រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ បានចុះទៅសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋ តាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។ ឧត្តមប្រឹក្សាព្រះមហាក្សត្រពីររូបទៀត គឺសម្តេច ស ខេង និងសម្តេច ទៀ បាញ់ បានទៅជាមួយសម្តេចតេជោ។ សម្តេច ទៀ បាញ់ និងសម្តេចតេជោ បានស្លៀកពាក់ឯកសណ្ឋាននាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ។

សូមរម្លឹកខ្លីថា កាលពីថ្ងៃទី២៣មិថុនាថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទើបបានចុះទៅសួរសុខទុក្ខកងទ័ពតាមព្រំដែនកម្ពុជា-ថៃក្នុងខេត្តព្រះវិហារ ហើយថែមទាំងបានទៅសួរសុខទុក្ខប្រជាជនជាង១២០០គ្រួសារផងដែរ ដែលបានភៀសខ្លួនចេញពីព្រំដែនទៅស្នាក់អាស្រ័យបណ្តោះអាសន្នក្នុងវត្តពោធិ៍៥០០០ដើម ព្រោះបារម្ភខ្លាចមានការផ្ទុះអាវុធកើតឡើងតាមព្រំដែនរវាងកងទ័ពកម្ពុជា-ថៃ។

ដំណើរចុះទៅព្រំដែនរបស់សម្តេចប្រធានព្រឹទ្ធសភា និងប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងស្របពេលបញ្ហាព្រំដែនកម្ពុជា-ថៃ នៅបន្តអូសបន្លាយ និងកាន់តែឡើងកម្តៅ។ ស្ថានភាពចុងក្រោយនេះ យោធាថៃបានបិទព្រំដែនជិតឈឹងទាំងអស់ មិនឱ្យមានការធ្វើដំណើរចេញចូលគ្រប់បែបយ៉ាង លើកលែងតែអ្នកជំងឺ និងសិស្សសាលា។ កម្ពុជា-ថៃ មានរឿងជាមួយគ្នាចាប់តាំងពីកងទ័ពប្រទេសទាំងពីរផ្ទុះអាវុធដាក់គ្នានៅតំបន់មុំបី កាលពីព្រឹកថ្ងៃទី២៨ឧសភាមក៕





