តើកម្ពុជា គួរធ្វើច្បាប់ដាក់ទោសមន្រ្តីស្រវឹងបុកគេស្លា.ប់ ឱ្យធ្ងន់ធ្ងរលើសពីពលរដ្ឋធម្មតាដែរឬទេ?
Mao Sopha
16 ឧសភា 2025 11:15 AM

រាជធានីភ្នំពេញ៖ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដាក់ទោសមិនសូវធ្ងន់ធ្ងរនោះទេ ទៅលើជនបង្កគ្រោះថ្នាក់ បើទោះជាជនរងគ្រោះ រងរបួសធ្ងន់ធ្ងរប៉ុនណា រហូតដល់ត្រូវបាត់បង់ជីវិតក៏ដោយ។ ផ្អែកតាមច្បាប់ចរាចរណ៍បច្ចុប្បន្ន ការបើកបរបង្កគ្រោះថ្នាក់ធ្វើឱ្យបាត់បង់ជីវិតអ្នកដទៃ ត្រូវជាប់ពន្ធនាគារយូរបំផុតត្រឹម៣ឆ្នាំ បើជនបង្កមិនស្រវឹង តែបើស្រវឹង អាចជាប់ពន្ធនាគារយូរបំផុតដល់៥ឆ្នាំ។  

កងកម្លាំងនគរបាលចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍
កងកម្លាំងនគរបាលចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍

ម្យ៉ាងទៀត ក្នុងករណីបើកបរបង្កគ្រោះថ្នាក់ឱ្យអ្នកដទៃស្លាប់លើដងផ្លូវ មិនថាជនបង្កជាអ្នកណាឡើយ គឺត្រូវទទួលទោសស្មើគ្នា ឬដូចគ្នាទាំងអស់ ដោយពុំបានបែងចែកថា មន្ត្រីរាជការដែលបង្កគ្រោះថ្នាក់លើដងផ្លូវ ត្រូវមានទោសច្រើនជាងពលរដ្ឋធម្មតា ដែលបង្កគ្រោះថ្នាក់លើដងផ្លូវនោះទេ។ គួរដឹងចំណុចសំខាន់មួយទៀត ទោះជនរងគ្រោះស្លាប់ច្រើននាក់ប៉ុនណា ក៏ជនបង្ក មិនជាប់ទោសលើសពី៥ឆ្នាំដែរ។ អ្នកច្បាស់ជាពិបាកទទួលយក និងគិតថា ហេតុអ្វី ក៏ទោសនេះស្រាលម្ល៉េះ ខណៈបាត់បង់ជីវិតមនុស្សមួយទាំងមូល ឬជួនកាលច្រើននាក់ទៅទៀត?

រថយន្តបុកម៉ូតូលើផ្លូវ៦០ម៉ែត្រក្នុងពេលយប់
រថយន្តបុកម៉ូតូលើផ្លូវ៦០ម៉ែត្រក្នុងពេលយប់

ព្រោះតែសង្កេតឃើញដូចសាធារណជនថា ទោសនេះស្រាល ទើបក្រសួងយុត្តិធម៌ មានបំណងចង់ធ្វើវិសោធនកម្មលើច្បាប់ចរាចរណ៍ ដោយបន្ថែមទោសឱ្យកាន់តែធ្ងន់។ ក្នុងសន្និសីទសារព័ត៌មានមួយ តាំងពីអំឡុងខែមករា ឆ្នាំ២០២៥ លោក សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់ប្រកាសថា ក្រសួងយុត្តិធម៌ ពិចារណាធ្វើវិសោធនកម្មលើច្បាប់ចរាចរណ៍ ដើម្បីពិនិត្យពីការកំណត់ទោស[ឡើងវិញ] ឱ្យសមរម្យល្មមទៅនឹងព្យសនកម្ម [ឬផលប៉ះពាល់] ដែលកើតលើជនរងគ្រោះ។ 

គ្រោះថ្នាក់ចរាចរណ៍លើផ្លូវល្បឿនលឿន
គ្រោះថ្នាក់ចរាចរណ៍លើផ្លូវល្បឿនលឿន

យ៉ាងណា ក្រសួងយុត្តិធម៌ មិនទាន់និយាយឱ្យជាក់លាក់នោះទេ ថា ការបង្កឱ្យអ្នកដទៃស្លាប់ដោយសារការបើកបរ នឹងត្រូវបន្ថែមទោសធ្ងន់កម្រិតណា ឬត្រូវបន្ថែមរយៈពេលជាប់ពន្ធនាគារប៉ុន្មានឆ្នាំ។ ប្រហែលជាដោយសារច្បាប់ដាក់ទោសស្រាលពេក ទើបមនុស្សមួយចំនួន ហាក់ខ្វះការប្រុងប្រយ័ត្នក្នុងការបើកបរ ដោយអ្នកខ្លះ ថែមទាំងហ៊ានផឹកស្រាដល់ស្រវឹងថែមទៀត បើទោះជាដឹងថា ខ្លួនត្រូវបើកបរក៏ដោយ។ នាពេលបច្ចុប្បន្ននេះ មិនត្រឹមតែប្រជាពលរដ្ឋទូទៅនោះទេ មានទាំងមន្រ្តីរាជការ និងកងកម្លាំងផងដែរ ដែលបើកបរក្នុងស្ថានភាពស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ។

