
រាជធានីភ្នំពេញ៖ នៅកម្ពុជា អនីតិជន ឬជនក្រោម១៨ឆ្នាំ មិនអាចជាប់ទោសអស់មួយជីវិត ដូចនីតិជន ឬជនអាយុចាប់ពី១៨ឆ្នាំឡើងទៅនោះទេ។ អនីតិជននៅទីនេះ សំដៅដល់ជនមានអាយុចាប់ពី១៤ឆ្នាំឡើង តែក្រោម១៨ឆ្នាំ ហើយត្រូវជាប់កាតព្វកិច្ចទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងករណីប្រព្រឹត្តបទល្មើស។

មាត្រា១៦០ នៃក្រមព្រហ្មទណ្ឌ ចែងថា បើអនីតិជន ត្រូវកាត់ទោសដាក់ពន្ធនាគារមួយជីវិត គឺនឹងត្រូវបន្ថយមកនៅត្រឹម២០ឆ្នាំ។ ឧទាហរណ៍៖ ក្មេងប្រុស២នាក់ (ម្នាក់អាយុ១៧ឆ្នាំ ម្នាក់ទៀតអាយុ១៦ឆ្នាំ) ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មដោយសេពសន្ថវៈ មានន័យថា ចាប់រំលោភហើយ ក៏សម្លាប់នារីរងគ្រោះចោល។ តាមច្បាប់ អ្នកប្រព្រឹត្តអំពើនេះ ត្រូវជាប់ពន្ធនាគារអស់មួយជីវិត ប៉ុន្តែដោយសារអ្នកប្រព្រឹត្ត មានអាយុក្រោម១៨ឆ្នាំ ដូច្នេះ មិនជាប់ពន្ធនាគារអស់មួយជីវិតនោះទេ គឺប្រឈមនឹងជាប់ពន្ធនាគារត្រឹម២០ឆ្នាំ។

សិក្សាករណីជាក់ស្តែង៖ នៅចុងខែឧសភា ឆ្នាំ២០២៥នេះ ក្មេងប្រុសវ័យជំទង់៣នាក់ (ម្នាក់អាយុ១៥ឆ្នាំ ម្នាក់អាយុ១៦ឆ្នាំ ម្នាក់ទៀតអាយុ១៨ឆ្នាំ) បានរួមគ្នាដាក់ថ្នាំសណ្តំក្នុងភេសជ្ជៈឱ្យក្មេងស្រីម្នាក់អាយុ១៥ឆ្នាំផឹក ពេលយប់កណ្តាលអធ្រាត្រ ក្នុងសាលាបឋមសិក្សាមួយនៅរាជធានីភ្នំពេញ។ ប៉ូលិសអះអាងថា ក្រោយក្មេងស្រីនោះសន្លប់ ក្មេងប្រុសអាយុ១៨ឆ្នាំ ក៏ប្រព្រឹត្តអំពើរំលោភហើយសម្លាប់នាង ឯក្មេងប្រុស២នាក់ទៀត ជាអ្នកសមគំនិត។ ទោះយ៉ាងណា តុលាការបានចោទប្រកាន់ពួកគេទាំង៣នាក់ (ទាំងអ្នកប្រព្រឹត្ត ទាំងអ្នកសមគំនិត) ក្នុងបទចោទតែ១ដូចគ្នា គឺបទឃាតកម្មដោយអំពើរំលោភសេពសន្ថវៈ តាមមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ។

ផ្អែកតាមមាត្រា២០៥នេះ ជនល្មើសត្រូវប្រឈមនឹងការដាក់ទោសជាប់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែ ក្នុងចំណោមពួកគេទាំង៣នាក់ មាន២នាក់មិនទាន់គ្រប់អាយុ១៨ឆ្នាំនោះទេ។ មិននិយាយពីជនល្មើសអាយុ១៨ឆ្នាំ ផ្តោតទៅលើតែជនល្មើស២នាក់ដែលមិនទាន់គ្រប់អាយុ១៨ឆ្នាំ ពួកគេទាំង២នាក់ នឹងមិនប្រឈមជាប់ពន្ធនាគារមួយជីវិតឡើយ គឺនឹងត្រូវបន្ថយមកជាប់ពន្ធនាគារត្រឹម២០ឆ្នាំ។ នេះគ្រាន់តែជាការបកស្រាយតាមផ្លូវច្បាប់ប៉ុណ្ណោះ ការសម្រេចសេចក្តីពិតប្រាកដ និងជាផ្លូវការលើជនល្មើសអាយុ១៨ឆ្នាំ និងជនល្មើស២នាក់ទៀតអាយុក្រោម១៨ឆ្នាំក្នុងសំណុំរឿងនេះ គឺអាស្រ័យលើឆន្ទានុសិទ្ធិរបស់ចៅក្រម។

មាត្រា១៦០ដដែល ចែងទៀតថា ការដាក់ទោសលើអនីតិជន គឺត្រូវបន្ថយទោសនោះពាក់កណ្តាល បើតុលាការជ្រើសរើសយកទោសខ្ពស់បំផុតក្នុងបទល្មើសណាមួយ អនុវត្តទៅលើអនីតិជន។ ឧទាហរណ៍៖ ក្មេងប្រុសមួយក្រុមមានគ្នា៤នាក់ (២នាក់អាយុ១៧ និង២នាក់ទៀតអាយុជិត១៨ឆ្នាំ) បានប្រួតគ្នាវ៉ៃក្មេងប្រុសម្នាក់ផ្សេងទៀតអាយុ១៧ឆ្នាំ ដោយប្រើដំបង និងព្រនង់។ តុលាការ បានចោទពួកគេទាំង៤នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ដែលចែងពីការដាក់ពន្ធនាគារពី២ឆ្នាំ ដល់៥ឆ្នាំ។ បើតុលាការសម្រេចដាក់ទោសពួកគេ៥ឆ្នាំ ជាទោសខ្ពស់បំផុត ឬជាទោសអតិបរមាក្នុងសំណុំរឿងនេះ ក៏ពួកគេមិនជាប់ពន្ធនាគារ៥ឆ្នាំពេញដែរ គឺជាប់តែពាក់កណ្តាល (ដែលមានរយៈពេលតែ២ឆ្នាំកន្លះ) ព្រោះពួកគេជាអនីតិជន៕




