សេចក្តីព្រាងច្បាប់ថ្មី៖ ហ៊ានតែបដិសេធថា​គ្មានរបបខ្មែរក្រហម នឹងជាប់ទោសពី១ឆ្នាំដល់៥ឆ្នាំ ហើយអស់ប្រាក់៥លានរៀលដល់៥០លានរៀល
Mao Sopha
25 មករា 2025 02:31 AM

រាជធានីភ្នំពេញ៖ អ្នកណាដែលមិនទទួលស្គាល់ ឬបដិសេធ ឬជំទាស់ថា គ្មានរបបខ្មែរក្រហម នឹងត្រូវប្រឈមការជាប់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ ហើយថែមទាំងត្រូវពិន័យប្រាក់ថែមទៀត ចាប់ពី៥លានរៀល រហូតអាចដល់៥០លានរៀល។ នេះបើយោងតាមខ្លឹមសារនៃសេចក្តីព្រាងច្បាប់ថ្មី ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តរួចហើយ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។ តាមនីតិវិធី ក្រោយគណៈរដ្ឋមន្រ្តីអនុម័តរួច សេចក្តីព្រាងច្បាប់ តែងត្រូវបានបញ្ជូនទៅរដ្ឋសភា ដើម្បីពិនិត្យបន្តទៀត។

គោលបំណងនៃការតាក់តែងច្បាប់ថ្មីនេះឡើង រួមមាន៖ ទី១ ដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយណាដែលបដិសេធមិនទទួលស្គាល់ការពិតចំពោះប្រវត្តិសាស្ត្រដ៏សែនជូរចត់នៅកម្ពុជាកាលពីអតីតកាល, ទី២ ដើម្បីទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មដូចក្នុងរបបខ្មែរក្រហម វិលត្រឡប់មកវិញ, ទី៣ ដើម្បីឱ្យប្រជាពលរដ្ឋចងចាំជានិច្ចមិនអាចបំភ្លេចបាននូវមហាសោកនាដកម្មក្នុងរបបខ្មែរក្រហម ឬរបបកម្ពុជាប្រជាធិបតេយ្យរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ សូមបញ្ជាក់ថា តាមពិត កម្ពុជា មានច្បាប់នេះរួចហើយ ហើយក៏កំពុងស្ថិតនៅជាធរមានដែរក្នុងពេលសព្វថ្ងៃនេះ។

ច្បាប់ថ្មី ដែលកំពុងព្រាងនេះ មានឈ្មោះដូចគ្នាបេះបិទទៅនឹងច្បាប់ដែលកំពុងធរមាន។ ជាធម្មតា នៅពេលច្បាប់ថ្មីត្រូវបានអនុម័តចប់សព្វគ្រប់ និងចូលជាធរមាន ច្បាប់ចាស់តែងត្រូវបានធ្វើនិរាករណ៍ចោល (ឬឈប់ប្រើ)។ ការដាក់ទោសក្នុងច្បាប់ចាស់ដែលកំពុងអនុវត្ត មានកម្រិតស្រាលជាងច្បាប់ថ្មីដែលទើបនឹងព្រាងឡើង។ ច្បាប់ដែលកំពុងអនុវត្តរាល់ថ្ងៃ កំណត់ថា អ្នកណាដែលមិនទទួលស្គាល់ ឬបដិសេធ ឬជំទាស់ថាគ្មានរបបខ្មែរក្រហម នឹងត្រូវជាប់ទោសពីកន្លះឆ្នាំទៅ២ឆ្នាំ និងត្រូវបង់ប្រាក់ពី១លានរៀលដល់៤លានរៀល។ ច្បាប់នេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៣ ហើយមានតែ៥មាត្រាប៉ុណ្ណោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត