តើម្ចាស់បំណុល ដឹងតែជាប់ពន្ធនាគារឬ ពេលប្រាប់កូនបំណុលថា បើមិនសង​ នឹងផ្សាយជាសាធារណៈ?
Mao Sopha
08 មេសា 2025 11:00 AM

រាជធានីភនំពេញ៖ មានរឿងមួយកើតឡើងនៅសៀមរាប! ស្ត្រីម្នាក់ ជាម្ចាស់បំណុល បានឆាតតាមហ្វេសប៊ុកទៅទារលុយពីកូនបំណុលជាប៉ូលិសផ្កាយ១ ហើយប្រើពាក្យថា បើមិនសង នឹងបង្ហោះជាសាធារណៈលើបណ្តាញសង្គម និងផ្សព្វផ្សាយតាមសារព័ត៌មាន។ លោកផ្កាយ១ ក៏ប្តឹងទៅតុលាការខេត្តសៀមរាបពីបទគំរាមហែកកេរ្តិ៍ ហើយទីបំផុត តុលាការ ពិតជាបានដាក់ទោសស្ត្រីនោះពីបទគំរាមហែកកេរ្តិ៍ពិតមែន ដោយកំណត់ឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងត្រូវបង់ប្រាក់៤លានរៀលទៅលោកផ្កាយ១ថែមទៀត។

តុលាការខេត្តសៀមរាប
តុលាការខេត្តសៀមរាប

លោក សុក សំអឿន មេធាវីចាស់វស្សា ពន្យល់ថា ក្នុងករណីម្ចាស់បំណុល គំរាម ផ្សព្វផ្សាយជាសាធារណៈ ព្រោះតែកូនបំណូលមិនព្រមសងប្រាក់ ហើយកូនបំណុលក៏ប្តឹងទៅតុលាការពីបទគំរាមហែកកេរ្តិ៍ នោះម្ចាស់បំណុលអាចប្រឈមនឹងបញ្ហាជាមួយតុលាការ។ លោកបន្តថា ជាធម្មតា​ តុលាការតែងធ្វើការងារ ពេលទទួលពាក្យបណ្តឹង ដោយយ៉ាងហោចណាស់ក៏ហៅទៅសាកសួរដែរ ហើយក្នុងករណីស៊ើបអង្កេត តុលាការអាចឃុំខ្លួនបណ្តោះអាសន្ន។ លោកបន្ថែមថា បើកូនបំណុលមិនប្តឹងពីបទគំរាមហែកកេរ្តិ៍ ម្ចាស់បំណុលមិនមានបញ្ហាអ្វីឡើយ។ 

លោកមេធាវី សុក សំអឿន 
លោកមេធាវី សុក សំអឿន 

ក្នុងករណីកូនបំណុលមិនព្រមសង ម្ចាស់បំណុលអាចប្តឹងទៅតុលាការដូចគ្នា។ គួរចាំថា បើម្ចាស់បំណុលប្តឹង កូនបំណុលមិនអាចជាប់ពន្ធនាគារឡើយ តែបើកូនបំណុលប្តឹង ម្ចាស់បំណុលបែរជាអាចជាប់ពន្ធនាគារ។ ស្តាប់ទៅដូចជារៀងប្លែក ហើយហាក់ដូចជាមិនស្មើភាព តែច្បាប់កម្ពុជាសព្វថ្ងៃ គឺពិតជាចែងបែបនេះមែន។ ករណីលោកផ្កាយ១ប្តឹង ហើយស្ត្រីម្ចាស់បំណុលជាប់ឃុំ គឺជាឧទាហរណ៍ជាក់ស្តែង។ លោកមេធាវី សុក សំអឿន បកស្រាយថា បើម្ចាស់បំណុលប្តឹងពីបទមិនសងលុយ គឺត្រឹមជារឿងរដ្ឋប្បវេណីប៉ុណ្ណោះ ដូច្នេះ តុលាការ មិនដល់ថ្នាក់ចាប់កូនបំណុលដែលជំពាក់ប្រាក់ដាក់ពន្ធនាគារនោះទេ ផ្ទុយមកវិញ បើកូនបំណុលប្តឹងពីបទគំរាមហែកកេរ្តិ៍ គឺជារឿងព្រហ្មទណ្ឌ ដែលមានចែងអំពីការដាក់ពន្ធនាគារ។   

រូបតំណាង៖ ម្ចាស់បំណុលឆាតទារលុយអ្នកជំពាក់
រូបតំណាង៖ ម្ចាស់បំណុលឆាតទារលុយអ្នកជំពាក់

