
រាជធានីភ្នំពេញ៖ អ្នកណា មិនទទួលស្គាល់ ឬបដិសេធ ឬជំទាស់ ឬនិយាយថា មិនមានរបបខ្មែរក្រហម អ្នកនោះ អាចនឹងត្រូវហាមឃាត់មិនឱ្យប្រកបវិជ្ជាជីវៈរបស់ខ្លួន ក្នុងរយៈពេលណាមួយតាមការកំណត់របស់តុលាការ។ នេះបើផ្អែកលើខ្លឹមសារនៃច្បាប់ថ្មី ដែលព្រះមហាក្សត្រជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់ទើបនឹងចេញព្រះរាជក្រមដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីរដ្ឋសភា និងព្រឹទ្ធសភា អនុម័តចប់សព្វគ្រប់។

ច្បាប់នេះ មានឈ្មោះជាផ្លូវការថា «ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ»។ ច្បាប់ថ្មីនេះ ពុំបានចែងជាក់លាក់ឡើយថា ការផ្អាកមិនឱ្យប្រកបវិជ្ជាជីវៈ អាចមានរយៈពេលយូរប៉ុនណា។ ក្រៅពីប្រឈមនឹងការហាមឃាត់មិនឱ្យប្រកបវិជ្ជាជីវៈ អ្នកល្មើសនឹងច្បាប់នេះ ក៏ប្រឈមនឹងការដកសិទ្ធិខ្លះជាពលរដ្ឋផងដែរ។ ច្បាប់ថ្មីនេះ មិនបានចែងជាក់លាក់ដូចគ្នាថា សិទ្ធិជាពលរដ្ឋ ដែលនឹងត្រូវដកហូតនោះ ជាសិទ្ធិអ្វីខ្លះ និងជាសិទ្ធិត្រង់កន្លែងណាខ្លះ។ ប៉ុន្តែមាត្រា៥៥នៃក្រមព្រហ្មទណ្ឌ ចែងថា សិទ្ធិពលរដ្ឋដែលអាចដកហូតបាន មានជាអាទិ៍ សិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិបំពេញការងារជាមន្ត្រីរាជការ ជាដើម។

មិនកំណត់ជាក់លាក់ពីរយៈពេលនៃការផ្អាកមិនឱ្យប្រកបវិជ្ជាជីវៈ ហើយក៏មិនកំណត់ចំៗអំពីការដកសិទ្ធិជាពលរដ្ឋ តែច្បាប់ស្តីពីការប្រឆាំងនឹងអ្នកមិនទទួលស្គាល់របបខ្មែរក្រហម បានចែងច្បាស់លាស់ណាស់អំពីការដាក់ទោស និងការពិន័យជាទឹកប្រាក់។ បុគ្គលណាមួយ ឬជាភាសាច្បាប់ថា រូបវន្តបុគ្គលណាមួយ មិនទទួលស្គាល់របបខ្មែរក្រហម ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី១០លានរៀល ទៅ៥០លានរៀល។ ចំណែកអង្គភាព ឬស្ថាប័ន ឬជាភាសាច្បាប់ថា នីតិបុគ្គល ដែលមិនទទួលស្គាល់របបខ្មែរក្រហម នឹងត្រូវពិន័យជាទឹកប្រាក់ពី៥០លានរៀល ដល់៥០០លានរៀលឯណោះ ហើយថែមទាំងអាចទទួលខុសត្រូវចំពោះទោសព្រហ្មទណ្ឌទៀតផង។

លើសពីនេះ ច្បាប់ស្តីពីការប្រឆាំងនឹងអ្នកមិនទទួលស្គាល់របបខ្មែរក្រហម អនុញ្ញាតឱ្យផ្សាយជាសាធារណៈ និងតាមបណ្តាសារព័ត៌មាននានា ដើម្បីឱ្យគេឯងដឹងឮពីការដាក់ទោសលើបុគ្គល ឬស្ថាប័ន ដែលមិនទទួលស្គាល់របបខ្មែរក្រហម។ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសកន្លងមកថា គោលបំណងនៃការបង្កើតច្បាប់ប្រឆាំងអ្នកមិនទទួលស្គាល់របបខ្មែរក្រហម រួមមាន៖ ទី១ ដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយណាដែលបដិសេធមិនទទួលស្គាល់ការពិតចំពោះប្រវត្តិសាស្ត្រដ៏សែនជូរចត់នៅកម្ពុជាកាលពីអតីតកាល, ទី២ ដើម្បីទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មដូចក្នុងរបបខ្មែរក្រហមវិលត្រឡប់មកវិញ, ទី៣ ដើម្បីឱ្យប្រជាពលរដ្ឋចងចាំជានិច្ចមិនអាចបំភ្លេចបាននូវមហាសោកនាដកម្មក្នុងរបបខ្មែរក្រហមដែលមានរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

គួរដឹងថា តាមពិត កម្ពុជា មានច្បាប់នេះរួចហើយ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៣មកម្ល៉េះ តែរាជរដ្ឋាភិបាល សម្រេចសរសេរច្បាប់នេះសាឡើងវិញ ដោយបន្ថែមខ្លឹមសារ និងមាត្រាខ្លះ ដែលច្បាប់ចាស់ពុំមានចែង។ ទោះសរសេរឡើងវិញ តែច្បាប់ថ្មី និងច្បាប់ចាស់ មានឈ្មោះផ្លូវការដូចគ្នាបេះបិទតែម្តង។ ច្បាប់ថ្មី មាន៧មាត្រា ឯច្បាប់ចាស់ មាន៥មាត្រា។ អ្វីដែលគួរកត់សម្គាល់ខ្លាំងនោះ ច្បាប់ថ្មី ដាក់ទោសធ្ងន់ធ្ងរជាងច្បាប់ចាស់។ ច្បាប់ចាស់ កំណត់ឱ្យអ្នកមិនទទួលស្គាល់របបខ្មែរក្រហម ជាប់ទោសត្រឹមកន្លះឆ្នាំទៅ២ឆ្នាំ និងបង់ប្រាក់ត្រឹម១លានរៀលដល់៤លានរៀល។ ម្យ៉ាងទៀត ច្បាប់ចាស់ ពុំបានចែងពីការដាក់ទោសលើស្ថាប័ន-អង្គភាពជានីតិបុគ្គលនោះទេ។ ក្រោយច្បាប់ថ្មីចូលជាធរមាន ច្បាប់ចាស់ត្រូវធ្វើនិរាករណ៍ (គឺឈប់ប្រើ)៕

អត្ថបទទាក់ទង
អាចអានទាំងស្រុងពីច្បាប់ថ្មី និងច្បាប់ចាស់ ស្តីពីការប្រឆាំងនឹងអ្នកមិនទទួលស្គាល់របបខ្មែរក្រហម
ច្បាប់ថ្មី



ច្បាប់ចាស់




