អាជ្ញាធរល្មមឈប់រង់ចាំតែអនុសាសន៍៖ ឆ្នាំថ្មី អាចទេ គ្រឿងញៀនថយចុះ គ្រឿងស្រវឹងលែងផុសផុល ល្បែងស៊ីសងសល់តិច ក្មេងទំនើងលែងមាន
Mao Sopha
06 មករា 2025 10:00 AM

បទវិចារណកថា៖ មិនមែនតែគ្រឿងញៀន គ្រឿងស្រវឹង ល្បែងស៊ីសង និងក្មេងទំនើងនោះទេ សង្គមនីមួយៗ តែងមានបញ្ហាជាច្រើនលើសពីនេះ ហើយសង្គមខ្មែរក៏ដូចគ្នាដែរ។ ប៉ុន្តែ ចំពោះសង្គមខ្មែរសព្វថ្ងៃ បញ្ហាទាំង៤នេះ កំពុងលេចឡើងខ្លាំង និងកំពុងរុកកួនជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ដូច្នេះ បើអាជ្ញាធរ អាចបោសសម្អាតគ្រឿងញៀនឱ្យកាន់តែស្បើយ ទប់ស្កាត់គ្រឿងស្រវឹងកុំឱ្យផុសផុលខ្លាំង លុបបំបាត់ល្បែងស៊ីសងឱ្យសល់កាន់តែតិច និងបង្ក្រាបក្រុមក្មេងទំនើងលែងឱ្យមាន សង្គមខ្មែរនឹងកាន់តែមានភាពល្អប្រសើរ...

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត

តើអាជ្ញាធរអាចដោះស្រាយបញ្ហាទាំង៤នេះបានទេ? ផ្អែកលើសមត្ថភាពរបស់អាជ្ញាធរកម្ពុជា គឺច្បាស់ជាអាច ប៉ុន្តែទាមទារឱ្យអាជ្ញាធរទម្លាក់ចោលទម្លាប់មួយ នោះគឺ «រង់ចាំតែអនុសាសន៍»។ អាជ្ញាធរ ឬមន្រ្តីមួយចំនួន សកម្មខ្លាំងណាស់ ពេលថ្នាក់ដឹកនាំស្រែក តែក្រោយមកមួយរយៈ ក៏ប្រែជាអសកម្មទៅវិញ។ ក្រោយអាជ្ញាធរអសកម្ម បញ្ហាដែលបង្ក្រាបមុនៗ ក៏ចាប់ផ្តើមងើបមកវិញជាដដែលៗ។

គ្រឿងញៀនដែលអាជ្ញាធរចាប់បានកន្លងមក
គ្រឿងញៀនដែលអាជ្ញាធរចាប់បានកន្លងមក

បញ្ហាគ្រឿងញៀន៖ ថ្វីបើមានយន្តការច្រើន មានក្រុមការងារច្រើន និងមានស្ថាប័នច្រើន ប៉ុន្តែគ្រឿងញៀន ពុំបានថយចុះឡើយ គឺមានតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែង ក្នុងឆ្នាំ២០២៤ អាជ្ញាធរ ​បង្ក្រាបបានគ្រឿងញៀនដល់ទៅប្រមាណ១៤តោនឯណោះ ខណៈកាលពីឆ្នាំ២០២៣ គ្រឿងញៀនដែលអាជ្ញាធរបង្ក្រាបបាន មានត្រឹមតែជិត៣តោន។ ពួកឧក្រិដ្ឋជនបរទេសមួយចំនួន ហាក់មិនញញើតនឹងច្បាប់ ដូចជាមិនខ្លាចអាជ្ញាធរកម្ពុជានោះទេ។ នៅទីតាំងខ្លះអាជ្ញាធរធ្លាប់រកឃើញគ្រឿងញៀនរាប់តោនក៏មាន ដែលឧក្រិដ្ឋជនបរទេសលួចកែច្នៃ និងផលិត។ ករណីនេះ ទាមទារឱ្យអាជ្ញាធរត្រូវសកម្មរាល់ថ្ងៃក្នុងការបង្ក្រាប ទើបមានសង្ឃឹមថា គ្រឿងញៀនអាចស្បើយ។ តែបើអាជ្ញាធររង់ចាំមើលតែប្រមុខរាជរដ្ឋាភិបាល ឬថ្នាក់ដឹកនាំខាងលើចេញបញ្ជា ទើបសកម្មនឹងការងារនោះ គ្រឿងញៀនអាចស្បើយបានតែបន្តិច ហើយនឹងវិលមកវិញ។   