​ចុះបើទារប្រាក់ពីអ្នកជំពាក់មិនបាន តើម្ចាស់បំណុលត្រូវធ្វើដូចម្តេច? ចម្លើយរបស់លោក សុក សំអឿន នៅដដែល គឺម្ចាស់បំណុលអាចប្តឹងទៅតុលាការ ដោយមិនអាចធ្វើអ្វីដែលច្បាប់មិនអនុញ្ញាតឡើយ ដូចជា ទៅរឹបអូសទ្រព្យសម្បត្តិគេជាដើម។ ជាមួយគ្នានេះ លោកមេធាវីផ្តល់យោបល់ថា មុននឹងឱ្យប្រាក់គេខ្ចី គឺត្រូវពិនិត្យមើលឱ្យច្បាស់ជាមុនសិន៖ ទី១.ត្រូវប្រាកដថា កូនបំណុលមានលទ្ធភាពសងត្រឡប់វិញ និងទី២.ត្រូវមានទ្រព្យបញ្ចាំ។ 

ក្រមទាំង៤ក្បាល (រូបពីហ្វេសប៊ុក៖ Queen Law)
ក្រមទាំង៤ក្បាល (រូបពីហ្វេសប៊ុក៖ Queen Law)

ក្រមព្រហ្មទណ្ឌកម្ពុជា ចែងថា បទគំរាមកំហែងហែកកេរ្តិ៍ គឺជាអំពើប្រព្រឹត្តដោយគំរាមកំហែងបើកកកាយ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស [របស់បុគ្គលណាម្នាក់] ហើយបទចោទនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំដល់៥ឆ្នាំ និងត្រូវពិន័យប្រាក់ពី៤លានរៀលដល់១០លានរៀល។ លោកមេធាវី សុក សំអឿន ពន្យល់បន្ថែមថា ការគំរាមហែកកេរ្តិ៍ គឺគំរាមនរណាម្នាក់ថា បើធ្វើ ឬមិនធ្វើអ្វីមួយ នឹងត្រូវផ្សាយជាសាធារណៈអំពីរឿងអ្នកនោះ។ 

រូបតំណាងអំពីការឱ្យលុយគេខ្ចី 
រូបតំណាងអំពីការឱ្យលុយគេខ្ចី 

គួរដឹងថា ក្នុងសង្គមខ្មែរបច្ចុប្បន្ន មានច្រើនករណីណាស់ ដែលម្ចាស់បំណុល ប្រាប់ទៅកូនបំណុលថា នឹងផ្សាយ និងនិយាយចេញមកជាសាធារណៈ បើមិនព្រមសងប្រាក់។ មានម្ចាស់បំណុលខ្លះទៀត មិនមែនគ្រាន់តែគំរាមឡើយ គឺបានយករឿងកូនបំណុលមិនសងលុយ ទៅផ្សាយជាសាធារណៈតែម្ដង ដូចជា តាមបណ្តាញសង្គមហ្វេសប៊ុក ជាដើម។ ប៉ុន្តែ គេហាក់មិនទាន់ឃើញម្ចាស់បំណុលណាម្នាក់ ជាប់ឃុំឡើយ (ទំនងមិនមានពាក្យបណ្តឹងពីកូនបំណុល)

ស្រ្តីម្ចាស់បំណុល
ស្រ្តីម្ចាស់បំណុល

ករណីស្ត្រីជាប់ពន្ធនាគារនៅខេត្តសៀមរាប ក្រោមពាក្យបណ្តឹងរបស់លោកផ្កាយ១ អាចចាត់ទុកជាករណីកម្រឃើញមាន។ មហាជន ហាក់ពិបាកទទួលយក ពេលឃើញម្ចាស់បំណុលបែរជាត្រូវជាប់ឃុំយ៉ាងដូច្នេះ ហើយថែមទាំងបង់ប្រាក់មួយចំនួនទៅឱ្យកូនបំណុលថែមទៀត។ ក្រោយឃើញមហាជនហួសចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចក្ដីរបស់ខ្លួន តុលាការខេត្តសៀមរាប ក៏ចេញមកបំភ្លឺថា អំពើរបស់ស្ត្រីម្ចាស់បំណុល គឺមានធាតុផ្សំគ្រប់គ្រាន់ចូលក្នុងបទល្មើស[គំរាមហែកកេរ្តិ៍]៕   

លោកស្នងការរងខេត្តសៀមរាប (ពាក់ផ្កាយ១) ជាកូនបំណុល
លោកស្នងការរងខេត្តសៀមរាប (ពាក់ផ្កាយ១) ជាកូនបំណុល
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត