
រាជធានីភ្នំពេញ៖ ខណៈសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យបើកក្រុមហ៊ុនផលិតស្រាបៀរបន្ថែមទៀតនៅកម្ពុជា សង្គមស៊ីវិល ក៏ចង់ឱ្យរដ្ឋាភិបាលកំណត់អាយុអ្នកទិញ និងទទួលទានគ្រឿងស្រវឹង ដើម្បីកាត់បន្ថយការប្រើប្រាស់ ក៏ដូចជាបន្ថយឥទ្ធិពលគ្រឿងស្រវឹងកាន់តែមានភាពប្រសើរឡើង…។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចន្ទរឿន បានបង្ហាញការគាំទ្រទៅលើការសម្រេចរបស់សម្តេចធិតី ហ៊ុន ម៉ាណែត ក្នុងការមិនផ្តល់អាជ្ញាបណ្ណ ឬមិនអនុញ្ញាតឱ្យមានការបើកក្រុមហ៊ុនផលិតស្របៀរបន្ថែមទៀត ខណៈក្រុមហ៊ុនផលិតមានចំនួនច្រើន បើប្រៀបធៀបនឹងចំនួនប្រជាជនកម្ពុជាសរុប។ យ៉ាងណា លោក លោក ប៉ា ចន្ទរឿន យល់ថា ដើម្បីចូលរួមការបន្ថយការទទួលទាន និងបញ្ហាផ្សេងៗដែលបណ្តាមកពីការទទួលទានគ្រឿងស្រវឹង ក្រៅពីមិនអនុញ្ញាតឱ្យមានការបង្កើតក្រុមហ៊ុនផលិតស្របៀរបន្ថែម លោកក៏ចង់ឱ្យរាជរដ្ឋាភិបាលពន្លឿនដំណើរការនៃការអនុម័តច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង ដូចជាដាក់ចេញវិធានការទប់ស្កាត់មិនឱ្យមានការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលមានលក្ខណៈជំរុញ ឬផ្តល់រង្វាន់ផ្សេងៗ ជាដើម។

លោកបន្ថែមថា ការកណត់អាយុអ្នកទិញ និងទទួលទានគ្រឿងស្រវឹង ក៏ជាបញ្ហាមួយដែលរាជរដ្ឋាភិបាលគួរតែគិតគូរ និងដាក់ចេញវិធានការ ដើម្បីកាត់បន្ថយការទទួលទានគ្រឿងស្រវឹងឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងកិច្ចសម្ភាសជាមួយអង្គភាព SBM News កាលពីថ្ងៃទី២២ ខែវិច្ឆិកា អ្នកធ្វើកិច្ចការក្នុងសង្គមស៊ីវិលរូបនេះ បញ្ជាក់ថា៖«ដើម្បីកាត់បន្ថយនឹងទប់ស្កាត់ផលវិបាកនៃគ្រឿងស្រវឹងនៅក្នុងសង្គមជាពិសេសទៅដល់យុវជន និងពលរដ្ឋនៅក្នុងសង្គម គឺការកំណត់អាយុនៃការសេពគ្រឿងស្រវឹងគឺជារឿងចាំបាច់ណាស់ដែលប្រទេសជាច្រើនគេបានធ្វើហើយ ហើយដើម្បីធ្វើរឿងនេះបាន គឺទាល់តែយើងមានច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង ហេតុនេះការពន្លឿននីតិវិធីនៅក្នុងការបង្កើនការអនុម័តច្បាប់គឺជារឿងចាំបាច់សម្រាប់កម្ពុជា»។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ថ្លែងប្រាប់ SBM News កាលពីល្ងាច ថ្ងៃទី២២ ខែវិច្ឆិកា ថា ក្រសួងពាណិជ្ជកម្មផ្តល់សេវាចុះបញ្ជីដើម្បីឱ្យក្រុមហ៊ុនមួយអាចដំណើរការអាជីវកម្មដោយស្របច្បាប់ ប៉ុន្តែក្រោយទទួលបានការចុះបញ្ជី នីតិបុគ្គលនោះត្រូវស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្មពីស្ថាប័នពាក់ព័ន្ធតាមប្រភេទអាជីវកម្មដែលខ្លួនចង់ប្រកបមុខរបរនោះ។ ជុំវិញការបើករោងចក្រផលិតស្រាបៀរ លោករុញឱ្យទៅសួរក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍។
បច្ចុប្បន្ន ក្រុមហ៊ុនធំៗ ដែលផលិតស្រាបៀរលក់នៅកម្ពុជា មានចំនួន៧។ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសថា ឈប់ផ្តល់អាជ្ញាបណ្ណឱ្យបង្កើតក្រុមហ៊ុនផលិតគ្រឿងស្រវឹងនៅកម្ពុជាបន្ថែមទៀតហើយ ដោយនៅរក្សាត្រឹមតែ៧ក្រុមហ៊ុនប៉ុណ្ណោះ។ សម្តេចមានប្រសាសន៍ថា៖«ឥឡូវឡាយសិន (License) ស្រាបៀរខ្ញុំឈប់ឱ្យហើយ [សព្វថ្ងៃមាន]៧ហើយ។ បើធ្វើនាំចេញក្រៅប្រទេសខ្ញុំឱ្យ ប៉ុន្តែបើធ្វើក្នុងស្រុកខ្ញុំមិនឱ្យទៀតទេ។ ខ្ញុំបញ្ជាក់ឱ្យហើយក្រែងនរណាចង់ធ្វើ»។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងទៅក្រុមហ៊ុន-សហគ្រាស ដែលកំពុងពង្រីកទីផ្សារដោយប្រើយុទ្ធសាស្ត្រជំរុញការលក់ក្រោមរូបភាពផ្តល់ជារង្វាន់តាមរយៈក្រវិលកំប៉ុង និងគម្របដប ឬវិធីសាស្ដ្រមួយចំនួនទៀតផ្ដល់ជូនអតិថិជន គឺតម្រូវឱ្យបង់ពន្ធអាករបន្ថែម ដោយត្រូវជាប់ទាំងអាករពិសេស និងអាករសម្រាប់បំភ្លឺសាធារណៈ។ ការជំរុញឱ្យមានការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថាមានសន្ទុះខ្លាំងនាពេលបច្ចុប្បន្ន ដោយសារក្រុមហ៊ុនខ្លះ ប្រើប្រាស់យុទ្ធសាស្ត្រផ្តល់រង្វាន់ជាថវិកា យានយន្ត ឬសម្ភារផ្សេងៗ ទោះបីរាជរដ្ឋាភិបាលបានដាក់ចេញគោលការណ៍មួយចំនួនក្នុងការលុបបំបាត់ហើយក៏ដោយ៕