លោក សេង ឌីណា 
លោក សេង ឌីណា 

ករណីជាក់ស្តែង! នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ លោក ហ៊ុន ហេង ជាមន្រ្តីនគរបាលពាក់សក្តិ៥ និងមានឋានៈជាប្រធានការិយាល័យមួយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផឹកស្រវឹងទាំងថ្ងៃចេះ ហើយបើករថយន្តពីត្បូងទៅជើង បង្កគ្រោះថ្នាក់យ៉ាងរន្ធត់លើដងផ្លូវព្រះនរោត្តម មុខក្រសួងវប្បធម៌ និងក្រសួងមហាផ្ទៃ ដែលនៅជិតគ្នា។ តុកតុកមួយគ្រឿង ប៉ើងដូចសំឡី និងខ្ទាតដល់ទៅរាប់ម៉ែត្រ ដោយសារកម្លាំងនៃការបុកពីក្រោយយ៉ាងពេញទំហឹងរបស់រថយន្តបើកដោយលោកសក្តិ៥ ហើយក៏បណ្តាលឱ្យបុរសជាម្ចាស់តុកតុកនោះ ត្រូវបាត់បង់ជីវិត។

រថយន្តរបស់លោក ហ៊ុន ហេង 
រថយន្តរបស់លោក ហ៊ុន ហេង 

បន្ទាប់ពីបុកតុកតុកមុនគេ រថយន្តរបស់លោកសក្តិ៥ ក៏បន្តទៅបុករះលើរថយន្ត និងម៉ូតូមួយចំនួនទៀត បង្កឱ្យមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល។ សូម្បីដើមឈើតូចៗមួយចំនួនតាមដងផ្លូវ ក៏ត្រូវបាក់ និងដួលរាយប៉ាយដែរ ដោយសាររថយន្តរបស់លោកសក្តិ៥បុក។ ក្រោយមកបន្តិច នារីម្នាក់ ជាកូនរបស់បុរសរត់តុកតុក ក៏មកដល់ ហើយស្រែកទ្រហោយំពេញផ្លូវ។ ងាកទៅមើលលោកសក្តិ៥ ធ្វើដូចជាធម្មតា មិនស្លន់ស្លោ មិនតក់ស្លុត ហើយក៏មិនខ្វល់នឹងជនរងគ្រោះដែរ ដោយដៃនៅកាន់អាយកូម ​និងកាន់ទូរសព្ទចុចធម្មតា។ ក្បាលរថយន្តរបស់លោកសក្តិ៥រងការខូចខាតឡើងខ្ទេច តែម្ចាស់មិនរងរបួសបន្តិចឡើយ។ 

លោក ហ៊ុន ហេង (កណ្តាល) 
លោក ហ៊ុន ហេង (កណ្តាល) 

ទៅថ្ងៃមុខ បើកម្ពុជាពិតជាបន្ថែមទោសទៅលើអ្នកបើកបរដែលស្រវឹង និងបង្កគ្រោះថ្នាក់បណ្តាលឱ្យអ្នកដទៃស្លាប់ នោះជាកត្តាមួយ ដែលអាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ លើសពីនេះ កម្ពុជា គួរថែមមួយជំហានទៀត គឺរវាងមន្រ្តីរាជការ និងប្រជាពលរដ្ឋទូទៅ មិនគួរមានទោសស្មើគ្នា ឬដូចគ្នានោះទេ ក្នុងករណីផឹកស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃស្លាប់។ ក្នុងករណីនេះ មន្រ្តីរាជការ ឬកងកម្លាំង គួរមានទោសលើសពីប្រជាពលរដ្ឋទូទៅ។ ហេតុអ្វី? ព្រោះមន្រ្តីរាជការ ឬកងកម្លាំង ពិសេសមន្រ្តីរាជការ ឬកងកម្លាំងដែលពាក់ព័ន្ធក្នុងការអនុវត្តច្បាប់ ត្រូវធ្វើជាគំរូដល់ប្រជាពលរដ្ឋ។ និយាយមួយបែបទៀតថា អ្នកអនុវត្តច្បាប់ អ្នកកាន់ច្បាប់ អ្នកដឹងពីច្បាប់ ហើយបែរជាធ្វើខុសច្បាប់ ឬបំពានច្បាប់ គួរមានទោសលើសពីមនុស្សធម្មតា។

