កម្ពុជា កំពុងរៀបចំច្បាប់ «កំណត់អាយុអ្នកទិញស្រា»
Mao Sopha
05 ធ្នូ 2024 04:42 PM

រាជធានីភ្នំពេញ៖ ក្នុងពេលខាងមុខ នៅកម្ពុជា មិនមែនមនុស្សគ្រប់រូប សុទ្ធតែអាចទិញគ្រឿងស្រវឹងបានតាមចិត្ត ដូចពេលបច្ចុប្បន្នឡើយ។ រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំគោលការណ៍ច្បាប់ ដើម្បីកំណត់ថា «អ្នកដែលអាចទិញគ្រឿងស្រវឹងបាន ត្រូវមានអាយុចាប់ពីប៉ុន្មានឆ្នាំឡើងទៅ» ហើយ «អ្នកមានអាយុប៉ុន្មាន ដែលមិនអាចទិញគ្រឿងស្រវឹងបាន»។ ការរៀបចំច្បាប់ថ្មីអំពីការកំណត់អាយុអ្នកទិញគ្រឿងស្រវឹងនេះ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លើកឡើងក្នុងកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ 

សម្តេច ហ៊ុន ម៉ាណែត ប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ 
សម្តេច ហ៊ុន ម៉ាណែត ប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ 

ខ្លឹមសារនៃជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី៥ ខែធ្នូនេះ។ ចំពោះអាយុប៉ុន្មាន អាចទិញគ្រឿងស្រវឹងបាន និងអាយុប៉ុន្មាន មិនអាចទិញបាន មិនមានឃើញបង្ហាញក្នុងខ្លឹមសារនេះទេ។ ខ្លឹមសារនេះ ត្រូវបានផ្សព្វផ្សាយដោយលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។  

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងក្នុងកិច្ចប្រជុំខាងលើថា បច្ចុប្បន្ន រាជរដ្ឋាភិបាល បានចេញគោលការណ៍ហាមមិនឱ្យប្រើអនីតិជនផ្សព្វផ្សាយគ្រឿងស្រវឹង និងហាមមិនឲ្យពិធីករ-ពិធីការិនីគាស់ស្រាបៀរ ផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយឡើយ។ សូមរម្លឹកថា ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ ប្រមុខរាជរដ្ឋាភិបាល ទើបនឹងប្រកាសឈប់ផ្តល់អាជ្ញាបណ្ណឱ្យបង្កើតក្រុមហ៊ុនផលិតស្រាបៀរសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកទៀតហើយ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនផលិតស្រាបៀរសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក មានចំនួន៧។ ប៉ុន្តែ បើស្នើសុំបង្កើតក្រុមហ៊ុនថ្មី ដែលផលិតស្រាបៀរ ដើម្បីលក់ចេញទៅក្រៅស្រុក នោះទើបរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាត៕   

សូមអានអត្ថបទទាក់ទង

ក្រៅពីឈប់ឱ្យបង្កើតក្រុមហ៊ុនស្រាបៀរថែម សង្គមស៊ីវិល ចង់ឱ្យរដ្ឋកំណត់អាយុអ្នកទិញ និងទទួលទានគ្រឿងស្រវឹង

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត