សម្តេច ហ៊ុន សែន ផ្តល់យោបល់ថា កងទ័ពប្រទេសសមាជិក គួរពាក់និមិត្តសញ្ញាអាស៊ាន ពេលទៅបំពេញបេសកកម្មខាងក្រៅ
Mao Sopha
06 ឧសភា 2025 10:00 AM

រាជធានីភ្នំពេញ៖ ធ្វើជាវាគ្មិនក្នុងវេទិកាសាធារណៈកម្រិតអន្តរជាតិមួយ នៅប្រទេសឥណ្ឌូណេស៊ី សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លើកជាយោបល់ឱ្យថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ានយកទៅពិចារណាថា កងទ័ពចេញពីគ្រប់ប្រទេសជាសមាជិកអាស៊ាន ទៅបំពេញបេសកកម្មរក្សាសន្តិសុខ-សន្តិភាព តាមបណ្តាប្រទេសនានាក្រៅពីតំបន់អាស៊ាន គួរតែពាក់និមិត្តសញ្ញាអាស៊ាន (Logo) និងនាំយកទង់អាស៊ានទៅជាមួយ ដើម្បីបន្ថែមទម្ងន់តួនាទី និងពង្រីកវិសាលភាពអាស៊ាននៅលើឆាកអន្តរជាតិ ហើយគេនឹងដឹងថា កងទ័ពនោះចេញមកពីតំបន់អាស៊ាន។ 

សម្តេច ហ៊ុន សែន ថ្លែងក្នុងវេទិកានៅឥណ្ឌូណេស៊ី
សម្តេច ហ៊ុន សែន ថ្លែងក្នុងវេទិកានៅឥណ្ឌូណេស៊ី

សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា បំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ហើយបន្ទាប់មក នឹងបន្តទៅបំពេញទស្សនកិច្ចនៅទីម័រខាងកើត ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។ ក្នុងវេទិកានៅប្រទេសឥណ្ឌូណេស៊ី សម្តេចបន្ថែមថា កងទ័ពពីប្រទេសសមាជិកអាស៊ាន ចេញទៅបំពេញបេសកកម្មរក្សាសន្តិសុខ-សន្តិភាពនៅប្រទេសដទៃ ដោយមាននិមិត្តសញ្ញាអាស៊ាន និងទង់អាស៊ានភ្ជាប់តាមខ្លួនបែបនេះ គឺបង្ហាញពីបេសកកម្មដែលស្ថិតក្រោមឆត្រអាស៊ាន [មិនមែនគ្រាន់តែស្ថិតក្រោមឆត្រអង្គការសហប្រជាជាតិនោះទេ]។ សម្តេច លើកជាឧទាហរណ៍ថា [បើអាស៊ានឯកភាពគ្នា] កងទ័ពមួកខៀវកម្ពុជា ដែលចេញទៅបំពេញបេសកកម្មនៅប្រទេសណាមួយ គឺនៅតែពាក់ឯកសណ្ឋានកងទ័ពកម្ពុជាដដែល តែថែមនិមិត្តសញ្ញាអាស៊ានលើអាវកងទ័ពនោះ និងនាំយកទង់អាស៊ានទៅជាមួយ។ សម្តេចបង្ហាញក្តីសង្ឃឹមថា៖«[អាស៊ាន]យើងអាចធ្វើបានរឿងនេះ»

កងទ័ពមួកខៀវកម្ពុជា វិលត្រឡប់មកប្រទេសវិញ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយបញ្ចប់បេសកកម្មនៅក្រៅប្រទេស។ 
កងទ័ពមួកខៀវកម្ពុជា វិលត្រឡប់មកប្រទេសវិញ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយបញ្ចប់បេសកកម្មនៅក្រៅប្រទេស។ 

មិនត្រឹមតែប៉ុណ្ណឹងទេ ប្រធានគណបក្សកាន់អំណាចកម្ពុជា ថែមទាំងរម្លឹកឡើងវិញនូវយោបល់ថា មេដឹកនាំអាស៊ាន គួរតែបង្កើតក្រុមបាល់ទាត់ប្រចាំអាស៊ាន ដោយសមាជិកក្នុងក្រុមបាល់ទាត់នេះ មកពីគ្រប់ប្រទេសជាសមាជិកអាស៊ាន។ លើសពីនេះ សម្តេចក៏បានបញ្ចេញយោបល់ថា អាស៊ានក៏គួររួមគ្នាដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់កម្រិតពិភពលោក (World Cup) ផងដែរ។ ដូចរឿងកងទ័ពពាក់និមិត្តសញ្ញាអាស៊ានដែរ សម្តេចជឿថា ការបង្កើតក្រុមបាល់ទាត់ និងការដេញថ្លៃរៀបចំការប្រកួតបាល់ទាត់កម្រិតវើលខាប់នេះ អាស៊ានអាចមានលទ្ធភាពធ្វើបាន។ គួរដឹងថា គំនិតចង់បង្កើតក្រុមបាល់ទាត់អាស៊ាន និងការរួមគ្នាដេញថ្លៃរៀបចំការប្រកួតបាល់ទាត់វើលខាប់នៅតំបន់អាស៊ាននេះ សម្តេចធ្លាប់លើកឡើងជាមួយមេដឹកនាំអាស៊ាន តាំងពីសម្តេចនៅធ្វើជានាយករដ្ឋមន្រ្តីមកម្ល៉េះ៕

សម្តេច ហ៊ុន សែន ពាក់ឯកសណ្ឋានយោធាផ្កាយមាស៥ផុតលេខ ក្នុងពិធីបំពាក់ឋានន្តរសក្តិផ្កាយមាស៥ផុតលេខ ជូនសម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន ក្នុងអំឡុងខែមីនា ឆ្នាំ២០២៥។ 
សម្តេច ហ៊ុន សែន ពាក់ឯកសណ្ឋានយោធាផ្កាយមាស៥ផុតលេខ ក្នុងពិធីបំពាក់ឋានន្តរសក្តិផ្កាយមាស៥ផុតលេខ ជូនសម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន ក្នុងអំឡុងខែមីនា ឆ្នាំ២០២៥។ 
ការប្រកួតបាល់ទាត់វើលខាប់ ឆ្នាំ២០២២
ការប្រកួតបាល់ទាត់វើលខាប់ ឆ្នាំ២០២២
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត