
ក្រុងសៀមរាប៖ មិនទាន់ចប់នៅឡើយ លោកផ្កាយមួយ សម្បត្តិ កុសល បានបន្តប្ដឹងស្ត្រីឈ្មោះ ចិន ស្រីដា ព្រមទាំងស្វាមីពីបទ ប៉ុនប៉ងសូកប៉ាន់ ប្រព្រឹត្តនៅក្រុងសៀមរាប កាលពីអំឡុងឆ្នាំ២០២៣ ខណៈតុលាការខេត្តសៀមរាបសម្រេចផ្ទេរសំណុំរឿងនេះជូនទៅអង្គភាពប្រឆាំងអំពើពុករលួយជាអ្នកស៊ើបអង្កេតបន្ត...។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់តុលាការខេត្តសៀមរាប នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងដូច្នេះថា៖«អយ្យការអមសាលាដំបូងខេត្តសៀមរាប បានទទួលបណ្តឹងព្រហ្មទណ្ឌពីឈ្មោះ សម្បត្តិ កុសល ភេទប្រុស កើតឆ្នាំ១៩៨៤ ប្តឹងលើ ១.ឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ៣០ឆ្នាំ, ២.ឈ្មោះ ទី ប្រាថ្នា ភេទប្រុស អាយុ៣១ឆ្នាំ ពីបទ ប៉ុនប៉ងសូកប៉ាន់ ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពី អំឡុងឆ្នាំ២០២៣»។ យ៉ាងណា ក្រោយពីបានពិនិត្យពាក្យបណ្តឹង ចម្លើយដើមបណ្តឹងរដ្ឋប្បវេណី ឃើញថា បទល្មើសដែលឈ្មោះ សម្បត្តិ កុសល ប្ដឹងចូលមកអយ្យការអមសាលាដំបូងខេត្តសៀមរាប គឺជាប្រភេទនៃបទល្មើសមួយក្នុងចំណោមបទល្មើសពុករលួយ ដែលជាសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការស៊ើបអង្កេត។

ជុំវិញដំណើរការនីតិវិធីនៃសំណុំរឿងនេះ SBM News បានព្យាយាមសុំការបំភ្លឺពីលោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយនៅរសៀលថ្ងៃចន្ទនេះដែរ ប៉ុន្តែមិនមានការឆ្លើយតប។ សូមជម្រាបថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ថ្មីៗនេះ សាលាឧទ្ធរណ៍ខេត្តបាត់ដំបង ទើបតែសម្រេចដោះលែងស្ត្រីឈ្មោះ ចិន ស្រីដា អាយុ២៧ឆ្នាំ ជាម្ចាស់បំណុលឱ្យមានសេរីភាពឡើងវិញ ក្រោយត្រូវតុលាការខេត្តសៀមរាប សម្រេចដាក់ទោសឱ្យជាប់ឃុំ ក្រោមពាក្យបណ្តឹងរបស់លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ជាកូនបំណុល ក្រោយឆាតទៅទារប្រាក់តាមហ្វេសប៊ុក ហើយប្រាប់ថា បើមិនសង នឹងបង្ហោះកេរ្តិ៍លើបណ្តាញសង្គម និងផ្សព្វផ្សាយតាមសារព័ត៌មាន៕





