
រាជធានីភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា(ACU) បានបើកការស៊ើបអង្កេតលើមន្ត្រីជាន់ខ្ពស់ពីរនាក់បន្ថែមទៀតដែលតុលាការខេត្តសៀមរាប់ធ្លាប់ថា ជាសាក្សីក្នុងសំណុំរឿងឆបោកពលរដ្ឋដែលប្រព្រឹត្តដោយអតីត ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកកាលពីជាង១ឆ្នាំមុន..។

អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសជាសាធារណលើទំព័រហ្វេសប៊ុកផ្លូវការខ្លួននាយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះថា តាមរយៈក្រុមស៊ើបអង្កេតផ្ទៃក្នុង ACU បានស៊ើបអង្កេតលើ លោក ស៊ាន បូរ៉ាត មានតួនាទីជា រដ្ឋលេខាធិការក្រសួងអប់រំ និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយផ្ទាល់។ រីម្នាក់ទៀត គឺលោកឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ។ ស្របជាមួយគ្នានេះ តុលាការខេត្តសៀមរាប ក៏បានបញ្ជូនសំណុំរឿងករណីអ្នកស្រី ឡេង ចាន់ណា និងបក្ខពួកចំនួន៣២ មកអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

បើតាម ACU ដដែល សំណុំរឿងចំនួន៣២ដែលបញ្ជូនមកពីតុលាការខេត្តសៀមរាបនេះ មានទាំងអស់ ២៤ ៨៥២ទំព័រ ទើបអង្គភាពចាត់មន្ត្រី១០រូបឱ្យអានឯកសារទាំងនោះដោយប្រើរយៈពេល១ខែពេញទើបចប់ ហើយឃើញថា នៅដំណាក់កាលតុលាការខេត្តសៀមរាប លោក ស៊ាន បូរ៉ាត់ និងលោក ស ថាវី មានតួអង្គជាសាក្សី។ តែយ៉ាងណា ក្នុងសំណុំរឿងបើកការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយលើ ស៊ាន បូរ៉ាត និង ស ថាវី វិញ អ្នកទាំងពីរនេះមិនមែនជាអ្នកសាក្សីទេ គឺជាជនសង្ស័យនៃសំណុំរឿង។

គួរជម្រាបថា អ្នកស្រី ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ទ្រីលានស៊ីធី វើលដ៍ និងបក្ខពួក ត្រូវបានស្នងការនគរបាលខេត្តសៀមរាបបចុះចាប់ខ្លួន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ដោយផ្អែកតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបទល្មើសឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលមានអ្នកចាញ់បោករាប់ពាន់នាក់ និងគិតជាទឹកប្រាក់រាប់លានដុល្លារ។ ក្រោយមកអ្នកស្រី ឡេង ចាន់ណា និងបក្ខពួកផ្សេងទៀត ត្រូវអយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទពីបទល្មើសព្រហ្មទណ្ឌចំនួន៣។ បទល្មើសទាំងបីនោះ រួមមាន៖ ១.ឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង)។ ២.មិនបំពេញកាតព្វកិច្ច ឧបករណ៍ដែលអាចជួញដូរបាន (ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់)។ ៣.សម្អាតប្រាក់ តាមបញ្ញត្តិមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕




