ព័ត៌មានដ៏សំខាន់! កម្ពុជា ត្រៀមប្តឹងទៅតុលាការអន្តរជាតិតតាំងជាមួយថៃ ក្នុងសំណុំរឿងប្រាសាទចំនួន៣ និងតំបន់ទើបផ្ទុះអាវុធ
Mao Sopha
10 ខែមុន

រាជធានីភ្នំពេញ៖ ទីបំផុត មេដឹកនាំកម្ពុជា សម្រេចជ្រើសរើសយកយន្តការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) មកដោះស្រាយជាមួយថៃ ក្នុងសំណុំរឿងប្រាសាទចំនួន៣ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដែលប្រទេសទាំង២ ប្រទាញប្រទង់គ្នាដ៏យូរលង់មកហើយ បូករួមទាំងតំបន់មុំ៣ទើបនឹងផ្ទុះអាវុធជាមួយគ្នាផងដែរ។ តាមរយៈគណនីហ្វេសប៊ុក នៅយប់ម៉ោង៩និង៣៦នាទី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសប្រាប់ប្រជាជនអំពីគម្រោងនៃការយកប្រាសាទទាំង៣នេះ និងតំបន់មុំ៣ ទៅប្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិ ក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីតតាំងជាមួយថៃ។ 

ក្រោយត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេសវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ប្រញាប់ជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពនៅព្រំដែន ដើម្បីស្ដាប់របាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។ សម្តេច លើកឡើងថា ដូចសម្តេចបានបញ្ជាក់រួចហើយ គឺកម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល។ ក្នុងន័យនេះ សម្តេចបានបញ្ជាឱ្យគណៈកម្មការព្រំដែនចម្រុះ(JBC)ខាងកម្ពុជា ធ្វើកិច្ចការធំជាប្រវត្តិសាស្រ្តចំនួន២ គឺ៖

១. រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំង២។

២. ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំ JBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។

សម្តេច សរសេរទៀតថា ដោយសារក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដោយមានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមមួយចំនួនតូច បានបំផុសនូវចលនាជាតិនិយមក្នុងប្រទេសទាំង២ ដែលអាចឈានទៅការប្រឈមមុខដាក់គ្នាសាជាថ្មីនៅពេលខាងមុខ។ សម្តេចសង្ឃឹមថា ភាគីទាំង២ នឹងអាចធ្វើការជាមួយគ្នាដើម្បីឈានទៅរកដំណោះស្រ័យបញ្ចប់ការវិវាទនៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធី ផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់សាជាថ្មីម្ដងទៀតថា៖«បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ព»។ 

ក្រោយមកបន្តិច គឺនៅយប់ម៉ោង១១និង៥នាទី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានបង្ហោះសារមួយដែរលើទំព័រហ្វេសប៊ុក គឺជាសារប្រកាសគាំទ្រប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលគ្រោងយកប្រាសាទទាំង៣ និងតំបន់មុំ៣ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។ សម្តេចតេជោ សរសេរដូច្នេះថា៖«ប្រសិនភាគីថៃមានចិត្តស្មោះត្រង់ចង់ដោះស្រាយពិតប្រាកដ គួរតែឯកភាពដឹកដៃគ្នាទៅឱ្យតុលាការជួយកាត់សេចក្តីតែម្តង មិនចាំបាច់កម្ពុជាប្តឹងនោះទេ។ យើងរង់ចាំមើលឥរិយាបថរបស់ថៃលើចំណុចនេះ តើហ៊ាន ឬមិនហ៊ាន?»។ សារចុងក្រោយក្នុងសំណេររបស់សម្តេចប្រធានគណកប្សកាន់អំណាចកម្ពុជា គឺ ៖«ក្នុងពេលរង់ចាំការដោះស្រាយ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវមានការអត់ធ្មត់ តែក៏ត្រូវត្រៀមខ្លួនវាយបកគ្រប់ទម្រង់នៃការឈ្លានពាន»  

សូមរម្លឹកប្រវត្តិសាស្រ្តបន្តិចថា កម្ពុជាធ្លាប់ឈ្នះថៃម្ដងរួចមកហើយ នៅក្នុងតុលាការយុត្តិធម៌អន្តរជាតិ កាលពីឆ្នាំ១៩៦២ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ ដោយកាលនោះ តុលាការយុត្តិធម៌អន្តរជាតិ សម្រេចថា ប្រាសាទព្រះវិហារជារបស់កម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត