ដករង្វាន់ពីក្រវិលកំប៉ុង កំណត់អាយុអ្នកទិញ នឹងធ្វើឱ្យសង្គមខ្មែរថយចុះការទទួលទានគ្រឿងស្រវឹងមែនឬ?​​​​​​​
S
Soriya Sou
28 មេសា 2025 02:00 PM

រាជធានីភ្នំពេញ៖ ការដករង្វាន់ចេញពីក្រវិល ឬគម្របកំប៉ុងគ្រឿងស្រវឹង និងភេសជ្ជៈ មិនទាន់គ្រប់គ្រាន់ឡើយ។ ដើម្បីឱ្យការទទួលទានគ្រឿងស្រវឹង និងភេសជ្ជៈមានការថយចុះ កម្ពុជាត្រូវមានវិធានការមួយចំនួនទៀតដូចជា៖ បង្កើតច្បាប់គ្រប់គ្រងគ្រឿងស្រវឹង និងភេសជ្ជៈផ្អែម, កំណត់អាយុអ្នកទិញ, ការកំណត់តម្លៃជាដើម។ល។​​​...នេះបើតាមការបញ្ជាក់របស់អ្នកជំនាញកិច្ចការសង្គម។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទលែងឱ្យមានការដាក់រង្វាន់លើក្រវិលកំប៉ុង ឬគម្របស្រាបៀរ និងភេសជ្ជៈគ្រប់ប្រភេទទាំងអស់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំកិច្ចប្រជុំជាមួយម្ចាស់ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ដើម្បីបិទមិនឱ្យមានការផ្ដល់រង្វាន់តាមរយៈក្រវិលកំប៉ុង និងគម្របដបភេសជ្ជៈទាំងអស់ នាពេលវេលាសមស្របខាងមុខ។ នេះបើយោងលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២៤មេសា ឆ្នាំ២០២៥។ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញកិច្ចការសង្គម និងទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ប្រាប់ SBM News នៅព្រឹកថ្ងៃទី២៨មេសា ឆ្នាំ២០២៥នេះថា លោកពិតជាគាំទ្រយ៉ាងខ្លាំង លើការសម្រេចរបស់រាជរដ្ឋាភិបាល។ គាំទ្រ ក៏ដោយសារកន្លងមកលោកសង្កេតឃើញថា ការដាក់រង្វាន់លើក្រវិលកំប៉ុង ឬតាមរយៈកម្មវិធីផ្សេងៗ លើផលិតផលគ្រឿងស្រវឹង ឬភេសជ្ជៈប៉ូវកម្លាំង បានក្លាយជាកម្លាំងជំរុញដ៏ធំឱ្យមនុស្ស ជាពិសេសយុវជន និងកុមារសេពគ្រឿងស្រវឹង និងពិសាភេសជ្ជៈប៉ូវកម្លាំងកាន់តែច្រើនឡើង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា

ទោះបីយ៉ាងណា ការគិតគូរមិនឱ្យមានការផ្សព្វផ្សាយ និងការបញ្ឈប់មិនឱ្យដាក់រង្វាន់លើក្រវិលកំប៉ុង ឬគម្របដបគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំង មិនមែនជារឿងតែមួយគត់ដែលរាជរដ្ឋាភិបាលត្រូវតែធ្វើនោះទេ ប៉ុន្តែច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ឬភេសជ្ជៈប៉ះពាល់សុខភាព ក៏គួរតែត្រូវបានបង្កើតឡើងដែរ។ នេះបើតាម លោកបណ្ឌិត ឈត ប៊ុនថង បញ្ជាក់។ «ច្បាប់នោះទៀតសោត គួរមានចែងពាក់ព័ន្ធនឹងតម្លៃ, ការផ្សព្វផ្សាយ, ការកំណត់អាយុអ្នកទិញ, ការរឹតត្បិតទីកន្លែង និងពេលវេលាដែលអាចទិញបាន ឬហាមមិនឱ្យលក់ជាដើម»។ ក្រៅពីនោះ ការបង្កើនការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ក៏ជារឿងសំខាន់។ អ្នកតាមដានបញ្ហាសង្គមរូបនេះ ឱ្យដឹងបន្ថែមថា តាមពិតទៅ មនុស្សបានសេពគ្រឿងស្រវឹងតាំងពីមុនមានការដាក់រង្វាន់លើក្រវិលកំប៉ុង និងគម្របដបមកម្ល៉េះ។ ដូច្នេះ បើពឹងផ្អែកតែលើរាជរដ្ឋាភិបាលទាំងអស់ ក៏មិនបានដែរ ពោលគឺប្រជាពលរដ្ឋខ្លួនឯង ត្រូវតាមដានឱ្យបានជាប់ជាប្រចាំនូវការពន្យល់របស់អ្នកជំនាញសុខាភិបាល ដើម្បីបង្កើនចំណេះដឹង ស្វែងយល់ពីផលប៉ះពាល់ និងយកចិត្តទុកដាក់លើខ្លួនឯងឱ្យបានច្រើនបំផុត ព្រោះការអប់រំខ្លួនឯងជាកត្តាគន្លឹះ នាំឱ្យគេចផុតពីហានិភ័យសុខភាព។

លោកបណ្ឌិត ឈត ប៊ុនថង តាមដានកិច្ចការសង្គម និងទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា 
លោកបណ្ឌិត ឈត ប៊ុនថង តាមដានកិច្ចការសង្គម និងទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា 

គួរកត់សម្គាល់ថា ក្នុងកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីដើមខែធ្នូ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងរៀបចំគោលការណ៍ច្បាប់ ដើម្បីកំណត់ថា «អ្នកដែលអាចទិញគ្រឿងស្រវឹងបាន ត្រូវមានអាយុចាប់ពីប៉ុន្មានឆ្នាំឡើងទៅ» ហើយ «អ្នកមានអាយុប៉ុន្មាន ដែលមិនអាចទិញគ្រឿងស្រវឹងបាន»។ កាលពីពេលកន្លងទៅ រាជរដ្ឋាភិបាល ក៏បានចេញគោលការណ៍ហាមមិនឱ្យប្រើអនីតិជនផ្សព្វផ្សាយគ្រឿងស្រវឹងដែរ និងបានហាមមិនឱ្យពិធីករ-ពិធីការិនី គាស់ស្រាបៀរ និងផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយឡើយ។ កាលពីពេលថ្មីៗ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានកំណត់ក្រុមហ៊ុន-សហគ្រាស ដែលប្រើយុទ្ធសាស្ត្រជំរុញការលក់ក្រោមរូបភាពផ្តល់រង្វាន់ឱ្យអតិថិជនតាមរយៈក្រវិលកំប៉ុង និងគម្របដប ត្រូវបង់ពន្ធអាករបន្ថែម ដោយត្រូវជាប់ទាំងអាករពិសេស និងអាករសម្រាប់បំភ្លឺសាធារណៈ។

រូបតំណាង
រូបតំណាង

វិធានការជាបន្តនេះ គឺការបិទលែងឱ្យមានការដាក់រង្វាន់លើក្រវិលកំប៉ុង ឬគម្របដបគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមគ្រប់ប្រភេទតែម្ដង។ ទោះជាមិនទាន់បានប្រជុំពិភាក្សាលម្អិតរវាងរាជរដ្ឋាភិបាល និងភាគីក្រុមហ៊ុន ដើម្បីកំណត់ថា ការបិទនេះនឹងចាប់នឹងចាប់ផ្ដើមនៅពេលណាឱ្យប្រាកដ ប៉ុន្តែគេមើលឃើញវិធានការនេះ ទទួលបានការសាទរច្រើនពីសំណាក់អង្គការ សង្គមស៊ីវិល អ្នកធ្វើការពាក់ព័ន្ធនឹងបញ្ហាសុខភាព ជាពិសេសប្រជាពលរដ្ឋ។ ពួកគេបានបង្ហាញក្ដីត្រេកអរ ហើយខ្លះទៀត ថែមទាំងបាននិយាយថា នេះជាអ្វីដែលគេបានរង់ចាំជាយូរមកហើយ។ គួរឱ្យដឹងថា ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមនៅកម្ពុជា បច្ចុប្បន្ន ត្រូវបានគេមើលឃើញថា មានសកម្មភាពយ៉ាងផុសផុល។ ក្រុមហ៊ុនជាច្រើនបានប្រើយុទ្ធសាស្ត្រទីផ្សារទាក់ទាញប្រជាពលរដ្ឋ ដោយការដាក់រង្វាន់លើក្រវិលកំប៉ុង ឬគម្របដបគ្រឿងស្រវឹង និងភេសជ្ជៈផ្អែម ដូចជា៖ គាស់១កំប៉ុងត្រូវរង្វាន់១កំប៉ុង, ឈ្នះរង្វាន់ជាទឹកប្រាក់, ម៉ូតូ, រថយន្ត, ឬរង្វាន់ផ្សេងៗជាច្រើនទៀត ខណៈប្រជាពលរដ្ឋជាច្រើន ក៏ចេះតែនាំគ្នាទិញកដើម្បីតាមយករង្វាន់ ដោយមិនបានគិតគូពីផលប៉ះពាល់សុខភាពឡើយ។

រូបតំណាង
រូបតំណាង

ក្រៅពីសុខភាព ការទទួលទានគ្រឿងស្រវឹង លើសកម្រិតពេក ក៏ប៉ះពាល់ដល់បញ្ហាហិរញ្ញវត្ថុ, បង្កអំពើហិង្សាក្នុងគ្រួសារ, និងជាមូលហេតុមួយក្នុងចំណោមមូលហេតុច្រើនទៀត ដែលបានបង្កឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ភេសជ្ជៈផ្អែម ក៏ដូចគ្នា វាបានផ្ដល់ផលប៉ះពាល់ខ្លាំងដល់សុខភាពមនុស្ស ធ្វើឱ្យកើតជំងឺឆ្លងជាច្រើនប្រភេទ បើពិសាលើសកម្រិត ជាពិសេសកុមារ។ សម្ដេចធិបតី បានបញ្ជាក់កាលពីពេលថ្មីៗថា កុមារជាច្រើននៅមន្ទីរពេទ្យគន្ធបុប្ផា ភាគច្រើនមានជំងឺទឹកនោមផ្អែម។ កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួន និងបានហាមឃាត់ការលក់ភេសជ្ជៈផ្អែមនៅតាមសាលារៀន តែវិធានការនេះនៅមិនទាន់មានប្រសិទ្ធភាព១០០ភាគរយនៅឡើយ។ គេសង្ឃឹមថា ក្រោយដាក់ចេញវិធានការថ្មីនេះ ចំនួនមនុស្ស ពិសេសកុមារទទួលទានភេសជ្ជៈផ្អែមនឹងថយចុះ។ ប៉ុន្តែ ក្នុងនោះមាតាបិតា អាណាព្យាបាល ត្រូវមើលថែទាំកូនៗបន្ថែមកុំឱ្យទទួលទានភេសជ្ជៈផ្អែម ឬបើទទួលទានកុំឱ្យលើសកម្រិត និងត្រូវពន្យល់ណែនាំពួកគេឱ្យបានយល់ពីផលប៉ះពាល់បណ្ដាលមកពីភេសជ្ជៈផ្អែម៕

រូបតំណាង
រូបតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត