ព្យុះទី១៨មិនទាន់អស់ឥទ្ធិពលផង! ពេលនេះថែមព្យុះ២ទៀត រួមគ្នាបង្កឱ្យកម្ពុជាមានភ្លៀងធ្លាក់យ៉ាងកំហុគ
S
Sreyleak Yith
23 សីហា 2026 09:03 AM

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក ព្យាករឃើញថា សម្ពាធទាបដែលកើតនៅលើសមុទ្ទចិនខាងត្បូង បានវិវត្តទៅជាព្យុះទី១៩ ឈ្មោះ ណារ៉ា និងព្យុះទី២០ ឈ្មោះ ហ្គាណារី បានសហការគ្នាជាមួយព្យុះទី១៨ ឈ្មោះ សូដេល មានឥទ្ធិពលមកលើរបបខ្យល់មូសុងនិរតី ដោយបានបោកបក់លើអាងទន្លេមេគង្គ សមុទ្ទកម្ពុជា ឈូងសមុទ្ទបេងហ្គាល និងសមុទ្ទអាន់ដាម៉ាន់។ ស្ថានភាពបែបនេះ ធ្វើឲ្យប្រទេសកម្ពុជាបន្តមានភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេស។

រូបតំណាង
រូបតំណាង

ក្រសួងគូសបញ្ជាក់ថា បើទោះបីកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងបីនេះ តែវាបានបង្កឱ្យចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៩សីហា នៅតំបន់មាត់សមុទ្ទ មានដូចជាខេត្តកោះកុង ក្រុងព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដី៦០ភាគរយរលកសមុទ្ទបោកបក់ខ្លាំង មានកម្ពស់មធ្យមអប្បបរមា កន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៧៥ម៉ែត្រ។ចំពោះតំបន់វាលទំនាប មានរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ និងខេត្តស្វាយរៀង អាចមានភ្លៀងធ្លាក់លាយទ្បំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៣០ភាគរយ។

ចំណែក តំបន់ខ្ពង់រាប មានដូចជាខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៥០ភាគរយ។ដូចនេះក្រសួងអំពាវនាវដល់ពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុធម្មជាតិនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត