
រាជធានីភ្នំពេញ៖ បំភ្លេចរឿងនយោបាយមួយគ្រាសិន! ក្រុមអ្នកនយោបាយជំទាស់ បានបង្ហាញសមានចិត្តទៅកាន់ប្រមុខដឹកនាំគណបក្សកាន់អំណាច ក្នុងពេលកំពុងជួបទុក្ខដោយសារការបាត់បង់សាច់ញាតិ។ អ្នកនយោបាយពីគណបក្សភ្លើងទៀន និងពីគណបក្សឆន្ទៈខ្មែរ បាននាំគ្នាទៅដល់រោងបុណ្យ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីគោរពវិញ្ញាណក្ខន្ធអ្នកឧកញ៉ា ហ៊ុន សាន ជាបងប្រុសបង្កើតបង្អស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា។ នៅរោងបុណ្យ សម្តេចតេជោ បានធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍ផ្ទាល់ចំពោះអ្នកនយោបាយទាំងនោះ ហើយពួកគាត់ ក៏បានបន្ទន់កាយវិការគោរពទៅកាន់សម្តេចវិញដែរតាមលក្ខណៈប្រពៃណីខ្មែរ។

អ្នកនយោបាយដែលមានវត្តមានក្នុងរោងបុណ្យសពអ្នកឧកញ៉ា ហ៊ុន សាន រួមមាន លោក សុក ហាច, លោក សុន ឆ័យ, លោក គង់ មុនីកា, លោក ហុង សុខហួរ, និងលោក លី សុធារ៉ាយុត្តិ ជាដើម។ លោក សុក ហាច លោក សុន ឆ័យ លោក គង់ មុនីកា តំណាងគណបក្សឆន្ទៈខ្មែរ, លោក ហុង សុខហួរ និងលោក លី សុធារ៉ាយុត្តិ តំណាងគណបក្សភ្លើងទៀន។ គណបក្សទាំង២នេះ បានចងសម្ព័ន្ធនឹងគ្នា។ ដោយឡែក លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយមដែលជាសម្ព័ន្ធមិត្តរបស់គណបក្សទាំង២ខាងលើដែរនោះ បានបង្ហោះសារលើបណ្តាញសង្គម ចូលរួមរំលែកទុក្ខជាមួយសម្តេច ហ៊ុន សែន ពីចម្ងាយ។

សូមជម្រាបឡើងវិញថា អ្នកឧកញ៉ា ហ៊ុន សាន បានទទួលមរណភាពក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ និងជរាពាធ កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ នៅព្រឹកថ្ងៃទី២ ខែមេសា សពអ្នកឧកញ៉ា នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អ្នកឧកញ៉ា ធ្លាប់មានតួនាទីជាច្រើន រួមមាន ជាយោធា, ជាមន្រ្តីក្រសួងពាណិជ្ជកម្ម, ជាមន្រ្តីក្រសួងគមនាគមន៍, ជាមន្រ្តីក្រសួងសាធារណការ, និងជាទីប្រឹក្សាក្រសួងសាធារណការនេះដដែល។ តួនាទីចុងក្រោយរបស់អ្នកឧកញ៉ា គឺជារដ្ឋលេខាធិការធិការក្រសួងសាធារណការ ចាប់តាំងពីឆ្នាំ២០២២មក រហូតទទួលមរណភាព។ នៅឆ្នាំ២០២៣ អ្នកឧកញ៉ា ទទួលបានគោរមងារជា «អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ» ពីព្រះមហាក្សត្រជាអម្ចាស់ជីវិតតម្កល់លើត្បូង។ សម្តេច ហ៊ុន សែន បង្ហោះសារលើបណ្តាញសង្គមថា ក្នុងនាមជាបង អ្នកឧកញ៉ា ហ៊ុន សាន បានលះបង់ច្រើនណាស់ចំពោះប្អូនៗ៕




រូបអំពីអ្នកនយោបាយជំទាស់ជួបសម្តេច ហ៊ុន សែន ក្នុងរោងបុណ្យ ជារូបពីទូរទស្សន៍ជាតិកម្ពុជា (ទទក)


