួចជីវិតដោយមិនមានរងរបួសអ្វីឡើយ បន្ទាប់ពីលោកបានក្រាបដេកទៅលើកៅអីក្រោយភ្លាមៗ នៅពេលឮសូរសំឡេងកាំភ្លើង។ ទោះជាយ៉ាងណា ជំនួយការរបស់លោកពីររូបបានរងរបួសធ្ងន់ធ្ងរ រួមមាន៖ អ្នកបើកបរ និងមន្ត្រីនគរបាលការពារសុវត្ថិភាពម្នាក់ទៀត។ អ្នកទាំងពីរ ត្រូវបានបញ្ជូនទៅសង្គ្រោះអាយុជីវិតភ្លាមៗនៅឯមន្ទីរពេទ្យ បន្ទាប់ពីរងគ្រាប់កាំភ្លើងជាច្រើនកន្លែង។

បច្ចុប្បន្ន កងកម្លាំងនគរបាល បាននិងកំពុងបើកការស៊ើបអង្កេតយ៉ាងសកម្ម ដើម្បីកំណត់អត្តសញ្ញាណ និងតាមចាប់ខ្លួនក្រុមខ្មាន់កាំភ្លើងដែលបានរត់គេចខ្លួនបាត់ស្រមោល ឆ្ពោះទៅកាន់កណ្ដាលក្រុងបាចោះ។ ចំពោះមូលហេតុពិតប្រាកដនៃការប៉ុនប៉ងធ្វើឃាតនេះ នៅមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ៕