លោក ហ៊ុន ហេង អង្គុយចុចទូរសព្ទក្នុងរថយន្ត បន្ទាប់ពីបើកបុករះ
លោក ហ៊ុន ហេង អង្គុយចុចទូរសព្ទក្នុងរថយន្ត បន្ទាប់ពីបើកបុករះ

ក្នុងកិច្ចសម្ភាសជាមួយអង្គភាព SBM News លោកមេធាវី សុក សំអឿន បង្ហាញការយល់ឃើញថា ជាការល្អប្រសើរមួយកម្រិតថែមទៀត បើកម្ពុជាធ្វើវិសោធនកម្មច្បាប់ ដោយកំណត់ឱ្យមន្រ្តីរាជការសាធារណៈ មានទោសធ្ងន់ជាងប្រជាពលរដ្ឋធម្មតា ក្នុងករណីស្រវឹង ហើយបើកបរបង្កគ្រោះថ្នាក់បណ្តាលឱ្យអ្នកដទៃស្លាប់។ ប៉ុន្តែ លោក ក៏សុំឱ្យពិនិត្យមើលឱ្យច្បាស់ដែរថា ពាក្យមន្រ្តីរាជការសាធារណៈនៅទីនេះ សំដៅលើមន្រ្តីប្រភេទណាខ្លះ? ដូចជា គ្រូបង្រៀនជាដើម តើគួរតែស្ថិតក្នុងចំណោមមន្រ្តីរាជការសាធារណៈ ដែលត្រូវទទួលទោសធ្ងន់ជាងប្រជាពលរដ្ឋទូទៅដែរឬទេ?

លោកមេធាវី សុក សំអឿន 
លោកមេធាវី សុក សំអឿន 

ទោះយ៉ាងណា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ លោកមេធាវី ចង់ឱ្យអនុវត្តច្បាប់ចរាចរណ៍កំពុងមានស្រាប់ ឱ្យបានពេញលេញ ជាជាងការកែច្បាប់ ឬបន្ថែមទោស។ លោក មានប្រសាសន៍ដូច្នេះថា៖«ខ្ញុំចង់ឱ្យអនវុត្តច្បាប់ឱ្យបាន១០០ភាគរយសិន ឥឡូវអនុវត្តមិនទាន់គ្រប់សព្វនៅឡើយទេ»។ លោកលើកយកករណីដកពិន្ទុពីអ្នកបើកបរបំពានច្បាប់មកចោទសួរថា ក្នុងច្បាប់ចរាចរណ៍សព្វថ្ងៃ មានការដកពិន្ទុ ហើយបើដកដល់សូន្យ អ្នកបើកបរនោះ នឹងត្រូវដកសិទ្ធិបើកបរ ហើយត្រូវតម្រូវឱ្យទៅរៀនបើបរឡើងវិញ តើយើងមានអនុវត្តត្រង់កន្លែងនេះហើយឬនៅ? បន្ទាប់មកលោកឆ្លើយខ្លួនឯងថា ដូចជាអត់ទេ។  

តាមពិត ច្បាប់មួយចំនួនរបស់កម្ពុជា មានចែងត្រង់កន្លែងនេះ ពោលគឺ បើទោះជាបទល្មើសដូចគ្នាក្តី តែបើមន្រ្តីរាជការប្រព្រឹត្ត ត្រូវមានទោសធ្ងន់ជាងប្រជាពលរដ្ឋទូទៅប្រព្រឹត្ត។ ឧទាហរណ៍៖ ក្រមព្រហ្មទណ្ឌ ចែងថា ការចូលទៅរំលោភលំនៅឋានរបស់អ្នកដទៃ តាមរយៈការប្រើហិង្សា ការបង្ខិតបង្ខំ ឬការគំរាមកំហែង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ (បើអ្នកប្រព្រឹត្តជាប្រជាពលរដ្ឋទូទៅ) តែត្រូវជាប់ពន្ធនាគារពី១ឆ្នាំ ទៅ២ឆ្នាំ បើអ្នកប្រព្រឹត្តជាអ្នករាជការសាធារណៈ៕  

ឈុតឆាកមួយក្នុងការសម្តែងរឿង ពន្យល់ពីច្បាប់ និងទោសជុំវិញការរំលោភចូលលំនៅឋានអ្នកដទៃ ដោយគ្មានការអនុញ្ញាត។  
ឈុតឆាកមួយក្នុងការសម្តែងរឿង ពន្យល់ពីច្បាប់ និងទោសជុំវិញការរំលោភចូលលំនៅឋានអ្នកដទៃ ដោយគ្មានការអនុញ្ញាត។  
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត