
ខេត្តកំពង់ធំ៖ មន្ត្រីរដ្ឋបាលក្រុងស្ទឹងសែនម្នាក់ និងបុគ្គលម្នាក់ទៀត ត្រូវបានឃាត់ខ្លួនដោយ ACU ត្រូវបានសាលាដំបូងខេត្តកំពង់ធំសម្រេចឃុំខ្លួនបណ្តោះអាសន្ន ពាក់ព័ន្ធករណីបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត(ដីព្រៃលិចទឹក)។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សាលាដំបូងខេត្តកំពង់ធំ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤..។

បើតាមសេចក្តីថ្លែងការណ៍ដដែលនោះ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំបញ្ជាក់ថា កាលពីថ្ងៃទី២៨កក្កដា សាលាដំបូងខេត្តបានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ៧៥១របស់អយ្យការអមសាលាដំបូងខេត្ត ដែលកសាងឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា(ACU) ពាក់ព័ន្ធនឹងករណីបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ក្នុងការបំបាត់ដីតំបន់ព្រៃលិចទឹកមានជនត្រូវចោទចំនួន២នាក់។ ជនត្រូវចោទទាំងនោះរួមមាន៖ ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍នៃសាលាក្រុងស្ទឹងសែន ឈ្មោះ ហេ គឿន ភេទប្រុស អាយុ៥៨ឆ្នាំ ត្រូវចោទប្រកាន់ពីបទ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ក្នុងការបំបាត់ដីតំបន់ព្រៃលិចទឹក។

រីឯបក្ខពួកម្នាក់ទៀត ឈ្មោះ សែ សុងហេង ភេទប្រុស អាយុ៥៨ឆ្នាំ ជាកសិករ ត្រូវបានចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ក្នុងការបំបាត់ដីតំបន់ព្រៃលិចទឹក ប្រព្រឹត្តនៅចំណុចតំបន់ស្នងម៉ែន ស្ថិតនៅភូមិស្រយ៉ូវត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ អ្នកនាំពាក្យសាលាដំបូងខេត្តសង្កត់ធ្ងន់ថា៖«បន្ទាប់ពីបានពិនិត្យទៅលើភស្តុតាងនានាដែលមានក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទទាំង២រូប ឈ្មោះ ហេ គឿន និង ឈ្មោះ សែ សុងហេង នៅពន្ធនាគារខេត្តកំពង់ធំ ដើម្បីបន្តចំណាត់ការតាមនីតិវិធីច្បាប់»។

ពាក់ព័ន្ធករណី រំលោភបំផ្លាញដីព្រៃលិចទឹក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានបញ្ជាឱ្យរដ្ឋបាលខេត្តទាំង៦ជុំវិញបឹងទន្លេសាប ការពារដីតំបន់៣ពីការទន្ទ្រានឱ្យបាន ករណីការពារមិនបាននឹងត្រូវដកពីតំណែង។ ដោយឡែក ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំថ្មី នៅថ្ងៃទី១៧ ខែកក្កដា បានប្រកាសហាមដាច់ខាតចំពោះជនខិលខូចណា ដែលបានរុករានទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់៣ ធ្វើជាកម្មសិទ្ធិនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់។ អភិបាលខេត្តថ្មីរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវហ៊ានរាយការណ៍មកសមត្ថកិច្ច ចំពោះជនទាំងហ្លាយណា ដែលបានលួចទន្ទ្រានដីព្រៃលិចទឹករបស់រដ្ឋនៅក្នុងតំបន់៣ ដើម្បីឱ្យអាជ្ញាធរចុះទប់ស្កាត់បានទាន់ពេលវេលា។

គួរជម្រាបថា ទន្លេសាប ជាបឹងទឹកសាបដែលធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ គ្របដណ្ដប់លើផ្ទៃដីចំនួន២,៥សែនហិកតានៅរដូវប្រាំង និងលាតសន្ធឹងដល់ ១,៦លានហិកតានៅរដូវវស្សា។ មានប្រព័ន្ធអេកូឡូស៊ីគ្រប់ប្រភេទ តំបន់វាលលម្ហទឹកសាប វាលភក់ ព្រៃលិចទឹក ស្មៅលិចទឹក និងតំបន់ទំនាបលិចទឹកជុំវិញ។ បឹងទន្លេសាប បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងអាកាសធាតុក្នុងតំបន់ ទប់ស្កាត់ និងកាត់បន្ថយគ្រោះទឹកជំនន់ ជាជម្រកត្រីពង ជាតំបន់ជង្រុកស្រូវ សម្បូរទៅដោយជីវៈចម្រុះ និងធនធានធម្មជាតិយ៉ាងសម្បូរបែប។ ក្នុងមួយឆ្នាំៗ បឹងទន្លេសាបបានស្រូបយកទឹកជំនន់ពីទន្លេមេគង្គប្រមាណជា២០ភាគរយ។ ហេតុនេះ ឆ្លើយតបទៅនឹងសារសំខាន់ដ៏មហិមារបស់បឹងទន្លេសាប មកកាន់ប្រជាជាតិកម្ពុជា បឹងនេះត្រូវបានដាក់ចូលទៅជាតំបន់ការពារធម្មជាតិ ដោយកំណត់ចូលក្នុងប្រភេទជាតំបន់ប្រើប្រាស់ច្រើនយ៉ាង។ រីឯស្ថាប័នដែលពាក់ព័ន្ធលើការគ្រប់គ្រងបឹងទន្លេសាបរួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងមហាផ្ទៃ, អាជ្ញាធរទន្លេសាប, និងអាជ្ញាធរថ្នាក់ក្រោមជាតិជុំវិញបឹងទន្លេសាប៕