ផ្ទាំងប៉ាណូស្រាបៀរតាមដងផ្លូវ
ផ្ទាំងប៉ាណូស្រាបៀរតាមដងផ្លូវ

បញ្ហាគ្រឿងស្រវឹង៖ ការផ្សព្វផ្សាយអំពីគ្រឿងស្រវឹង ហាក់ផុលផុសយ៉ាងគគ្រឹកគគ្រេង ដែលជំរុញឱ្យកំណើននៃអ្នកការទទួលទានគ្រឿងស្រវឹងនៅកម្ពុជា ហក់ឡើងខ្ពស់។ ការផ្សព្វផ្សាយគ្រឿងស្រវឹង លេចឡើងតាមប្រព័ន្ធផ្សព្វផ្សាយផង និងតាមផ្ទាំងប៉ាណូធំៗផង ត្រូវបានលើកតាំងតាមទីសាធារណៈ។ លើសពីនេះ ក្រុមហ៊ុនស្រាបៀរខ្លះ ប្រើវិធីដាក់រង្វាន់នឹងក្រវិលកំប៉ុងថែមទៀត។ របាយការណ៍របស់គេហទំព័រ Reporting Asean នៅឆ្នាំ២០២៤ បង្ហាញថា ក្នុងតំបន់អាស៊ាន កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ដែលមានប្រជាជនទទួលទានគ្រឿងស្រវឹងច្រើន។ នៅចុងឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាល បានសម្រេចឈប់ផ្តល់អាជ្ញាបណ្ណឱ្យបង្កើតក្រុមហ៊ុនផលិតស្រាបៀរសម្រាប់លក់ក្នុងស្រុក ដោយរក្សាទុកឱ្យនៅមានត្រឹម៧ក្រុមហ៊ុនប៉ុណ្ណោះ។ ប៉ុណ្ណឹងនៅមិនគ្រប់គ្រាន់ទេ! ក្រសួង‑ស្ថាប័នពាក់ព័ន្ធ គួរចេញវិធានការបន្ថែម ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយគ្រឿងស្រវឹងពាសពេញប្រព័ន្ធផ្សព្វផ្សាយ ហើយអាជ្ញាធរតាមរាជធានី-ខេត្ត គួរទម្លាក់ផ្ទាំងប៉ាណូពាណិជ្ជកម្មអំពីគ្រឿងស្រវឹងតាមដងផ្លូវ ឬតាមទីសាធារណៈ (ទម្លាក់កាន់តែច្រើន កាន់តែល្អ)។

ទូល្បែងអនឡាញក្នុងកាស៊ីណូមួយកន្លែង
ទូល្បែងអនឡាញក្នុងកាស៊ីណូមួយកន្លែង

បញ្ហាល្បែងស៊ីសង៖ ជិតផុតឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី ស សុខា ចេញសារាចរឱ្យបញ្ជប់ការផ្សព្វផ្សាយពីល្បែងអនឡាញ ហើយកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ ក៏បានចាត់វិធានការក្ដៅក្នុងការបង្ក្រាបអ្នកដែលផ្សព្វផ្សាយពីល្បែងស៊ីសងអនឡាញនេះ។ ជាលទ្ធផល ការផ្សព្វផ្សាយល្បែងអនឡាញ ពិតជាថយចុះមួយរំពេច ហើយមានមនុស្សមួយចំនួនត្រូវចាប់ខ្លួនទៀតផង ដោយសារផ្សព្វផ្សាយល្បែងស៊ីសងអនឡាញគឃ្លើននឹងបទបញ្ជា។ ប៉ុន្តែ​ បារម្ភខ្លាចបានតែមួយភ្លែត អាជ្ញាធរក៏ព្រងើយកន្តើយ ហើយល្បែងស៊ីសង ក៏ងើបមកវិញ ដូចដែលធ្លាប់កើតមានឡើងកន្លងមក។

ក្មេងទំនើងបង្ហោះម៉ូតូ ហើយត្រូវអាជ្ញាធរឃាត់ខ្លួន
ក្មេងទំនើងបង្ហោះម៉ូតូ ហើយត្រូវអាជ្ញាធរឃាត់ខ្លួន

បញ្ហាក្មេងទំនើង៖ ក្រោយប្រមុខរាជរដ្ឋាភិបាល ចេញបញ្ជាផ្ទាល់ឱ្យបង្ក្រាបក្មេងទំនើង អាជ្ញាធររាជធានី‑ខេត្ត ក៏ញាប់ដៃញាប់ជើងចុះទៅបង្ក្រាប។ ពុំចាំបាច់ទាល់តែធ្វើសកម្មភាពជាក់ស្តែងនោះទេ ត្រឹមបង្ហាញភាពទំនើងតាមបណ្តាញសង្គម ក៏ពួកគេមិនរួចខ្លួនពីសមត្ថកិច្ចដែរ។ តាមពិត បញ្ហាក្មេងទំនើងនេះ កើតមានយូរមកហើយ ប៉ុន្តែអាជ្ញាធរថ្នាក់ក្រោម ហាក់ធ្វើអ្វីមិនចេញ រហូតទាល់តែថ្នាក់លើដាក់បញ្ជា ទើបបញ្ចេញសកម្មភាពខ្លាំងក្លា។ ប្រជាពលរដ្ឋ សង្ឃឹមទុកមុនថា កម្លាំងសមត្ថកិច្ច និងអាជ្ញាធរតាមរាជធានី-ខេត្ត នឹងដោះស្រាយបញ្ហាទាំង៤នេះ និងបញ្ហាផ្សេងទៀត ជាប់ជាប្រចាំដូចភ្លៀងរំលឹម ពុំមែនបានតែមួយប្រាវ នៅពេលថ្នាក់លើបញ្ជា រួចហើយក៏បាត់សកម្មភាពទៅវិញ ពេលថ្នាក់លើឈប់មាត់កនោះទេ។ មន្រ្តីគួរតែសកម្មនឹងការងារដោយខ្លួនឯង ទៅតាមគោលការណ៍ និងភារកិច្ចដែលបានកំណត់ ហើយចៀសវាងទម្លាប់ដែលរង់ចាំតែអនុសាសាន៍ ទើបចាប់ផ្តើមធ្វើការ។ បើរង់ចាំតែអនុសាសន៍ រាជរដ្ឋាភិបាល នឹងហត់មាត់រហូត ហើយបញ្ហានឹងកើតឡើងមិនចេះឈប់ឡើយ៕    

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត