សូមប្រុងប្រយ័ត្ន..! ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងទន្លេបាសាក់-កោះខែល នឹងឡើងដល់កម្ពស់ប្រុងប្រយ័ត្ន
អុន សម្ផស្ស
24 កញ្ញា 2024 02:04 AM

រាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃអង្គារនេះ កម្ពស់ទឹក ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ កម្ពុជា  នៅតែបន្តហក់ឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ខណៈទន្លេមេគង្គមួយចំនួនទឹកបានហក់ឡើងកៀកកម្រិតប្រុងប្រយ័ត្នហើយ ដ្បិតអាជ្ញាធរកម្ពុជា នៅតែបន្តអំពាវនាវដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់…។

បើតាម ក្រសួងធនធានទឹក និងឧតុនិយម ព្យាករនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បង្ហាញថា«ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងទន្លេបាសាក់-កោះខែល អាចនឹងឡើងដល់កម្ពស់ប្រុងប្រយ័ត្ន អាស្រ័យហេតុនេះ សូមក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ និងទន្លេបាសាក់ ជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ»

ក្រសួងថា ជាក់ស្តែង ទន្លេមេគង្គ ស្ទឹងត្រែង ទឹកមានកម្ពស់ ១០,៤៤កើនឡើង ០,៤៤ម៉ែត្រ បើធៀបថ្ងៃម្សិលមិញ ខណៈកម្រិតទឹកប្រកាសប្រុងប្រយ័ត្នកម្ពស់ ១០, ៧០ម៉ែត្រទន្លេមេគង្គ ក្រចេះ ទឹកមានកម្ពស់ ២១,៦៥ម៉ែត្រ បន្តកើនឡើង ០,២២ម៉ែត្រ  កៀកកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ២២,០០ម៉ែត្រ។ ទន្លេមេគង្គ កំពង់ចាម ទឹកមានកម្ពស់ ១៣,៩០ម៉ែត្រ កើនឡើងរហូតដល់ ០,១៤ម៉ែត្រ លើកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ ទន្លេបាសាក់ ចតុមុខ ទឹកមានកម្ពស់ ៨,៨៤ម៉ែត្រ កើនឡើង ០,១៣ម៉ែត្រ បើធៀបថ្ងៃម្សិលមិញ លើម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ១០,៥០ម៉ែត្រ

រីឯទន្លេមេគង្គ អ្នកលឿង ទឹកមានកម្ពស់ ៦,៣០ម៉ែត្រ កើនឡើង ០,១០ម៉ែត្រ កម្រិតទឹកប្រកាសឱ្យប្រុងប្រយ័ត្នកម្ពស់ ៧,៥០ម៉ែត្រទន្លេបាសាក់ កោះខែល ទឹកមានកម្ពស់ ៧,៥២ម៉ែត្រ កើនឡើង ០,០៥ម៉ែត្រ កម្រិតទឹកប្រកាសឱ្យប្រុងប្រយ័ត្នកម្ពស់ ៧,៩០ម៉ែត្រ។ ទន្លេសាប ព្រែកត្តាម ទឹកមានកម្ពស់ ៧,៥២ម៉ែត្រ កើនឡើង ០,១១ម៉ែត្រ ខណៈកម្រិតទឹកប្រកាសឱ្យប្រុងប្រយ័ត្នកម្ពស់ ៩,៥០ ម៉ែត្រ។ ចំពោះបឹងទន្លេសាប កំពង់ហ្លួង ទឹកមានកម្ពស់ ៦,៨ម៉ែត្រ កើនឡើង ០,០៩ម៉ែត្រ

ពាក់ព័ន្ធជាមួយស្ថានភាពទឹកកើនឡើងនេះ ក្រសួងជំនាញអះអាងថា ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានជាមម៉ែន ឈូងសមុទ្រថៃ សមុទ្រចិនខាងត្បូង នៅបន្តមានឥទ្ធិពល ខណៈសម្ពាធទាបនៅបន្តគ្របដណ្ដប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦កញ្ញា តំបន់វាលទំនាប តំបន់ខ្ពង់រាបតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី១៥ទៅ៥៥ភាគរយ ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត