
រាជធានីភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រាប់ទៅរដ្ឋបាលរាជធានី-ខេត្ត ឱ្យពិនិត្យមើលប៉ាណូពាណិជ្ជកម្មស្រាបៀរ ដើម្បីកំណត់ឱ្យមានអប្បបរមា (ឬមានតិចតួចបំផុត) នៅតាមដងផ្លូវ និងតាមទីសាធារណៈ ហើយត្រូវជំនួសមកវិញដោយការដាក់ផ្ទាំងអំពីសមិទ្ធផល និងអត្តសញ្ញាណទេសចរណ៍ ឱ្យបានជាអតិបរមា (ឬឱ្យបានច្រើនបំផុត)។ បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។

ចំពោះការកាត់បន្ថយការផ្សាព្វផ្សាយគ្រឿងស្រវឹងនេះ រាជរដ្ឋាភិបាល បានចេញគោលការណ៍ហាមមិនឱ្យប្រើអនីតិជន (អាយុក្រោម១៨ឆ្នាំ) ផ្សព្វផ្សាយគ្រឿងស្រវឹងឡើយ ហើយក៏ហាមមិនឲ្យពិធីករ-ពិធីការិនីគាស់ស្រាបៀរ ដើម្បីផ្សព្វផ្សាយពីស្រាបៀរលើប្រព័ន្ធផ្សព្វផ្សាយដែរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ទើបនឹងសម្រេចឈប់ផ្តល់អាជ្ញាបណ្ណឱ្យបង្កើតក្រុមហ៊ុនផលិតស្រាបៀរសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកទៀតហើយ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនផលិតស្រាបៀរសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក មានចំនួន៧។ ប៉ុន្តែ បើស្នើសុំបង្កើតក្រុមហ៊ុនថ្មី ដែលផលិតស្រាបៀរ ដើម្បីលក់ចេញទៅក្រៅស្រុក នោះទើបរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាត។ បន្ថែមពីនេះ ក្នុងពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលក៏កំពុងរៀងចំគោលការណ៍ច្បាប់កំណត់អាយុអ្នកទិញគ្រឿងស្រវឹង។

ក្រៅពីរឿងគ្រឿងស្រវឹង សម្តេចនាយករដ្ឋមន្រ្តី ក៏លើកឡើងពីរឿងល្បែងស៊ីសង និងគ្រឿងញៀនផងដែរ។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីខាងលើ សម្តេចបានណែនាំអាជ្ញាធរឱ្យបន្តយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ ល្បែងផ្សងសំណាង និងការជួញដូរគ្រឿងញៀនគ្រប់ប្រភេទនៅតាមមូលដ្ឋាន។ ថ្មីៗនេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសារាចរណែនាំមួយ ដើម្បីឱ្យបញ្ឈប់ការផ្សព្វផ្សាយល្បែងស៊ីសង ហើយបន្ទាប់មក អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ប្រកាសយ៉ាងម៉ឺងម៉ាត់ថា គ្រប់បណ្តាញសង្គម និងអ្នកដែលផ្សព្វផ្សាយពីល្បែងស៊ីសង ត្រូវតែលុបចេញឱ្យអស់នៅត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បើមិនដូច្នេះទេ នឹងត្រូវប្រឈមនឹងច្បាប់ជាមិនខាន៕



