ACU កំពុងបើកការស៊ើបអង្កេតលើករណីបែកធ្លាយវិញ្ញាសាប្រឡងបាក់ឌុប
S
Soriya Sou
31 សីហា 2025 04:00 AM

រាជធានីភ្នំពេញ៖ ក្រោយមានការបង្ហោះលើបណ្ដាញសង្គម កាលពីយប់ថ្ងៃទី២៩សីហា ឆ្នាំ២០២៥ លើករណីបែកធ្លាយវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) វិញ្ញាសាគណិតថ្នាក់វិទ្យាសាស្រ្ត អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបើកការស៊ើបអង្កេតជុំវិញករណីនេះ...។

មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយ លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ អង្គភាពប្រឆាំងអំពើពុករលួយ បានបើកការស្រាវជ្រាវលើករណីខាងលើ តាំងពីវេលាម៉ោង២១:៣០នាទីថ្ងៃទី២៩សីហា។ ជាលទ្ធផល គិតត្រឹមម៉ោង១៧ៈ៣០នាទីល្ងាចថ្ងៃទី៣០សីហា អង្គភាព ACU នៅតែរកមិនឃើញរូបពិតប្រាកដនៃវិញ្ញាសាគណិតវិទ្យានេះ នៅតាមការបង្ហោះនានានៅឡើយទេ ដោយឃើញតែរូបថតវិញ្ញាសាវាយអក្សរឡើងវិញ ហើយថតដោយកាត់គែម (Crop) និងរូបថតជាវិញ្ញាសាគណិតវិទ្យាដែលថតផ្សាយព្រាលៗ ខណៈរូបខ្លះមានឃើញហត្ថលេខាសង្ខេប ដែលទាំងនោះ មិនមែនជារូបវិញ្ញាសាគណិតវិទ្យារូបរាងពិតឡើយ។ នេះបើតាមរបាយការណ៍រហ័សរបស់អង្គភាព ACU ចុះថ្ងៃទី៣១សីហានេះ។

យ៉ាងណា អង្គភាព ACU បានស្នើសុំការសហការពីអ្នកលេងបណ្តាញសង្គមទាំងអស់សូមជួយផ្តល់ និងបំពេញបន្ថែមដល់ក្រុមការងារ ACU ពីព័ត៌មានដែលខ្លួនបានដឹង និង បានរក្សាទុក ព្រោះគណនីមួយចំនួន បានលុបការផុសរបស់ខ្លួន។ ការស្រាវជ្រាវបន្ថែម ឬការផ្ដល់ព័ត៌មានបន្ថែមពីបងប្អូនអ្នកលេងបណ្តាញសង្គម ដើម្បីរកឱ្យឃើញថា៖ .តើរាល់ការបង្ហោះទាំងអស់ដែលលើកឡើងថា មានការបែកធ្លាយវិញ្ញាសាគណិតវិទ្យា តើមានការផុសណាមួយបង្ហាញនូវរូបរាងពិត នៃក្រដាសវិញ្ញាសាគណិតវិទ្យានេះឬទេ? ឬគ្រាន់តែរូបនៃអត្ថបទវាយឡើងវិញ ឬរូបថតមានសភាពព្រាលៗតែប៉ុណ្ណោះ។ .តើការផុសរូបវិញ្ញាសាព្រាលៗទាំងរូបវិញ្ញាសាវាយចម្លងឡើងវិញ ចាប់ផ្តើមផុសមុនគេបង្អស់នៅមុនម៉ោងប្រឡងគណិតវិទ្យា (ថ្ងៃទី២៩សីហា ២០២៥វេលាម៉ោង១៤:០០នាទី ដល់ម៉ោង១៦:៣០នាទី) ឬក្រោយពេលប្រឡងមុខវិជ្ជានេះ? តើនរណាជាអ្នកផុសមុនគេ ហើយបានឯកសារវាយចម្លងឡើងវិញ ឬឯកសារព្រាលៗនេះមកពីណា?

៣.ប្រសិនបើមានបែកធ្លាយវិញ្ញាសាមែន (ប្រសិនបើ) ហើយបែកធ្លាយមុនម៉ោងប្រឡង នោះមិនមែនករណីអ្នកកាន់ទូរសព្ទនោះទេ។ ផ្ទុយទៅវិញ ប្រសិនបើជាការបែកធ្លាយវិញ្ញាសា (ប្រសិនបើ) ក្រោយម៉ោងប្រឡង នោះមិនមែនជាការបែកធ្លាយវិញ្ញាសាទេ។ អង្គភាពប្រឆាំងអំពើពុករលួយ កំពុងបន្តស្រាវជ្រាវលើករណីនេះបន្ថែម។ សូមជម្រាបថា ការស៊ើបអង្កេតពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ ធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានការបង្ហោះចែកចាយបន្តគ្នាព្រោងព្រាតលើបណ្ដាញសង្គម ថាមានការបែកធ្លាយវិញ្ញាសាប្រឡងបាក់ឌុប និងមានការស្នើឱ្យក្រសួងអប់រំចេញស្រាយបំភ្លឺ។ គេចាត់ទុកការបែកធ្លាយវិញ្ញាសានេះ ជាចំណែកមួយធ្វើឱ្យប្រព័ន្ធអប់រំនៅកម្ពុជា ដើរថយក្រោយ។ ក្រសួងអប់រំ បានចេញមក​អះអាងថា គ្មានការបែកធ្លាយវិញ្ញាសាប្រឡងបាក់ឌុបឡើយ ខណៈករណីនេះជាព័ត៌មានមិនពិត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត