
រាជធានីភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានអះអាងថា មន្ត្រីជំនាញកំពុងពិនិត្យវិភាគលើពាក្យបណ្តឹងព្រហ្មទណ្ឌប៉ុនប៉ងសូកប៉ាន់ដែលលោកឧត្តមសេនីយ៍ត្រី (ផ្កាយមួយ) សម្បត្តិ កុសល ប្តឹងប្ដីពីរនាក់។ នេះបើតាមសេចក្តីប្រកាសរបស់ ACU ក្រោយបញ្ចប់កិច្ចប្រជុំលើកទី៤៦ អាណត្តិទី៣ នៅថ្ងៃទី២៥មេសា ឆ្នាំ២០២៥។

តាមសេចក្តីប្រកាសព័ត៌មានដដែលនោះ ACU បញ្ជាក់ថា បានដំណើរការពិនិត្យវិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែមីនាសរុបចំនួន៤៤ពាក្យប្ដឹង កើនឡើង១០ករណី បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងខែកុម្ភៈ។ ក្នុងចំណោមពាក្យបណ្តឹងទាំង៤៤ថ្មីនេះ មានពាក្យប្ដឹងចំនួន២ បញ្ជូនពីខេត្តសៀមរាប និងខេត្តតាកែវ។ ពាក្យបណ្តឹងទាំងនោះរួមមាន៖ ករណីបណ្តឹងព្រហ្មទណ្ឌ របស់ឈ្មោះ សម្បត្តិ កុសល ប្តឹង ប្ដីប្រពន្ធឈ្មោះ ចិន ស្រីដា និង ទី ប្រាថ្នា ពីបទប៉ុនប៉ងសូកប៉ាន់។ រីឯពាក្យប្តឹងមួយទៀត គឺបញ្ជូនពីសាលាដំបូងខេត្តតាកែវ គឺករណីមន្ត្រីដែលសង្ស័យទទួលសំណូកពីអ្នកលក់ដូរគ្រឿងញៀន។

គេធ្លាប់ដឹងថា ស្រ្តីឈ្មោះចិន បានឱ្យប្រាក់លោក សម្បត្តិ កុសល ខ្ចី ហើយធ្លាប់ប្រាប់ទៅលោក សម្បត្តិ កុសល ថា បើមិនព្រមសង នាងនឹងបង្ហោះលើបណ្តាញសង្គម និងផ្សព្វផ្សាយតាមបណ្តាញសារព័តឥមាន។ លោក សម្បត្តិ កុសល ជាកូនបំណុល ក៏ប្តឹងស្រ្តីជាម្ចាស់បំណុល ពីបទគំរាមហែកកេរ្តិ៍ ទៅតុលាការខេត្តសៀមរាប។ ក្រោយមក តុលាការខេត្តសៀមរាប បានសម្រេចដាក់ទោសឱ្យស្រ្តីម្ចាប់បំណុលឈ្មោះ ចិន ស្រីដា ជាប់ឃុំ។ ប៉ុន្តែ ជាប់ឃុំបានរយៈពេលខ្លី គឺរហូតដល់ថ្ងៃទី១១មេសា ឆ្នាំ២០២៥ សាលាឧទ្ធរណ៍ខេត្តបាត់ដំបង ក៏សម្រេចដោះលែងស្ត្រីឈ្មោះ ចិន ស្រីដា ឱ្យមានសេរីភាពឡើងវិញ។ ទោះយ៉ាងណា រឿងនេះនៅតែមិនទាន់ចប់! លោកផ្កាយមួយ សម្បត្តិ កុសល បានប្តឹងស្រ្តីឈ្មោះ ចិន ស្រីដា និងស្វាមី មួយករណីបន្តទៀត គឺបទប៉ុនប៉ងសូកប៉ាន់នេះឯង ទៅកាន់អយ្យការអមសាលាដំបូងខេត្តសៀមរាប។ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានពិនិត្យពាក្យបណ្តឹងឃើញថា ជាប្រភេទនៃបទល្មើសមួយក្នុងចំណោមបទល្មើសពុករលួយ ដូច្នេះ ទើបបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២១មេសា ឆ្នាំ២០២៥ ដើម្បីស៊ើបអង្កេតបន្ត៕





