រាយការណ៍ពីរាជធានីភ្នំពេញ៖ ក្រោយទៅដល់ព្រំដែនភ្លាម សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ បានបើកកិច្ចប្រជុំភ្លាមតែម្តង ដោយមានវត្តមានលោកនាយកឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ រួមទាំងមេទ័ពកំពូលៗ ដូចជា លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើកគោក ជាដើម។ មិនទាន់មានព័ត៌មានអំពីខ្លឹមសារនៃកិច្ចប្រជុំ ឬប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នោះទេ។

សម្តេច ស ខេង និងនាយឧត្តមសេនីយ៍ផ្កាយមាស៥ពីរូបទៀត គឺសម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន ក៏ស្ថិតក្នុងអង្គប្រជុំនោះដែរ។ សម្តេចទាំងបីរូប បានអមដំណើរសម្តេចតេជោ ហ៊ុន សែន ចុះទៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីពិនិត្យមើលស្ថានការណ៍ជាក់ស្តែង និងសួរសុខទុក្ខកងទ័ព រួមទាំងប្រជាជននៅទីនោះ។ ចាប់តាំងពីកម្ពុជា-ថៃមានបញ្ហាតាមព្រំដែនជាមួយគ្នាមក នេះជាលើកទីមួយហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានចុះទៅពិនិត្យផ្ទាល់តាមព្រំដែន ដោយស្លៀកឯកសណ្ឋាននាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ។

មុនសម្តេចតេជោបីបួនថ្ងៃ គឺកាលពីថ្ងៃទី២៣មិថុនា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចុះទៅសួរសុខទុក្ខកងទ័ព និងប្រជាជនតាមព្រំដែនកម្ពុជា-ថៃក្នុងខេត្តព្រះវិហារ។ ចាប់តាំងពីកងទ័ពកម្ពុជា-ថៃ ផ្ទុះអាវុធដាក់គ្នានៅតំបន់មុំបី-ឆងបក កាលពីព្រឹកថ្ងៃទី២៨ឧសភាមក ទំនាស់រវាងប្រទេសទាំងពីរ ពិសេសតាមព្រំដែន ពុំបានធូរស្រាលឡើយ ផ្ទុយមកវិញ មានតែឡើងកម្តៅបន្តិចម្តងៗ ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់កងទ័ពថៃ សម្រេចបិទច្រកព្រំដែនជិតទាំងអស់លែងអនុញ្ញាតឱ្យមានការធ្វើដំណើរចេញចូលគ្រប់បែបយ៉ាង លើកលែងតែអ្នកជំងឺនិងសិស្សសាលាប៉ុណ្ណោះ៕



