រាជធានីភ្នំពេញ៖ ពេលទៅគ្រប់គ្រងព្រឹទ្ធសភាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន ក៏មើលឃើញចំណុចអវិជ្ជមានធំមួយ គឺសមាជិកព្រឹទ្ធសភា ខ្វះគណនេយ្យភាពជាមួយអង្គបោះឆ្នោត ហើយពិបាកកំណត់ថា សមាជិកព្រឹទ្ធសភាម្នាក់ៗ បានចុះទៅជួយប្រជាពលរដ្ឋតាមខេត្តណាខ្លះ។ ដើម្បីកុំឱ្យសមាជិកព្រឹទ្ធសភាទទួលប្រាក់ខែហើយ បែរជាមិនដឹងថា ពួកគាត់បានចុះជួយប្រជាពលរដ្ឋនៅកន្លែងណា ឬនៅខេត្តណានោះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានស្ថាប័នកំពូលមួយនេះ ក៏ណែនាំឱ្យធ្វើកំណែទម្រង់ចំណុចអវិជ្ជមានត្រង់នេះចេញ។

ធ្វើជាអធិបតីក្នុងពិធីបំពាក់ផ្កាយមាស៥ផុតលេខ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេច ម៉ែន សំអន នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សម្តេចប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា អះអាងដូច្នេះថា៖«យើងត្រូវសិក្សាកន្លែងហ្នឹង..កែប្រព័ន្ធ ដើម្បីឱ្យសមាជិកព្រឹទ្ធសភានីមួយៗ មានគណនេយ្យភាពជាមួយអង្គបោះឆ្នោត បើមិនអ៊ីចឹងទេ អង្គុយស៊ីប្រាក់ខែនៅហ្នឹង អត់មានទៅជួប ជួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ធ្វើផ្លូវអីម៉ាតិច ធ្វើទំនប់អីម៉ាតិច ឬក៏ជួយបូមទឹកបូមអី គឺអត់..អាហ្នឹងខ្ញុំគិតថាត្រូវតែធ្វើ[ការកែប្រែ]»។

គួរដឹងថា ព្រឹទ្ធសភា បែងចែកជា៨ភូមិភាគ ឯរដ្ឋសភា បែងចែកជា២៥មណ្ឌល។ មណ្ឌល១ គឺរាជធានី១ ឬខេត្ត១។ ឧទាហរណ៍ មណ្ឌលកំពង់ចាម គឺខេត្តកំពង់ចាមនេះឯង។ មណ្ឌលនីមួយៗ អាចមានតំណាងរាស្ត្រ ឬសមាជិករដ្ឋសភាច្រើនរូប។ ជាក់ស្តែង តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមបច្ចុប្បន្នមាន១០រូប។ ត្រង់កន្លែងនេះ បង្ហាញថា តំណាងរាស្ត្រម្នាក់ៗ ត្រូវបានកំណត់ជាក់លាក់ចំពោះខេត្តរបស់ខ្លួន ដែលត្រូវចុះទៅបំពេញបេសកកម្ម ឬចុះទៅជួយប្រជាពលរដ្ឋ។

ចំពោះភូមិភាគនីមួយៗវិញ សមាជិកព្រឹទ្ធសភាម្នាក់ៗត្រូវទទួលខុសត្រូវ មិនមែនមានតែខេត្ត១នោះទេ គឺមានច្រើនខេត្ត អាច៤ទៅ៥ខេត្តក៏មាន។ លើកលែងតែភូមិភាគរាជធានីភ្នំពេញ ជាភូមិភាគទី១ ដែលមានតែ១ គឺរាជធានីភ្នំពេញតែម្ដង ដោយមិនបូកបញ្ចូលខេត្តណាផ្សេងឡើយ។ សព្វថ្ងៃ ព្រឹទ្ធសភា បែងចែកជា៨ភូមិភាគ គឺរាប់ចាប់ពីភូមិភាគទី១ដល់ភូមិទី៨ ហើយភូមិភាគទាំង៨នេះ គឺបូករួមរាជធានី-ខេត្តទាំង២៥នៅកម្ពុជា។ ឧទាហរណ៍ ភូមិភាគទី៤ មាន៥ខេត្ត គឺបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងប៉ៃលិន ហើយបច្ចុប្បន្ន មានសមាជិកព្រឹទ្ធសភា១០រូប ដែលកាន់កាប់ ឬទទួលខុសត្រូវចំពោះភូមិភាគទី៤នេះ។ ត្រង់កន្លែងនេះ បង្ហាញថា សមាជិកព្រឹទ្ធសភាម្នាក់ អាចទទួលខុសត្រូវលើខេត្ត៤-៥ឯណោះ។

ព្រោះតែសមាជិកព្រឹទ្ធសភាម្នាក់ ត្រូវទទួលខុសត្រូវលើខេត្តច្រើនបែបនេះហើយ ទើបសម្តេច ហ៊ុន សែន មានប្រសាសន៍ថា មិនអាចដឹងសមាជិករូបណា ត្រូវចុះទៅបំពេញបេសកកម្មនៅខេត្តណាឱ្យពិតប្រាកដ។ ក្នុងការធ្វើកំណែទម្រង់ សម្តេច ហ៊ុន សែន ចង់កំណត់ឱ្យសមាជិកព្រឹទ្ធសភាម្នាក់ៗ ត្រូវទទួលខុសត្រូវ ឬចុះទៅជួយប្រជាពលរដ្ឋនៅខេត្តណាមួយឱ្យជាក់លាក់តែម្ដង ទៅតាមលំនាំសមាជិករដ្ឋសភា។ សម្តេចលើកជាឧទាហរណ៍ថា ប្តូរភូមិភាគទាំង៨ ទៅជាមណ្ឌលទាំង២៥រាជធានី-ខេត្ត ដូចរដ្ឋសភាដែរ ហើយកំណត់ឱ្យច្បាស់ថា មណ្ឌលនីមួយៗ ត្រូវមានសមាជិកព្រឹទ្ធសភាប៉ុន្មាននាក់ ដែលត្រូវទទួលខុសត្រូវ និងចុះទៅជួយប្រជាពលរដ្ឋ។

ចំណុចសំខាន់១ទៀត សម្តេច ហ៊ុន សែន ចង់ឱ្យសមាជិកព្រឹទ្ធសភា មានគណនេយ្យភាពជាមួយអង្គបោះឆ្នោត គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទើបសម្តេចមានបំណងធ្វើកំណែទម្រង់នេះ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោតអសាកល (ឬជាការបោះឆ្នោតមិនទូទៅ) ដូច្នេះ អង្គបោះឆ្នោត មានសិទ្ធិបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងសមាជិករដ្ឋសភា មិនមែនជាប្រជាពលរដ្ឋទូទៅឡើយ។ កន្លងមក គេពិតជាកត់ស្គាល់ឃើញមែនថា ពេលមូលដ្ឋាន ឬកន្លែងណាមួយមានបញ្ហា និងការលំបាក ហាក់ដូចជាមិនសូវឃើញមុខសមាជិកព្រឹទ្ធសភាចុះទៅជួយដោះស្រាយប៉ុន្មានឡើយ៕


