រាជធានីភ្នំពេញ៖ តាងនាមឱ្យគ្រួសាររបស់អ្នកឧកញ៉ា ហ៊ុន សាន ជាបង, សម្តេចតេជោ ហ៊ុន សែន ជាប្អូន បានសរសេរលិខិតអរគុណជូនទៅលោក ហុង សុខហួរ ប្រធានស្តីទីគណបក្សភ្លើងទៀន និងសមាជិក-សមាជិកាទាំងអស់នៃគណបក្សជំទាស់មួយនេះ ដែលបានផ្ញើលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អ្នកឧកញ៉ា ហ៊ុន សាន។ ក្រៅពីអរគុណ សម្តេចតេជោ និងភរិយា ព្រមទាំងក្រុមគ្រួសាររបស់អ្នកឧកញ៉ា ហ៊ុន សាន ជូនពរសមាជិក-សមាជិការបស់គណបក្សដែលមានភ្លើងទៀនជាមិត្តរូប ឱ្យជួបតែពុទ្ធពរទាំង៤ប្រការ (អាយុ វណ្ណៈ សុខៈ ពលៈ) កុំបីឃ្លៀងឃ្លាតឡើយ។

គណបក្សភ្លើងទៀន លើកឡើងតាមរយៈលិខិតរំលែកទុក្ខថា មរណភាពរបស់អ្នកឧកញ៉ា ហ៊ុន សាន គឺជាការបាត់បង់កុលបុត្រខ្មែរដ៏ឆ្នើមមួយរូបដែលបានរួមចំណែកកសាងកម្ពុជាឱ្យក្លាយជានីតិរដ្ឋ។ តាមរយៈលិខិតរំលែកទុក្ខផ្ញើជូនសម្តេចតេជោ សមាជិក-សមាជិការទាំងអស់នៃគណបក្ស រួមគ្នាឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ា ហ៊ុន សាន បានទៅកាន់សុគតិភព។ គួរដឹងថា អ្នកនយោបាយជំទាស់មិនមែនគ្រាន់តែផ្ញើលិខិតចូលរួមរំលែកទុក្ខជូនទៅសម្តេចតេជោ ហ៊ុន សែន នោះទេ តែក៏បានទៅចូលរួមដល់រោងបុណ្យផ្ទាល់ផងដែរ មានដូចជា លោក សុក ហាច, លោក សុន ឆ័យ, លោក គង់ មុនីកា, លោក ហុង សុខហួរ, និងលោក លី សុធារ៉ាយុត្តិ ជាដើម។

លោក សុក ហាច លោក សុន ឆ័យ លោក គង់ មុនីកា តំណាងគណបក្សឆន្ទៈខ្មែរ, លោក ហុង សុខហួរ និងលោក លី សុធារ៉ាយុត្តិ តំណាងគណបក្សភ្លើងទៀន។ គណបក្សជំទាស់ទាំង២នេះ គឺជាសម្ព័ន្ធមិត្តនឹងគ្នា ដូច្នេះតែងតែមានសកម្មភាពជាមួយគ្នា។ តាមរយៈវីដេអូ និងរូបភាពនៅរោងបុណ្យ សម្តេចតេជោ បានធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ ហើយអ្នកនយោបាយទាំងនោះ ក៏បានបង្ហាញគារវកិច្ចទៅកាន់សម្តេចវិញដែរទៅតាមលក្ខណៈប្រពៃណីខ្មែរ។

ដោយឡែក គណបក្សកម្លាំងជាតិ ដែលមាននិន្នាការជំទាស់ដែរនោះ បានផ្ញើសារចូលរួមរំលែកទុក្ខជូនទៅសម្តេចតេជោ ហ៊ុន សែន បើទោះជាមិនបានទៅដល់រោងបុណ្យផ្ទាល់។ លោក ហ៊ុន ម៉ានី និងជាកូនប្រុសពៅរបស់សម្តេចតេជោ ហើយក៏ត្រូវជាក្មួយរបស់អ្នកឧកញ៉ា ហ៊ុន សាន បានបង្ហោះសារលើហ្វេសប៊ុក អរគុណដល់គណបក្សកម្លាំងជាតិ ដែលផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពអ្នកឧកញ៉ា ហ៊ុន សាន។

សូមជម្រាបឡើងវិញថា អ្នកឧកញ៉ា ហ៊ុន សាន បានទទួលមរណភាពក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ និងជរាពាធ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ នៅព្រឹកថ្ងៃទី២ ខែមេសា សពអ្នកឧកញ៉ា នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានរម្លឹកគុណូបការៈរបស់អ្នកឧកញ៉ា ហ៊ុន សាន ដែលជាបងគេបង្អស់ក្នុងគ្រួសារ ថា បានលះបង់ច្រើនណាស់ទៅលើប្អូនៗ៕

អត្ថបទទាក់ទង៖ ទុករឿងនយោបាយមួយអន្លើសិន! អ្នកជំទាស់ នាំគ្នាចូលទៅរំលែកទុក្ខប្រមុខបក្សកាន់អំណាច ដែលបាត់បង់បងប្រុស

